មានសុវត្ថិភាពក្នុងព្រះហស្តទ្រង់
មានពេលមួយ ខ្ញុំបានអង្គុយនៅក្បែរគ្រែគេងរបស់កូនស្រីខ្ញុំ ក្នុងបន្ទប់សម្រាកព្យាបាល បន្ទាប់ពីនាងបានទទួលការវៈកាត់ហើយ។ ពេលភ្នែករបស់នាងបើព្រឹមៗ នាងមានអារម្មណ៍មិនស្រួលខ្លួន ហើយក៏បានចាប់ផ្តើមយំ។ ខ្ញុំក៏បានព្យាយាមកម្សាន្តចិត្តនាង ដោយអង្អែលដៃនាងថ្មមៗ តែនាងមានការពិបាកចិត្តកាន់តែខ្លាំង។ គិលានុបដ្ឋាយិកាក៏បានជួយលើកនាងឡើង ដាក់នៅលើភ្លៅខ្ញុំ។ ខ្ញុំក៏បានជូតទឹកភ្នែកចេញពីថ្ពាល់នាង ហើយរំឭកនាងថា នាងនឹងមានអារម្មណ៍ល្អឡើងវិញមិនខានទេ។ ព្រះទ្រង់បានមានបន្ទូលមកកាន់រាស្រ្តអ៊ីស្រាអែល តាមរយៈហោរាអេសាយថា “អញនឹងកំសាន្តចិត្តឯង ដូចជាម្តាយដែលលួងលោមកូន”(អេសាយ ៦៦:១៣)។ ព្រះទ្រង់បានសន្យាប្រទានកូនទ្រង់ នូវសន្តិភាព ហើយពរពួកគេ ដូចម្តាយពរកូននៅចំហៀង។ ព្រះរាជសារដ៏ស្រទន់នេះ គឺសម្រាប់អ្នកដែលកោតខ្លាចព្រះ អ្នកដែល “ដែលញ័រញាក់ ចំពោះព្រះបន្ទូលនៃព្រះយេហូវ៉ា”(ខ.៥)។ យ៉ាងណាមិញ នៅក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរ ផ្ញើទៅកាន់ពួកជំនុំនៅក្រុងកូរិនថូស គាត់បាននិយាយអំពីការដែលព្រះទ្រង់មានលទ្ធភាព និងសព្វព្រះទ័យនឹងកម្សាន្តចិត្តរាស្រ្តទ្រង់។ គឺដូចដែលគាត់បានមានប្រសាសន៍ថា ព្រះអម្ចាស់ “កម្សាន្តចិត្តយើង ក្នុងអស់ទាំងសេចក្តីទុក្ខរបស់យើង”(២កូរិនថូស ១:៣-៤)។ ព្រះទ្រង់មានព្រះទ័យសុភាព ហើយអាណិតយើង ពេលយើងមានបញ្ហា។ ថ្ងៃមួយ ទុក្ខវេទនាទាំងអស់នឹងបញ្ចប់។ ទឹកភ្នែកយើងនឹងលែងស្រក់ទៀត ហើយយើងនឹងមានភាពសុខសាន្តក្នុងព្រះហស្តព្រះជារៀងរហូត(វិវរណៈ ២១:៤)។ មុននឹងថ្ងៃនោះមកដល់ យើងអាចពឹងផ្អែកលើសេចក្តីស្រឡាញ់របស់ព្រះ ដែលជួយទ្រទ្រង់យើង ពេលយើងជួបទុក្ខលំបាក។-Jennifer Benson Schuldt
Read article