
ការរៀនស្គាល់ព្រះ
ដោយKaren Wolfe
April 17, 2018
ខ្ញុំនៅចាំថា កាលពីមុន ខ្ញុំចង់ក្លាយជាម្តាយម្នាក់។ ខ្ញុំបានស្រមៃថា ខ្ញុំនឹងរៀបការ ហើយមានកូនពរនៅក្នុងដៃជាលើកទីមួយ។ ទីបំផុត ពេលខ្ញុំបានរៀបការ ស្វាមីខ្ញុំ ហើយនិងខ្ញុំ មិនដែលគិតថា យើងនឹងរង់ចាំពង្រីកគ្រួសារយើង នៅពេលក្រោយឡើយ។ ប៉ុន្តែ រៀងរាល់លើកដែលខ្ញុំបានធ្វើតេស ដើម្បីឲ្យដឹងថា ខ្ញុំមានផ្ទៃពោះឬអត់ យើងក៏បានទទួលលទ្ធផលអវិជ្ជមាន បានជាយើងដឹងថា យើងកំពុងតែមានបញ្ហាអត់កូន។ អស់រយៈពេលជាច្រើនខែ ដែលយើងបានទៅជួបវេជ្ជបណ្ឌិត រួចក៏បានធ្វើតេស ហើយយើងទទួលបានតែទឹកភ្នែក។ យើងកំពុងស្ថិតនៅក្នុងកណ្តាលខ្យល់ព្យុះ។ ការអត់កូនគឺប្រៀបបាននឹងគ្រាប់ថ្នាំដ៏សែនល្វីង ដែលយើងត្រូវលេប ហើយក៏បានធ្វើឲ្យខ្ញុំឆ្ងល់ អំពីសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់ព្រះ។ ពេលខ្ញុំនិយាយអំពីដំណើរជីវិតដ៏ពិបាកកាលនោះ ខ្ញុំក៏បាននឹកចាំ អំពីរឿងពួកសិស្សរបស់ព្រះយេស៊ូវ ដែលបានជាប់នៅក្នុងខ្យល់ព្យុះ នៅក្នុងសមុទ្រ ក្នុងបទគម្ពីរ យ៉ូហាន ជំពូក ៦។ ខណៈពេលដែលពួកគេជួបទុក្ខធំ ដោយសារទឹករលកធំៗ និងភាពងងឹត នៅក្នុងខ្យល់ព្យុះ ព្រះយេស៊ូវក៏បានយាងមករកពួកគេ ដោយដើរនៅលើទឹករលកដែលកំពុងបក់បោកខ្លាំង ដោយសារខ្យល់ព្យុះ។ ទ្រង់ក៏បានជួយឲ្យពួកគេមានចិត្តស្ងប់ ដោយព្រះវត្តមានទ្រង់ ព្រមទាំងមានបន្ទូលថា “កុំភ័យអី គឺខ្ញុំទេតើ”(ខ.២០)។ ខ្ញុំ និងស្វាមីខ្ញុំមិនដឹងថា មានអ្វីកំពុងតែមករកយើង នៅក្នុងពេលដែលយើងជួបខ្យល់ព្យុះនៃជីវិតឡើយ គឺមិនខុសពីពួកសាវ័ក នៅពេលនោះឡើយ ប៉ុន្តែ យើងបានរកឃើញការកម្សាន្តចិត្ត ខណៈពេលដែលយើងបានរៀនស្គាល់ព្រះ កាន់តែជ្រាលជ្រៅ ដោយដឹងថា ទ្រង់តែងតែស្មោះត្រង់ជានិច្ច។ ទោះយើងមិនមានកូន ដែលយើងស្រមៃចង់បានក៏ដោយ យើងរៀនសូត្របានថា ក្នុងការតយុទ្ធរបស់យើង យើងអាចពិសោធនឹងអំណាចនៃព្រះវត្តមានទ្រង់ ដែលជួយឲ្យយើងស្ងប់ចិត្ត។ ដោយសារទ្រង់គង់នៅជាមួយយើង ដោយធ្វើការដោយអំណាចចេស្តា ក្នុងជីវិតយើង នោះយើងមិនចាំបាច់ត្រូវមានការថប់បារម្ភអ្វីឡើយ។—KAREN WOLFE
បទគម្ពីរប្រចាំថ្ងៃ
តែទ្រង់មានព្រះបន្ទូលថា “កុំភ័យអី គឺខ្ញុំទេតើ”។-យ៉ូហាន ៦:២០