
សេចក្តីជំនឿដែលបង្ហាញចេញដោយពាក្យបីម៉ាត់
ដោយKirsten Holmberg
March 11, 2018
កាលពីមុន ដោយសារខ្ញុំងាយនឹងមានគំនិតអវិជ្ជមាន ខ្ញុំប្រញាប់ធ្វើការសន្និដ្ឋានថា ស្ថានភាពនៃជីវិតខ្ញុំ នឹងមានលទ្ធផលជាអវិជ្ជមាន។ បើសិនជាខ្ញុំទទួលបរាជ័យ នៅក្នុងការងារណាមួយ ខ្ញុំងាយនឹងជឿថា ការងារដទៃទៀត ក៏នឹងមិនមានជោគជ័យផងដែរ ទោះការងារទាំងនោះមិនជាប់ទាក់ទងគ្នាទាល់តែសោះក៏ដោយ។ ហើយមិនយូរប៉ុន្មាន ខ្ញុំក៏បាននិយាយថា “វេទនាហើយខ្ញុំ ខ្ញុំជាម្តាយមិនល្អ ធ្វើអ្វីក៏មិនកើត”។ ជាការពិតណាស់ ខ្ញុំមិនត្រូវបណ្តោយឲ្យបរាជ័យនៅក្នុងផ្នែកណាមួយ មានផលប៉ះពាល់មកលើអារម្មណ៍របស់ខ្ញុំ នៅក្នុងការធ្វើកិច្ចការជាច្រើនទៀតនោះឡើយ។ រឿងនេះបានធ្វើឲ្យខ្ញុំ នឹកចាំ អំពីរបៀបដែលហោរាហាបាគុកឆ្លើយតប ចំពោះការអ្វីដែលព្រះទ្រង់បានបើកបង្ហាញដល់គាត់។ គាត់មានហេតុនឹងអស់សង្ឃឹមយ៉ាងខ្លាំង បន្ទាប់ពីបានទទួលការបើកសម្តែងឲ្យឃើញ ការអាក្រក់ដែលនឹងកើតឡើងចំពោះរាស្រ្តរបស់ទ្រង់ នៅក្នុងរយៈពេលដ៏យូរ និងមានទុក្ខវេទនា នៅពេលខាងមុខ។ អ្វីៗពិតជាមានសភាពក្រៀមក្រោះណាស់ គឺគ្មានផ្លែគ្មានផ្ការ គ្មានសាច់បរិភោគ និងការអ្វីដែលធ្វើឲ្យកម្សាន្តចិត្តឡើយ។ ការគិតអំពីរឿងដ៏ក្រៀមក្រំនេះ បាននាំឲ្យខ្ញុំមានគំនិតអវិជ្ជមានភ្លាម ដោយការអស់សង្ឃឹម ប៉ុន្តែ ខ្ញុំក៏បានភ្ញាក់ដឹងខ្លួនឡើង ពេលដែលលោកហាបាគុកនិយាយ ដោយប្រើពាក្យ “គង់តែខ្ញុំ”។ គឺដូចដែលគាត់មានប្រសាសន៍ថា “គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ”(ហាបាគុក ៣:១៨)។ ទោះលោកហាបាគុកបានដឹងថា ទុក្ខវេទនាទាំងនោះនឹងកើតមានក៏ដោយ គង់តែគាត់នៅតែមានហេតុនឹងអរសប្បាយ ព្រោះគាត់ដឹងថា ព្រះទ្រង់ជានរណា។ ខណៈពេលដែលយើងងាយនឹងនិយាយបំភ្លើសថា បញ្ហារបស់យើងមានការពិបាកជ្រុលពេក យើងចាំបាច់ត្រូវគិតថា លោកហាបាគុកបានជួបប្រទះបញ្ហា ដែលពិតជាពិបាកមែន។ បើសិនជាគាត់អាចពោលសរសើរដំកើងព្រះ ក្នុងពេលដ៏ពិបាកនោះ យើងក៏អាចសរសើរដំកើងទ្រង់ ក្នុងពេលមានទុក្ខផងដែរ។ ពេលដែលយើងធ្លាក់ចូលក្នុងភាពអស់សង្ឃឹមដ៏ជ្រៅ ដកខ្លួនមិនរួច យើងអាចមើលទៅព្រះ ដែលទ្រង់រង់ចំាលើកយើងឡើង។—KIRSTEN HOLMBERG
បទគម្ពីរប្រចាំថ្ងៃ
គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ។-ហាបាគុក ៣:១៨