ការ​ស្រេក​ឃ្លាន​រក​ព្រះ

ថ្ងៃ​មួយ កូន​ស្រី​ខ្ញុំ​បាន​មក​លេង​ចៅ​ប្រុស​ខ្ញុំ ដែល​មាន​អាយុ​១​ឆ្នាំ។ ខ្ញុំ​កំពុង​តែ​រៀប​ចំ​ខ្លួន​ចេញ​ពី​ផ្ទះ ដើម្បី​ធ្វើ​កិច្ច​ការ​ខ្លះ ប៉ុន្តែ គ្រាន់​តែ​ខ្ញុំ​ដើរ​ចេញ​ពី​បន្ទប់​បាន​បន្តិច ចៅ​ប្រុស​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​យំ។ វា​ក៏​បាន​យំ​ដូច​នេះ​ពីរ​ដង ហើយ​ជា​រៀងរាល់​ពេល​វា​យំ​ម្តង​ៗ ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ ហើយ​ចំណាយ​ពេល​ជា​មួយ​វា​មួយ​ភ្លែត។ ពេល​ខ្ញុំ​ដើរ​ចេញ​តាម​ទ្វារ​ជា​លើកទី​បី បបូរ​មាត់​ដ៏​តូច​របស់​វា​ក៏​បាន​ពេប​ចង់​យំ​ទៀត។ នៅ​ពេល​នោះ កូន​ស្រី​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “ប៉ា ហេតុ​អ្វី​ប៉ា​មិន​យក​វា ទៅ​ជា​មួយ​ផង?” អ្នក​ដែល​មាន​ចៅ​បង្កើត គឺ​សុទ្ធ​តែ​អាច​និយាយ​ប្រាប់​អ្នក​ថា នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់។ ចៅ​របស់​ខ្ញុំ​ក៏​បាន​ឡើង​ជិះឡាន​ទៅ​ជា​មួយ​ខ្ញុំ គឺ​ព្រោះ​តែ​វា​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​វា។

យ៉ាង​ណា​មិញ ចិត្ត​របស់​យើង ដែល​ស្រេក​ឃ្លាន​រក​ព្រះ ក៏​បាន​ទទួល​ការ​ឆ្លើយ​តប ដោយ​សេចក្តី​ស្រឡាញ់​ផង​ដែរ។ ព្រះ​គម្ពីរ​បាន​ធានា​ដល់​យើង​ថា យើង​អាច “ស្គាល់ និង​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង”(១យ៉ូហាន ៤:១៦)។ ព្រះ​ទ្រង់​មិន​បាន​ស្រឡាញ់​យើង ដោយ​សារ​ការ​អ្វី​ដែល​យើង​បាន​ធ្វើ ឬ​មិន​បាន​ធ្វើ​នោះ​ឡើយ។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់ មិន​ពឹង​ផ្អែក​លើ​ភាព​សក្តិ​សម​របស់​យើង​សោះ​ឡើយ ប៉ុន្តែ ពឹង​ផ្អែក​ទៅ​លើ​សេចក្តី​ល្អ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់។ ពេល​ដែល​លោកិយ​ដែល​នៅ​ជុំវិញ​យើង​ មិន​មាន​សេចក្តី​ស្រឡាញ់ និង​មិន​សប្បុរស ​យើង​អាច​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ ជា​ប្រភព​នៃ​ក្តី​សង្ឃឹម និង​សន្តិ​ភាព​របស់​យើង​។

ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ បាន​បង្ហាញ​ព្រះ​ទ័យ​របស់​ទ្រង់ ដល់​យើង តាម​រយៈ​ការ​ប្រទាន​ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិ​សុទ្ធ ធ្វើ​ជា​អំណោយ​ដល់​យើង។ យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ដែល​បាន​ទទួល​ការ​ធានាថា ព្រះ​ទ្រង់​ស្រឡាញ់​យើង ដោយ​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ចប់​ឡើយ! —JAMES BANKS

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles