
ការជួយរំលែកទុក្ខលំបាក
ដោយBill Crowder
November 16, 2017
ថ្ងៃទី២៥ មេសា ឆ្នាំ២០១៥ ជាថ្ងៃគំរប់ខួប១០០ឆ្នាំ នៃទិវាអានហ្សាក។ ប្រទេសអូស្រ្តាលី និងប្រទេសញូហ្សៀឡិនបានប្រារព្ធធ្វើទិវាមួយនេះ ជារៀងរាល់ឆ្នាំ ជាការគោរពដល់កងពលនៃប្រទេសអូស្រ្តាលី និងញូហ្សៀឡិនដែលហៅកាត់ថា អានហ្សាក(ANZAC) ដែលបានប្រយុទ្ធក្នុងសម័យសង្រ្គាមលោកលើកទី១។ ទិវានេះជាការរំឭកអំពីពេលមួយ ដែលប្រទេសទាំងពីរមិនបានប្រឈមមុខដាក់គ្រោះថ្នាក់ ក្នុងសង្រ្គាមតែម្នាក់ឯងឡើយ ពោលគឺកងទ័ពមកពីប្រទេសទាំងពីរ បានប្រកៀកស្មាគ្នានៅក្នុងការប្រយុទ្ធនឹងសត្រូវរួម ក្នុងសង្រ្គាមលោកលើកទី១។ ការជួយរំលែកទុក្ខលំបាកក្នុងជីវិត ឲ្យគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះ នៃរបៀបនៃការរស់នៅរបស់អ្នកដើរតាមព្រះគ្រីស្ទ ដែលស្របតាមការត្រាសហៅរបស់ទ្រង់។ គឺដូចដែលសាវ័កប៉ុលបានលើកទឹកចិត្តយើងថា “ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទ”(កាឡាទី ៦:២)។ យើងអាចជួយពង្រឹងជំនឿ និងទ្រទ្រង់គ្នាទៅវិញទៅមក ពេលមានទុក្ខលំបាក ដោយធ្វើការរួមគ្នា ដើម្បីជម្នះបញ្ហាក្នុងជីវិត។ កាលណាយើងបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដល់គ្នាទៅវិញទៅមក នោះការពិបាកក្នុងជីវិត នឹងនាំយើងឲ្យចូលទៅជិតព្រះ និងទៅជិតគ្នា បានសេចក្តីថា យើងមិននៅតែឯង ពេលមានទុក្ខលំបាកឡើយ។ កាលណាយើងជួយរំលែកទុក្ខលំបាក ឲ្យគ្នាទៅវិញទៅមក នោះមានន័យថា យើងកំពុងតែយកតម្រាប់តាមសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ គឺដូចដែលបទគម្ពីរអេសាយបានចែងថា “ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត”(អេសាយ ៥៣:៤)។ ទោះយើងមានទុក្ខលំបាកយ៉ាងណាក៏ដោយ ក៏ទ្រង់មិនឲ្យយើងប្រឈមុខដាក់បញ្ហា តែម្នាក់ឯងឡើយ។-Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទ។-ខ.២