ខ្ញុំចង់ឲ្យពេលនោះ ស្ថិតក្នុងចំណោមពេលដែលរំភើបរីករាយបំផុត ក្នុងជីវិតខ្ញុំ។ តែផ្ទុយទៅវិញ វាស្ថិតក្នុងចំណោមពេលដែលខ្ញុំមានភាពឯកកោបំផុត។ ខ្ញុំទើបតែមានការងារ “ពិតប្រាកដ” ជាលើកទីមួយ បន្ទាប់ពីបានបញ្ចប់មហាវិទ្យាល័យ នៅក្នុងទីក្រុងមួយ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ ពីកន្លែងដែលខ្ញុំធំធាត់។ ប៉ុន្តែ ភាពរំភើបរីករាយ នៅក្នុងការបោះជំហានដ៏ធំនោះ ក៏បានរលាយទៅវិញយ៉ាងឆាប់រហ័ស។ ខ្ញុំមានខុនដូដ៏តូចមួយសម្រាប់ស្នាក់នៅ ដោយគ្មានគ្រឿងសង្ហារឹមសម្រាប់ប្រើប្រាស់។ ខ្ញុំមិនស្គាល់ទីក្រុងដែលខ្ញុំទើបផ្លាស់មករស់នៅនោះ ហើយក៏មិនស្គាល់នរណាម្នាក់សោះ។ ការងារថ្មីនោះ មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ តែភាពឯកកោបានធ្វើឲ្យខ្ញុំបាក់ទឹកចិត្តយ៉ាងខ្លាំង។
នៅពេលយប់ថ្ងៃមួយ ខ្ញុំបានអង្គុយនៅផ្ទះ ផ្អែកទៅលើជញ្ជាំង។ ខ្ញុំក៏បានបើកព្រះគម្ពីររបស់ខ្ញុំ ហើយក៏បានបើកចំបទគម្ពីរ ទំនុកដំកើង ជំពូក១៦ ដែលក្នុងនោះ ខ.១១ បានសន្យាថា ព្រះទ្រង់នឹងបំពេញសេចក្តីត្រូវការរបស់យើង។ ខ្ញុំក៏បានអធិស្ឋានថា “ឱព្រះអម្ចាស់ ទូលបង្គំគិតថា ការងារនេះសក្តិសមនឹងទូលបង្គំ តែទូលបង្គំមានអារម្មណ៍ឯកកោណាស់។ សូមជួយឲ្យទូលបង្គំនឹកចាំថា ទ្រង់គង់នៅក្បែរទូលបង្គំជានិច្ច”។ ខ្ញុំក៏បានអធិស្ឋានទូលអង្វរយ៉ាងកំសត់ ដូចនេះ អស់ជាច្រើនសប្តាហ៍។ នៅយប់ខ្លះ អារម្មណ៍ឯកកោរបស់ខ្ញុំក៏បានថមថយ ហើយខ្ញុំក៏បានពិសោធនឹងព្រះវត្តមានរបស់ព្រះ។ នៅយប់ខ្លះទៀត ខ្ញុំមានអារម្មណ៍ថា ឯកកោយ៉ាងខ្លាំង។
ប៉ុន្តែ ខ្ញុំក៏បានវិលត្រឡប់មករកខគម្ពីរនោះវិញ ដោយការនឹកចាំ ជារៀងរាល់យប់ ហើយព្រះទ្រង់ក៏បានជួយឲ្យខ្ញុំមានជំនឿលើទ្រង់កាន់តែខ្លាំង បន្តិចម្តងៗ។ ខ្ញុំបានពិសោធនឹងភាពស្មោះត្រង់របស់ទ្រង់ តាមរបៀបដែលខ្ញុំមិនធ្លាប់ពីមុនមក។ ហើយខ្ញុំក៏រៀនបានថា កិច្ចការដែលខ្ញុំត្រូវធ្វើនោះ គឺត្រូវថ្វាយចិត្តដាច់ដល់ទ្រង់ ហើយរង់ចាំការឆ្លើយតបដ៏ស្មោះត្រង់របស់ទ្រង់ ដោយការបន្ទាបខ្លួន ដោយទុកចិត្តលើព្រះបន្ទូល ដែលទ្រង់បានសន្យាថា នឹងបំពេញយើងដោយព្រះវិញ្ញាណទ្រង់។-Adam Holz