ដូចក្មេងតូច

នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ បន្ទាប់​ពី​លួអាន(Luann) ភរិយា​ខ្ញុំ ​នាំ​កូន​ស្រី​អាយុ​ពីរ​ឆ្នាំ​របស់​យើង អធិស្ឋាន​មុន​ចូល​គេង​ហើយ ក្មេង​តូច​ម្នាក់នេះ​​​ក៏​បាន​សួរ​ម្តាយ​នាង​ថា “ម៉ាក់ ព្រះ​យេស៊ូវ​នៅ​ទី​ណា?” ពេល​នោះ​ម្តាយ​នាង មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។  ភរិយា​របស់​ខ្ញុំ​ក៏​បាន​ឆ្លើយ​ថា “ព្រះ​យេស៊ូវ​គង់​នៅ​នគរ​ស្ថាន​សួគ៌ ហើយ​គង់​នៅ​គ្រប់​ទិសទី និង​កំពុង​គង់​នៅ​ជា​មួយ​យើង​នៅ​ទី​នេះ​ផង​ដែរ។ ហើយ​ទ្រង់​អាច​គង់​នៅ​ក្នុង​ចិត្ត​កូន បើ​សិន​ជា​កូន​ចង់​យាង​ទ្រង់​ចូលគង់”។ នាង​ក៏​បាន​ឆ្លើយ​ថា “កូន​ចង់​ឲ្យ​ព្រះ​យេស៊ូវ​គង់​នៅ​ក្នុង​ចិត្ត​កូន”។ ម្តាយ​របស់​នាង​ក៏​បាន​តប​ថា “កូន​អាច​យាង​ទ្រង់​ចូល​គង់​នៅ​ពេល​ណា​ក៏​បាន”។ នាង​ក៏​បាន​ប្រាប់​ថា “កូន​ចង់​យាង​ទ្រង់​ចូល​គង់​នៅ​ក្នុង​ចិត្ត​កូន នៅ​ពេល​ឥឡូវនេះ”។ ពេល​នោះ ក្មេង​ស្រី​តូច​ម្នាក់​នេះ​ក៏​បាន​និយាយ​ថា “ព្រះ​យេស៊ូវ សូម​យាង​ចូល​គង់​ក្នុង​ចិត្ត​ទូល​បង្គំ ហើយ​គង់​នៅ​ជា​មួយ​ទូលបង្គំ”។ ហើយ​នាង​ក៏​បាន​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿ​ជា​មួយ​ទ្រង់ ចាប់​ពី​ពេល​នោះ​មក។

ពេល​ពួក​សិស្ស​ព្រះ​យេស៊ូវ​សួរ​ទ្រង់​ថា តើ​នរណា​ធំ​ជាង​គេ ក្នុង​នគរ​ស្ថាន​សួគ៌ ទ្រង់​ក៏​បាន​ហៅ​ក្មេង​តូច​ម្នាក់ ឲ្យ​មក​ក្នុងកណ្តាល​ចំណោម​ពួក​គេ(ម៉ាថាយ ១៨:១-២)។ ទ្រង់​មាន​ព្រះបន្ទូល​ថា “បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ ដូច្នេះ អ្នក​ណា​ដែល​បន្ទាប​ខ្លួន ឲ្យ​បាន​ដូច​កូន​តូច​នេះ អ្នក​នោះ​ឯង​ឈ្មោះ​ថា ធំ​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌​ហើយ អ្នក​ណា​ដែល​ទទួល​កូន​តូច​ណា​មួយ​ដូច​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា ទទួល​ខ្ញុំ​ដែរ”(ខ.៣-៥)។

ព្រះយេស៊ូវ​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន​យើង​ថា ក្មេង​ដែល​មាន​ជំនឿ​លើ​ទ្រង់ អាច​ធ្វើ​ជា​គំរូ​ដ៏​ល្អ​នៃ​សេចក្តី​ជំនឿ។ ទ្រង់​ក៏បាន​ប្រាប់​យើង ឲ្យ​ស្វាគមន៍​អ្នក​ដែល​បើក​ចិត្ត​ថ្វាយ​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ស្ថានសួគ៌​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា”(១៩:១៤)។-DAVID MCCASLAND

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles