
មានតម្លៃចំពោះព្រះ
ដោយJames Banks
March 2, 2018
គាត់មានឈ្មោះដាវីឌ ប៉ុន្តែ មនុស្សភាគច្រើនបានហៅឈ្មោះគាត់ថា “អ្នកកូតវីយូឡុងតាមផ្លូវ”។ លោកដាវីឌជាបុរសវ័យចំណាស់ ដែលស្លៀកពាក់ខោមិនខោ អាវមិនអាវ ដែលគេហាក់ដូចជាឃើញគាត់ មានវត្តមានជាទៀតទាត់ នៅទីប្រជុំជន ក្នុងទីកុ្រងរបស់ខ្ញុំ ដោយគាត់កំដរអារម្មណ៍ អ្នកដំណើរទាំងឡាយ ដោយប្រើសមត្ថភាពមិនធម្មតារបស់គាត់ នៅក្នុងការកូតវីយូឡុង។ ជាការតបស្នងចំពោះសម្លេងតន្រ្តីដ៏ពិរោះរបស់គាត់ ជួនកាល អ្នកស្តាប់ខ្លះបានដាក់លុយមួយដុល្លា ចូលទៅក្នុងប្រអប់ដាក់វីយ៉ូឡុង ដែលគាត់បានបើកចំហរនៅលើផ្លូវដើរ។ លោកដាវីឌក៏បានញញឹម ហើយងក់ក្បាលដាក់គេ ដើម្បីអរគុណ ខណៈពេលដែលគាត់បន្តលេងភ្លេងទៀត។ ពេលលោកដាវីឌលាចាកលោក កាលពីពេលថ្មីៗនេះ ដំណឹងមរណៈភាពរបស់គាត់ ក៏ត្រូវបានគេផ្សព្វផ្សាយ នៅក្នុងកាសែតក្នុងតំបន់មួយ ដែលបានបង្ហាញថា គាត់ចេះនិយាយបានបួនប្រាំភាសា ហើយបានបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យដ៏ល្បីមួយ ហើយថែមទាំងបានឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ កាលពីប៉ុន្មានឆ្នាំមុន។ អ្នកខ្លះបានបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើល ចំពោះជោគជ័យរបស់គាត់ ព្រោះពីមុន ពួកគេបានវាយតម្លៃគាត់ តាមតែសម្បកក្រៅ។ ព្រះគម្ពីរបានចែងថា “ព្រះទ្រង់បានបង្កើតមនុស្សមក ឲ្យដូចរូបអង្គទ្រង់”(លោកុប្បត្តិ ១:២៧)។ ត្រង់ចំណុចនេះ ព្រះគម្ពីរបានបង្ហាញអំពីតម្លៃដែលយើងម្នាក់ៗមានពីកំណើត ទោះជាយើងមានរូបសម្បត្តិយ៉ាងណា ឬបានសម្រេចជោគជ័យ ឬក៏អ្នកដទៃគិតយ៉ាងដូចម្តេច ចំពោះយើងក៏ដោយ។ សូម្បីតែនៅពេលដែលយើងសម្រចចិត្ត ងាកបែរចេញពីព្រះ ដោយសារអំពើបាបរបស់យើង ក៏ព្រះទ្រង់នៅតែឲ្យតម្លៃយើង យ៉ាងខ្លាំង បានជាទ្រង់ចាត់ព្រះរាជបុត្រាតែមួយរបស់ទ្រង់ ឲ្យបង្ហាញផ្លូវយើង ទៅរកសេចក្តីសង្រ្គោះ និងជីវិតអស់កល្បជានិច្ច ជាមួយទ្រង់។ ព្រះទ្រង់ស្រឡាញ់យើង ហើយមនុស្សគ្រប់គ្នានៅជុំវិញយើង សុទ្ធតែមានតម្លៃចំពោះទ្រង់។ ចូរយើងបង្ហាញសេចក្តីស្រឡាញ់របស់យើង ដល់ទ្រង់ ជាការតបស្នង ដោយចែករំលែកសេចក្តីស្រឡាញ់របស់ទ្រង់ ដល់អ្នកដទៃ។—JAMES BANKS
បទគម្ពីរប្រចាំថ្ងៃ
ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ។-១យ៉ូហាន ៤:១១