
ការនៅជាប់ព្រះបន្ទូលព្រះ
ដោយAmy Boucher Pye
May 4, 2018
បន្ទាប់ពីខ្ញុំបានជូនកូនស្រីខ្ញុំ ដល់សាលាហើយ ខ្ញុំបានដើរជាច្រើនគីឡូម៉ែត្រ ត្រឡប់មកផ្ទះវិញ។ ការនេះបាននាំឲ្យខ្ញុំ មានឱកាសទន្ទេញខគម្ពីរមួយចំនួន ប្រសិនបើខ្ញុំ ចង់ទន្ទេញខគម្ពីរទាំងនោះ។ ពេលដែលខ្ញុំចំណាយពេលប៉ុន្មាននាទីនោះ ដើម្បីរំឭកព្រះបន្ទូលព្រះ ក្នុងគំនិតខ្ញុំ ជាញឹកញាប់ ខ្ញុំសង្កេតឃើញថា ព្រះបន្ទូលទ្រង់ច្រើនតែវិលត្រឡប់មករកខ្ញុំទៀត នៅថ្ងៃដដែលនោះ ដែលនាំឲ្យខ្ញុំមានការកម្សាន្តចិត្ត និងប្រាជ្ញា។ ពេលលោកម៉ូសេនំាពួកអ៊ីស្រាអែល ឲ្យត្រៀមខ្លួនចូលទឹកដីសន្យា គាត់បានជំរុញពួកគេ ឲ្យនៅជាប់នឹងព្រះរាជបញ្ជា និងក្រឹត្យវិន័យរបស់ព្រះអម្ចាស់(ចោទិយកថា ៦:១-២)។ គាត់ចង់ឲ្យពួកគេមានភាពសម្បូរសប្បាយ បានជាគាត់ប្រាប់ពួកគេថា ពួកគេគួរតែរំឭកក្រឹត្យវិន័យរបស់ព្រះ នៅក្នុងគំនិតរបស់ពួកគេ ហើយបង្រៀនកូនចៅពួកគេ ឲ្យចេះក្រឹត្យវិន័យទ្រង់ផងដែរ(ខ.៦-៧)។ គាត់ថែមទាំងបានប្រាប់ពួកគេ ឲ្យសរសេរក្រឹត្យវិន័យទ្រង់នៅលើស្លាក ហើយចងវានៅលើកដៃ និងលើថ្ងាសផងដែរ(ខ.៨)។ គាត់មិនចង់ឲ្យពួកគេភ្លេចព្រះរាជបញ្ជារបស់ព្រះ ដែលបានបង្គាប់ពួកគេឲ្យរស់នៅ ជារាស្រ្ត ដែលថ្វាយព្រះកិត្តិនាម ដល់ព្រះអម្ចាស់ ហើយអរសប្បាយនឹងព្រះពរទ្រង់។ តើអ្នកចង់ពិចារណាអំពីព្រះបន្ទូលព្រះ ដោយរបៀបណា នៅថ្ងៃនេះ? សូមសរសេរខគម្ពីរ យ៉ាងហោចណាស់ឲ្យបានមួយខ ហើយពេលណាអ្នកលាងដៃ ឬបរិភោគទឹក សូមសូត្រព្រះបន្ទូលទ្រង់ ហើយរំឭកខគម្ពីរនៅក្នុងគំនិតអ្នក។ ពុំនោះទេ ចូរពិចារណាអំពីបទគម្ពីរដ៏ខ្លីមួយ ទុកជាសកម្មភាពចុងក្រោយ ប្រចាំថ្ងៃ មុនពេលចូលគេង។ មានវិធីសាស្រ្តជាច្រើនទៀត ដើម្បីឲ្យព្រះបន្ទូលព្រះ នៅជាប់ក្នុងចិត្តយើង! —AMY BOUCHER PYE
បទគម្ពីរប្រចាំថ្ងៃ
ត្រូវចងសេចក្តីទាំងនេះជាប់នៅដៃឯង ទុកជាទីសំគាល់ ហើយត្រូវធ្វើជាស្លាកនៅកណ្តាលថ្ងាសឯងផង។-ចោទិយកថា ៦:៨