ត្បូងដែលទ្រង់បានច្នៃ

នៅដើម​សតវត្សរ៍​ទី​២០ ប្រជា​ពល​រដ្ឋ ក្រុង​ហ្វ៊ត ប្រាក រដ្ឋ​កាលីហ្វូញ៉ា មាន​ទម្លាប់​ចោល​សំរាម ដោយ​គ្រវែង​ពី​លើ​ជ្រលង​ភ្នំ ចូល​ទៅ​ក្នុង​ឆ្នេរ​សមុទ្រ​ដែល​នៅ​ក្បែរ​នោះ។ គេ​សង្កេត​ឃើញ​មាន​កំប៉ុង ដប គ្រឿង​សម្រាប់​បរិភោគ និង​កាក​សំណល់​ក្នុង​ផ្ទះ គរ​ពី​លើ​គ្នា​ជា​គំនរ​ធំ​ៗ គួរ​ឲ្យ​ខ្ពើម​រអើម។ សូម្បី​តែ​នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​ឈប់​ចោល​សំរាម​នៅ​លើ​ឆ្នេរ​នោះ​ហើយ​ក៏ដោយ ក៏​គំនរ​សំរាម​ទាំង​នោះ​ នៅ​តែ​ជា​ក្តី​អាម៉ាស​សម្រាប់​ពួក​គេ គឺ​ហាក់​ដូច​ជា​មិន​អាច​កែ​ខៃ​បាន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក រលក​សមុទ្រ​ក៏​បាន​ធ្វើ​ឲ្យ​បែក​សំបក​ដប​ កែវ និង​កញ្ចក់ និង​គ្រឿង​ក្អម​ឆ្នាំ​ង​ធ្វើ​ពី​ដី​ឥដ្ឋ ហើយ​ក៏​បាន​បក់​បោក​សំរាម​ទាំង​នេះ​ចូល​ទៅ​ក្នុង​សមុទ្រ។ ទឹក​រលក​ដែល​បក់​បោក​ឥត​ឈប់​ឈរ ​បាន​ប្រមៀល និង​ត្រឡប់​អំបែង​កញ្ចក់​ និង​កែវ​ទាំង​នោះ​ចុះ​ឡើង​ៗ ​នៅ​លើ​ដី​ខ្សាច់​បាត​សមុទ្រ គឺ​មិន​ខុស​ពី​ការ​សំលៀង និង​ដុះ​ខាត់​ផ្ទៃ​អំបែង​កញ្ចក់ និង​កែវ​ទាំង​នោះ​ឲ្យ​មាន​រាង្គ​មូល និង​រលោង​​ស្អាត ​បង្កើត​ជា “កែវ​សមុទ្រ” ដែល​មាន​សម្រស់​ដូច​គ្រាប់​ត្បូង ដែល​ក្រោយ​មក ទឹក​រលក​ក៏​បាន​បក់​នាំ​ពួក​វា​ទៅ​លើ​ឆ្នេរ​វិញ។ ទឹក​រលក​បាន​កែ​ប្រែ​អំបែង​កញ្ចក់ និង​កែវ​ទាំង​នោះ ឲ្យ​មាន​រូប​រាង្គ និង​ពណ៌​ផ្សេង​ៗ ចម្រុះ​គ្នា​យ៉ាង​ស្រស់​ស្អាត ដែល​សព្វ​ថ្ងៃ​នេះ ភ្ញៀវ​ទេសចរណ៍​ទាំង​ឡាយ កំពុង​មក​ទស្សនា​នៅ​លើ​ឆ្នេរ​អំបែង​កញ្ចក់​នេះ ​ដោយ​ការ​ភ្ញាក់​ផ្អើល។

ពេល​ខ្លះ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា ជីវិត​របស់​អ្នក​មាន​ភាព​រញេរ​ញ៉ៃ ដូច​គំនរ​សំរាម ហាក់​ដូច​ជា​គ្មាន​ប្រយោជន៍ និង​ក្តី​សង្ឃឹម​អ្វី​សោះ។ បើ​អ្នក​កំពុង​មាន​អារម្មណ៍​យ៉ាង​ដូច​នេះ​មែន ​នោះ​សូម​ចាំ​ថា មាន​ព្រះ​មួយ​អង្គ​ដែល​ស្រឡាញ់​អ្នក ហើយ​កំពុង​តែ​រង់​ចំា​ប្រោស​លោះ ​ស្រោច​ស្រង់ ​និង​ទទួល​យក​អ្នក​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់។ ចូរ​ថ្វាយ​ចិត្ត​របស់​អ្នក​ដល់​ព្រះ​យេស៊ូវ ហើយ​សូម​ឲ្យ​ទ្រង់​សម្អាត​អ្នក​ឲ្យ​ស្អាត​បរិសុទ្ធ។

ទ្រង់​អាច​ត្រឡប់​អ្នក​ចុះ​ឡើង ហើយ​ប្រើ​ការ​លំបាក ដើម្បី​ដុះ​ខាត់​អំបែង​របស់​អ្នក​ឲ្យ​រលោង​ស្អាត ដោយ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ។ តែ​ទ្រង់​នឹង​មិន​បោះ​បង់​អ្នក​ចោល​ឡើយ។ ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក ក្លាយ​ជា​គ្រឿង​អលង្កា​របស់​ទ្រង់!-Dave Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles