សូមនាំទូលបង្គំទៅរកថ្មដា
ពេលខ្ញុំកំពុងដើរក្នុងហាងទំនិញ រកមើលម៉ាស៊ីនចំហាយទឹក ខ្ញុំបានកត់សំគាល់ឃើញស្រ្តីម្នាក់មានវ័យចំណាស់ជាងខ្ញុំ កំពុងដើរចុះឡើងៗ តាមច្រកដើរ នៅចន្លោះធ្នើរដាក់ទំនិញ។ ខ្ញុំឆ្ងល់ថា គាត់កំពុងតែរកមើលម៉ាស៊ីនចំហាយទឹក ដូចខ្ញុំដែរទេដឹង។ ខ្ញុំក៏ជៀសទៅម្ខាង ទុកផ្លូវឲ្យគាត់ដើរក្បែរខ្ញុំ។ មិនយូរប៉ុន្មាន យើងក៏បានជជែកគ្នា អំពីមេរោគផ្តាសាយធំមួយប្រភេទ ដែលកំពុងរាតត្បាត ក្នុងតំបន់ដែលយើងរស់នៅ ដែលបានបណ្តាលឲ្យគាត់មានអាការៈក្អក និងឈឺក្បាលមិនព្រមបាត់សោះ។ ពីរបីនាទីក្រោយមក គាត់ក៏បាននិយាយទាំងកំហឹង ដោយធ្វើការសន្និដ្ឋាន អំពីប្រភពនៃមេរោគនោះ។ ខ្ញុំក៏ស្តាប់គាត់និយាយ ដោយមិនដឹងថា ត្រូវធ្វើដូចម្តេច។ បន្តិចក្រោយមក គាត់ក៏បានចាកចេញពីហាងទំនិញ ដោយមិនទាន់បាត់ខឹង និងនៅមានអារម្មណ៍នឿយណាយនៅឡើយ។ ទោះបីជាគាត់បានបង្ហាញពីអារម្មណ៍នឿយណាយរបស់គាត់ក៏ដោយ ក៏ខ្ញុំមិនដឹងថា ត្រូវធ្វើអ្វីដើម្បីដកយកការឈឺចាប់ចេញពីខ្លួនគាត់បានទេ។ ស្តេចដាវីឌ ជាស្តេចទីពីររបស់នគរអ៊ីស្រាអែល ដែលបាននិពន្ធទំនុកដំកើង ដើម្បីបង្ហាញចេញនូវកំហឹង និងអារម្មណ៍នឿយណាយរបស់ទ្រង់ ដល់ព្រះ។ ប៉ុន្តែ ស្តេចដាវីឌបានជ្រាបថា ព្រះទ្រង់មិនគ្រាន់តែស្តាប់ទ្រង់ប៉ុណ្ណោះឡើយ តែព្រះអង្គថែមទាំងអាចធ្វើអ្វីម្យ៉ាង ដើម្បីដកការឈឺចាប់ចេញពីទ្រង់។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៦១ ស្តេចដាវីឌបានមានបន្ទូលថា “កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ”(ខ.២)។ ព្រះទ្រង់ជា “ទីជ្រកកោន”របស់ស្តេចដាវីឌ (ខ.៣) ជា “ថ្មដា” ដែលទ្រង់រត់ទៅរក។…
Read article