ពេលដែលមិនត្រូវអរសប្បាយ
ក្នុងប្រពៃណីយរបស់ជនជាតិអ័ខាន(Akan) នៅប្រទេសហ្កាណា មានសុភាសិតមួយពោលថា “សត្វបង្កួយខឹងនឹងក្មេងប្រុស ដែលបានចោលថ្មដាក់វា តែវាខឹងកាន់តែខ្លាំង ចំពោះក្មេងប្រុសម្នាក់ទៀតដែលឈរឱបដៃមើល ហើយអរសប្បាយនឹងសេចក្តីទុក្ខរបស់វា!” ការអរសប្បាយនឹងការដួលចុះរបស់អ្នកដទៃ គឺមិនខុសពីការចូលរួម ជាមួយអ្នកដែលធ្វើឲ្យគាត់ដួលចុះនោះឡើយ ឬថែមទាំងមិនខុសពីការប្រាថ្នាចង់ឲ្យគាត់ជួបការអាក្រក់កាន់តែច្រើន។ នោះជាអាកប្បកិរិយ៉ារបស់ពួកសាសន៍អាំម៉ូន ដែលបានសើចចម្អកយ៉ាងសប្បាយរីករាយ ពេលដែលព្រះវិហារ នៅក្រុងយេរូសាឡិម “ត្រូវបង្អាប់ ហើយទាស់នឹងស្រុកអ៊ីស្រាអែលក្នុងកាល ដែលត្រូវចោលស្ងាត់ ព្រមទាំងទាស់នឹងពួកវង្សយូដា ក្នុងកាលដែលគេត្រូវដឹកនាំទៅជាឈ្លើយផង”(អេសេគាល ២៥:៣)។ ដោយសារពួកសាសន៍អាំម៉ូនបានអរសប្បាយនឹងសេចក្តីទុក្ខរបស់ពួកអ៊ីស្រាអែល ពួកគេក៏បានធ្វើឲ្យព្រះមិនសព្វព្រះទ័យយ៉ាងខ្លាំង បានជាពួកគេត្រូវទទួលលទ្ធផលដ៏អាក្រក់(ខ.៤-៧)។ តើយើងមានប្រតិកម្មយ៉ាងណា ពេលដែលអ្នកជិតខាងយើង ជួបមហន្តរាយ ឬបញ្ហាអ្វីមួយ? បើសិនជាគាត់ជាអ្នកជិតខាងដ៏ល្អ ដែលរួសរាយរាក់ទាក់ នោះយើងប្រាកដជាអាណិតគាត់ ហើយទៅជួយគាត់មិនខាន។ ចុះបើសិនជាគាត់មិនគួរឲ្យរាប់អាន ហើយចូលចិត្តបង្កររឿង? និស្ស័យរបស់យើងពីកំណើត គឺប្រហែលជាមិនចង់អើពើរចំពោះគាត់ ឬថែមទាំងអរសប្បាយស្ងាត់ៗ ចំពោះការដួលចុះរបស់គាត់ទៀតផង។ ព្រះគម្ពីរសុភាសិតបានដាត់តឿនយើងថា “កុំឲ្យមានចិត្តរីករាយ ក្នុងកាលដែលខ្មាំងសត្រូវឯងដួលចុះឡើយ ក៏កុំឲ្យមានចិត្តសប្បាយ ក្នុងកាលដែលគេត្រូវទំលាក់ទៅដែរ”(២៤:១៧)។ ផ្ទុយទៅវិញ ព្រះយេស៊ូវបានបង្គាប់យើង ឲ្យ“ស្រឡាញ់ខ្មាំងសត្រូវរបស់យើង ហើយអធិស្ឋានឲ្យអ្នកដែលធ្វើទុក្ខបៀតបៀនយើង”(ម៉ាថាយ ៥:៤៤)។ កាលណាយើងធ្វើដូចនេះ គឺមានន័យថា យើងកំពុងបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ឲ្យលោកិយបានស្គាល់ ហើយយើងកំពុងតែត្រាប់តាម សេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍របស់ព្រះអម្ចាស់(៥:៤៨)។-Lawrence…
Read article