
មុនពេលការចាប់ផ្តើម
ដោយPeterson Amy
May 3, 2018
“ប៉ុន្តែ បើព្រះទ្រង់គ្មានដើមកំណើត និងទីបញ្ចប់ទេ ហើយតែងតែមានតាំងពីដើមមក តើទ្រង់កំពុងធ្វើអ្វី មុនពេលទ្រង់បង្កើតយើងមក? តើទ្រង់ចំណាយពេលរបស់ទ្រង់ ដោយរបៀបណា?” នេះជាសំណួរ ដែលក្មេងៗ សិស្សសាលារៀនថ្ងៃអាទិត្យ តែងតែសួរ ពេលដែលយើងជជែកគ្នា អំពីលក្ខណៈដ៏អស់កល្បរបស់ព្រះ។ ខ្ញុំធ្លាប់ឆ្លើយតបថា រឿងនេះ មានភាពអាថ៌កំបាំងបន្តិច។ ប៉ុន្តែ ថ្មីៗនេះ ខ្ញុំដឹងថា ព្រះគម្ពីរបានប្រទានឲ្យយើងមានចម្លើយ សម្រាប់សំណួរនេះ។ ពេលដែលព្រះយេស៊ូវអធិស្ឋាន ទៅកាន់ព្រះវរបិតាទ្រង់ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១៧ ទ្រង់បានមានបន្ទូលថា “ឱព្រះវរបិតាអើយ … ទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយ៍រៀងមក”(ខ.២៤)។ នេះហើយជាលក្ខណៈរបស់ព្រះ ដែលបានបើកបង្ហាញដល់យើង តាមរយៈអង្គព្រះយេស៊ូវ មុនពេលទ្រង់បង្កើតលោកិយ របស់សព្វសារពើ ព្រះទ្រង់ជាព្រះវរបិតា ដែលស្រឡាញ់ព្រះរាជបុត្រាទ្រង់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ពេលដែលព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជទឹក ព្រះទ្រង់បានចាត់ព្រះវិញ្ញាណទ្រង់ ឲ្យយាងចុះមក ដូចជាសត្វព្រាប ហើយមានបន្ទូលថា “នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់”(ម៉ាថាយ ៣:១៧)។ លក្ខណៈចម្បងបំផុតនៃអត្តសញ្ញាណរបស់ព្រះ គឺសេចក្តីស្រឡាញ់ នៅក្នុងការទំនាក់ទំនងជាមួយមនុស្ស និងប្រទាននូវជីវិត។ យើងមានសេចក្តីពិតដែលគួរឲ្យស្រឡាញ់ និងមានការលើកទឹកចិត្តយ៉ាងខ្លាំង ដែលបាននិយាយអំពីព្រះនៃយើង!ការស្រឡាញ់គ្នាទៅវិញទៅមក នៅក្នុងការប្រកបទាក់ទង ដែលបង្ហាញចេញមក តាមរយៈសមាជិកនីមួយៗ នៃព្រះត្រៃឯក ដែលមានព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺជាគន្លឹះ សម្រាប់ឲ្យយើងយល់អំពីលក្ខណៈសម្បត្តិរបស់ព្រះ។ តើព្រះវរបិតាទ្រង់ធ្វើអ្វី មុនការចាប់ផ្តើមនៃពេលវេលា? គឺទ្រង់បានស្រឡាញ់ព្រះរាជបុត្រាទ្រង់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ព្រះទ្រង់ជាសេចក្តីស្រឡាញ់(១យ៉ូហាន ៤:៨)។—AMY PETERSON
បទគម្ពីរប្រចាំថ្ងៃ
ទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយ៍រៀងមក។-យ៉ូហាន ១៧:២៤