ពាក្យសម្តីរបស់មនុស្សមានប្រាជ្ញា
កាលពីពេលថ្មីៗនេះ ស្វាមីរបស់ក្មួយស្រីខ្ញុំ បានសរសេរពាក្យមួយឃ្លា បង្ហោះនៅតាមបណ្តាញសង្គមថា “ខ្ញុំប្រហែលជាសរសេរច្រើនជាងនេះទៀត បើសិនជាសម្លេងដ៏តូចមួយនេះ មិនបានជំរុញមិនឲ្យខ្ញុំនិយាយច្រើនទេនោះ។ តាមពិតសម្លេងដ៏តូចនោះ ជាសម្លេងរបស់ហាយឌី(Heidi)ប្រពន្ធខ្ញុំទេ”។ ការផ្តល់ប្រឹក្សា ឬយោបលរបស់មិត្តសំឡាញ់ អាចជាប្រាជ្ញាដែលមកពីព្រះ។ បទគម្ពីរសាស្តា ជំពូក៩ បានចែងថា “ការដែលស្តាប់ពាក្យរបស់មនុស្សមានប្រាជ្ញានៅក្នុងទីស្ងាត់ នោះវិសេសជាងសំរែករបស់អ្នកណាដែល គ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ”(ខ.១៧)។ ព្រះគម្ពីរបានដាស់តឿនយើង កុំឲ្យគិតថាខ្លួនមានប្រាជ្ញា ឬមានអំណួត(សុភាសិត ៣:៧ អេសាយ ៥:២១ រ៉ូម ១២:១៦)។ អាចនិយាយបានម្យ៉ាងទៀតថា យើងមិនត្រូវគិតថា យើងអាចឆ្លើយតបចំពោះសំណួរ ឬបញ្ហាគ្រប់យ៉ាងឡើយ។ បទគម្ពីរសុភាសិត ១៩:២០ បានចែងថា “ចូរស្តាប់សេចក្តីដំបូន្មាន ហើយទទួលសេចក្តីប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ”។ ព្រះទ្រង់អាចប្រើអ្នកដទៃ ឲ្យបង្រៀនយើង អំពីប្រាជ្ញារបស់ទ្រង់ឲ្យកាន់តែច្រើន។ បានសេចក្តីថា ទ្រង់អាចប្រើមិត្តសំឡាញ់ ប្តីប្រពន្ធ គ្រូគង្វាល មិត្តរួមការងាររបស់យើងជាដើម។ គឺដូចដែលបទគម្ពីរសុភាសិតបានចែងថា “មានប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់មនុស្សដែលមានយោបល់”(១៤:៣៣)។ ជួនកាលយើងអាចទទួលប្រាជ្ញាពីព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការស្តាប់ និងរៀនសូត្រពីគ្នាទៅវិញទៅមក។-Cindy Hess Kasper
Read article