កិច្ចការដែលធ្វើដដែលៗ
សាលាវិទ្យាល័យ ដែលខ្ញុំបានទៅរៀនកាលពីមុន តម្រូវឲ្យសិស្សសិក្សាភាសាឡាតាំង៤ឆ្នាំ។ សព្វថ្ងៃនេះ ខ្ញុំបានយល់ពីតម្លៃនៃការរៀនភាសាមួយនេះ តែកាលពីមុន វាជាការសិក្សាដ៏គួរឲ្យធុញទ្រាន់។ កាលនោះ គ្រូរបស់ខ្ញុំជឿថា ការអនុវត្តន៍ និងការទន្ទេញច្រើនលើកច្រើនសារ មានប្រយោជន៍ណាស់។ បានជាគាត់តែងតែនិយាយឮៗ មកកាន់យើង ជាភាសាឡាតាំង មួយថ្ងៃបីដងថា “ការទន្ទេញ ជាមាតានៃការរៀនសូត្រ”។ យើងក៏បាននិយាយតែក្នុងចិត្តថា “ការទន្ទេញគឺជារឿងដែលគួរឲ្យធុញទ្រាន់”។ ការទន្ទេញជាការថាដដែលៗញយៗ ឲ្យចាំមាត់ ជាសកម្មភាពច្រំដែល ដែលអាចធ្វើឲ្យយើងមានការនឿយណាយ។ តែសព្វថ្ងៃនេះ ខ្ញុំដឹងថា ភាគច្រើននៃជីវិតយើង គឺគ្រាន់តែជាការធ្វើច្រំដែល នូវការអ្វីដែលគួរឲ្យធុញទ្រាន់ គ្មានការបណ្តាលចិត្ត និងគ្មានភាពក្លៀវក្លា ដែលយើងត្រូវធ្វើម្តងហើយម្តងទៀត។ ទស្សនវិទូដាណឺម៉ាក ឈ្មោះ សូរេន ខឺខេហ្កាត(Søren Kierkegaard) បានមានប្រសាសន៍ថា “ការធ្វើច្រំដែល ជាអ្វីដែលយើងធ្វើជាធម្មតា ហើយមានការចាំបាច់ ដូចជាការញាំនំប៉័ងដែរ”។ តែគាត់ក៏បាននិយាយបន្ថែមទៀតថា “ការធ្វើច្រំដែលអាចជានំប៉័ងដែលធ្វើឲ្យយើងឆ្អែត ដោយព្រះពរ”។ បើសិនជាយើងធ្វើកិច្ចការដដែលៗ ថ្វាយព្រះអស់រយៈពេលជាច្រើនឆ្នាំ នោះចូរយើងបន្តធ្វើកិច្ចការនីមួយៗ កុំឲ្យណាយចិត្ត ទោះកិច្ចការទាំងនោះ មានភាពសាមញ្ញ តូចទៀប ឬហាក់ដូចជាមិនសូវមានតម្លៃក៏ដោយ ហើយត្រូវទូលសូមឲ្យព្រះទ្រង់ប្រទានពរដល់កិច្ចការទាំងនោះ និងសូមឲ្យទ្រង់ជួយឲ្យយើងធ្វើត្រូវតាមគោលបំណងទ្រង់។…
Read article