មានពេលមួយស្វាមីខ្ញុំបានចេញដំណើរផ្លូវឆ្ងាយ រយៈពេល១ខែទើបត្រឡប់មកវិញ ហើយមិនយូរប៉ុន្មាន ខ្ញុំក៏មានអារម្មណ៍ថា មិនអាចទ្រាំទ្ររួច ចំពោះតម្រូវការនៃការងារ ផ្ទះ និងកូនៗរបស់ខ្ញុំ។ ការងារតែងនិពន្ធរបស់ខ្ញុំ ក៏ជិតហួរពេលកំណត់។ ម៉ាស៊ីនកាត់ស្មៅក៏ខូចទៀត។ សាលារៀនរបស់កូនខ្ញុំបានវ៉ាកងហើយ បានជាពួកគេក៏អផ្សុក ដោយសារនៅផ្ទះច្រើនពេក។ តើខ្ញុំគួរតែរាប់រងកិច្ចការទាំងអស់នេះ តែម្នាក់ឯង ដោយរបៀបណា?
មិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថា ខ្ញុំមិនចាំបាច់ត្រូវធ្វើអ្វីៗ តែម្នាក់ឯងទេ។ មិត្តភក្តិជាច្រើនមកពីព្រះវិហារ បានមកជួយខ្ញុំ។ លោកចស(Josh) បានមកជួយជួសជុលម៉ាស៊ីនកាន់ស្មៅរបស់ខ្ញុំ។ លោកចន(John) បានយកអាហារថ្ងៃត្រង់មកឲ្យយើងញាំ។ អ្នកស្រីខាស៊ីឌី(Cassidy) បានជួយបោកខោអាវឲ្យយើងទៀត។ ចំណែកអ្នកស្រីអាប៊ី(Abi)វិញ ក៏បាននាំកូនយើង ទៅលេងជាមួយកូនគាត់ ដើម្បីឲ្យខ្ញុំអាចបញ្ចប់ការងាររបស់ខ្ញុំ។ ព្រះទ្រង់បានធ្វើការ តាមរយៈមិត្តភក្តិទាំងអស់នេះ ដើម្បីជួយផ្គត់ផ្គង់ខ្ញុំ។ ពួកគេបានធ្វើជាគំរូដ៏រស់ នៃសហគមន៍មួយប្រភេទ ដែលសាវ័កប៉ុលបានរៀបរាប់ នៅក្នុង បទគម្ពីររ៉ូម ជំពូក១២។ ពួកគេបានស្រឡាញ់ ដោយចិត្តស្មោះត្រង់(ខ.៩) គិតអំពីតម្រូវការរបស់អ្នកដទៃ ជាជាងគិតប្រយោជន៍ផ្ទាល់ខ្លួន(ខ.១០) ហើយបានចែករំលែកដល់ខ្ញុំ ពេលដែលខ្ញុំមានការខ្វះខាត ហើយក៏មានភាពចៅរ៉ៅចំពោះក្រុមគ្រួសារខ្ញុំផង(ខ.១៣)។
ដោយសារតែសេចក្តីស្រឡាញ់ ដែលមិត្តភក្តិខ្ញុំបានបង្ហាញចេញដល់ខ្ញុំ ខ្ញុំក៏បានអរសប្បាយ ដោយមានសេចក្តីសង្ឃឹម ហើយ “អត់ធន់ នៅក្នុងសេចក្តីទុក្ខលំបាក”(ខ.១២) សូម្បីតែទុក្ខលំបាកនោះ គ្រាន់តែជាការពិបាកមើលកូនតែម្នាក់ឯងរយៈពេល១ខែក៏ដោយ។ បងប្អួនប្រុសស្រីរបស់ខ្ញុំ នៅក្នុងព្រះគ្រីស្ទ បានធ្វើឲ្យខ្ញុំ មើលឃើញព្រះយេស៊ូវ ដែលកំពុងធ្វើការនៅក្នុងជីវិតពួកគេ។ ពួកគេបានបង្ហាញឲ្យខ្ញុំឃើញ ប្រភេទនៃសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ ដែលយើងគួរតែបង្ហាញចេញដល់មនុស្សគ្រប់គ្នា ជាពិសេស អ្នកដែលនៅក្នុងសហគមន៍នៃសេចក្តីជំនឿរបស់យើង(កាឡាទី ៦:១០)។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើបានល្អដូចពួកគេផងដែរ។—AMY PETERSON