ថ្ងៃមួយ ខ្ញុំបានកត់សំគាល់ឃើញមានវត្ថុពណ៌លឿង កំពុងបង្ហាញខ្លួន នៅលើចិញ្ចើមផ្លូវសម្រាប់បើកឡាន ដែលនៅខាងស្តាំដៃ។ វាគឺជាសម្រស់នៃផ្កាដាហ្វូឌីលប្រាំមួយដើម ដែលបានដុះនៅចន្លោះថ្មធំៗពីរផ្ទាំង បានរីកឡើង និងដុះខ្ពស់ពីដី។ ដោយសារខ្ញុំមិនបានដាំ ឬដាក់ជី និងស្រោចទឹកឲ្យពួកវា នោះខ្ញុំក៏មិនដឹងថា ផ្កាទាំងនោះបានដុះ នៅក្នុងទីធ្លាផ្ទះរបស់ខ្ញុំ ដោយរបៀបណាឡើយ។
ព្រះយេស៊ូវបានបកស្រាយ អំពីអាថ៌កំបាំងនៃការលូតលាស់ខាងវិញ្ញាណ នៅក្នុងរឿងប្រៀបប្រដូច អំពីគ្រាប់ពូជដែលគេបានសាបព្រោះ។ ទ្រង់បានប្រៀបធៀបនគរព្រះ ទៅនឹងកសិករម្នាក់ ដែលកំពុងព្រោះគ្រាប់ពូជ នៅលើដី(ម៉ាកុស ៤:២៦)។ គាត់ប្រហែលជាបានថែរទាំដីសម្រាប់ដាំគ្រាប់ពូជនោះ។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលថា អ្នកនោះក៏ដេករាល់យប់ក្រោកឡើងរាល់ថ្ងៃ តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ ដ្បិតដីបង្កើតផលដោយខ្លួនឯង មុនដំបូងចេញជាពន្លក រួចបែកជាគួរ ក្រោយទៀតចេញជាគ្រាប់ (ខ.២៧-២៨)។ លុះដល់កាលណាផ្លែទុំហើយ ក៏ស្រាប់តែគេយកកណ្តៀវទៅច្រូតតែម្តង ព្រោះដល់រដូវច្រូតហើយ(ខ.២៩)។
ភាពពេញវ័យនៃគ្រាប់ពូជ នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ គឺមិនខុសពីដើមផ្កាដាហ្វូឌីល ដែលចេញផ្កានោះឡើយ។ វាកើតមានភាពពេញវ័យ តាមពេលដែលព្រះកំណត់ និងដោយសារអំណាចរបស់ព្រះ ដែលធ្វើឲ្យវាលូតលាស់។ យ៉ាងណាមិញ យើងគិតអំពីការលូតលាស់ខាងវិញ្ញាណរបស់យើង ឬអំពីផែនការរបស់ព្រះ សម្រាប់ការរីកលូតលាស់នៃពូកជំនុំ រហូតដល់គ្រាដែលព្រះយេស៊ូវយាងមកវិញ ប៉ុន្តែ ព្រះទ្រង់អាចធ្វើការតាមរបៀបអាថ៌កំបាំង ដែលមិនពឹងផ្អែកទៅលើសមត្ថភាព ឬការយល់ដឹង ដែលយើងមានចំពោះព្រះរាជកិច្ចរបស់ទ្រង់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់នៅតែត្រាសហៅយើង ឲ្យស្គាល់ បម្រើ និងសរសើរទ្រង់ ដែលជាអ្នកធ្វើឲ្យមានការរីកលូតលាស់ ហើយទន្ទឹមនឹងនោះ យើងទទួលផលនៃភាពពេញវ័យខាងវិញ្ញាណ ដែលទ្រង់បណ្តាលឲ្យមាន នៅក្នុង និងតាមរយៈយើង។—XOCHITL DIXON