
រួចពីការព្រួយបារម្ភ ឬក្តៅចិត្ត
ដោយDave Branon
December 4, 2017
ការព្យាយាមតាមដានពត៌មានថ្មីៗ ក៏មានគុណវិបត្តផងដែរ ព្រោះពត៌មានដែលនិយាយពីការអាក្រក់ មានការពេញនិយម ជាងពត៌មានដែលល្អ។ យើងងាយនឹងមានការព្រួយបារម្ភខ្លាំង អំពីអំពើឧក្រឹដ្ឋរបស់បុគ្គល របស់ហ្វូងមនុស្ស ក៏ដូចជារបស់រដ្ឋាភិបាល ដែលយើងមិនអាចគ្រប់គ្រងបាន។ ត្រង់ចំណុចនេះ បទគម្ពីរទំនុកដំកើង ជំពូក៣៧ បានបង្រៀនយើង អំពីការឆ្លើយតបដែលយើងត្រូវមាន ចំពោះពត៌មានដែលយើងបានឮជារៀងរាល់ថ្ងៃ។ គឺដូចដែលស្តេចដាវីឌបានចាប់ផ្តើមទំនុកមួយនេះ ដោយពាក្យថា “កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ”(ខ.១)។ បន្ទាប់មក ក្នុងខដែលមានជាបន្តបន្ទាប់ ទ្រង់ក៏បានប្រាប់ឲ្យយើងមានការឆ្លើយតបដ៏ត្រឹមត្រូវចំពោះពត៌មានអវិជ្ជមានក្នុងពិភពលោក ជាជាងមានការភ័យខ្លាច ឬក្តៅចិត្ត។ តើមានអ្វីកើតឡើង បើយើងសម្រេចចិត្តថា យើងទុកចិត្តព្រះអម្ចាស់ ជាជាងព្រួយបារម្ភអំពីហេតុការណ៍ ដែលយើងមិនអាចគ្រប់គ្រងបាន?(ខ.៣) តើយើងនឹងបានទទួលប្រយោជន៍ច្រើនប៉ុណ្ណា ពេលដែលយើង “យកព្រះអម្ចាស់ជាក្តីអំណរ”(ខ.៤) ជាជាងមានចិត្តក្តៅ ឬព្រួយបារម្ភឥតឈប់ឈរ? ចូរយើងពិចារណាអំពី សេរីភាពរួចពីការព្រួយបារម្ភ ដែលយើងអាចមាន ពេលដែលយើង “ទុកដាក់ផ្លូវរបស់យើងនឹងព្រះអម្ចាស់”(ខ.៥)។ ហើយតើយើងនឹងមានចិត្តស្ងប់ប៉ុណ្ណា ពេលដែលយើងរៀន “ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ ដោយចិត្តអត់ធ្មត់”(ខ.៧)។ ពត៌មានអំពីការអាក្រក់ ដែលយើងមិនអាចកែប្រែបាន គឺជាឱកាសសម្រាប់ឲ្យយើងដាក់ព្រំដែនសម្រាប់ការព្រួយបារម្ភរបស់យើង។ កាលណាយើងទុកចិត្តព្រះ ទុកដាក់ផ្លូវយើងនៅនឹងទ្រង់ ហើយសម្រាកក្នុងទ្រង់ ទស្សនៈរបស់យើងនឹងមានភាពភ្លឺស្វាងឡើង។ ការតស៊ូ និងទុក្ខលំបាកប្រហែលជាមិនរលាយបាត់អស់ទេ តែយើងនឹងបានដឹងថា ព្រះទ្រង់ប្រទានឲ្យយើងមានសន្តិភាពរបស់ទ្រង់ នៅក្នុងពេលដែលមានទុក្ខលំបាកនោះ។-Dave Branon
បទគម្ពីរប្រចាំថ្ងៃ
កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ។-ខ.១