ការរង់ចាំ ដោយការរំពឹង
ជារៀងរាល់ថ្ងៃទី១ខែឧសភា នៅទីក្រុងអុកស្វឺត ប្រទេសអង់គ្លេស ហ្វូងមនុស្សតែងតែមកជួបជុំនៅពេលព្រឹកព្រលឹម ដើម្បីទទួលស្វាគមន៍រដូវផ្ការីក។ នៅវេលាម៉ោង ៦ព្រឹក ក្រុមចម្រៀងមហាវិទ្យាល័យម៉ាកដាលេន បានបន្លឺសម្លេងច្រៀង ពីលើប៉មម៉ាក់ដាលេន។ មនុស្សរាប់ពាន់អ្នកបានរង់ចាំ ដោយការរំពឹងថា ស្បៃរាត្រីនឹងត្រូវលើកចេញ បន្ទាប់ពីបទចម្រៀង និងសម្លេងជួងបានបន្លឺឡើង។ ជាញឹកញាប់ ខ្ញុំក៏មានការរង់ចាំផងដែរ គឺមិនខុសពីហ្វូងមនុស្សទាំងនោះឡើយ។ ខ្ញុំរង់ចាំ ចម្លើយសម្រាប់ការអធិស្ឋានរបស់ខ្ញុំ ឬរង់ចាំការដឹកនាំមកពីព្រះអម្ចាស់ជាដើម។ ទោះបីជាខ្ញុំមិនដឹងថា ការរង់ចាំរបស់ខ្ញុំ នឹងបញ្ចប់នៅពេលណាពិតប្រាកដក៏ដោយ ក៏ខ្ញុំកំពុងតែរៀនរង់ចំា ដោយការរំពឹង។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក ១៣០ អ្នកនិពន្ធទំនុកដំកើង បានសរសេរអំពីការមានទុក្ខជាទម្ងន់ ដោយសារគាត់កំពុងប្រឈមមុខនឹងបញ្ហា ដែលហាក់ដូចជាពេលយប់ដែលងងឹតបំផុត។ ក្នុងពេលដែលមានទុក្ខនោះ គាត់ក៏បានសម្រេចចិត្តទុកចិត្តព្រះ ហើយប្រុងចិត្ត ដូចជាអ្នកយាម កំពុងមាននាទីជាអ្នករង់ចាំប្រកាសថា ថ្ងៃភ្លឺហើយ។ គឺដូចដែលគាត់បានពោលថា “ព្រលឹងនៃទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើង អើ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើងទៅទៀត”(ខ.៦)។ អ្នកនិពន្ធទំនុកដំកើងបានរំពឹងរង់ចាំព្រះអម្ចាស់ រំដោះគាត់ចេញពីភាពងងឹតនៃបញ្ហាគាត់ ដោយជឿជាក់លើភាពស្មោះត្រង់របស់ទ្រង់ បានជាគាត់មានសេចក្តីសង្ឃឹមថា នឹងអាចអត់ទ្រាំ សូម្បីតែនៅក្នុងពេលដែលគាត់មានទុក្ខក៏ដោយ។ ដោយផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះ នៅក្នុងព្រះគម្ពីរទាំងមូល សេចក្តីសង្ឃឹមនោះអនុញ្ញាតឲ្យគាត់ បន្តរង់ចាំ ទោះបីជាគាត់មិនទាន់បានឃើញពន្លឺលេចឡើងក៏ដោយ។…
Read article