
កន្លែងដ៏សុខសាន្តរបស់យើង
ដោយCindy Hesskasper
June 16, 2018
ខ្ញុំមានការងារដំបូងបំផុត នៅភោជនីយដ្ឋានអាហាររហ័ស។ នៅពេលល្ងាចថ្ងៃសៅរ៍ មានបុរសម្នាក់បាននៅក្នុងភោជនីដ្ឋាននោះមិនឃើញទៅណា ហើយក៏បានសួរខ្ញុំថា ខ្ញុំចេញពីធ្វើការនៅម៉ោងប៉ុន្មាន។ ពេលនោះ ខ្ញុំមានអារម្មណ៍មិនស្រួល។ ប៉ុន្មានម៉ោងក្រោយមក គាត់ក៏បានហៅដំឡូងចៀនមួយចាន បន្ទាប់មក គាត់ក៏បានហៅភេសជ្ជះមួយកំប៉ុង ដូចនេះ អ្នកគ្រប់គ្រងភោជ្ជនីយដ្ឋានក៏មិនបានបណ្តេញគាត់ទេ។ ទោះបីជាខ្ញុំមិនរស់នៅឆ្ងាយពីភោជនីដ្ឋាន ក៏ខ្ញុំនៅតែមិនហ៊ានដើរទៅផ្ទះតែម្នាក់ឯង កាត់តាមកន្លែងចតរថយន្ត ហើយកាត់តាមវាលខ្សាច់។ ទីបំផុត ដល់ពេលពាក់កណ្តាលអាធ្រាត ខ្ញុំក៏បានចូលទៅក្នុងការិយ៉ាល័យ ដើម្បីទូរស័ព្ទ។ ហើយប៉ារបស់ខ្ញុំក៏បានលើកទូរស័ព្ទ ហើយក៏បានងើបចេញពីដំណេកដ៏កក់ក្តៅរបស់គាត់ ដោយគ្មានការស្ទាក់ស្ទើរ ។ ៥នាទីក្រោយមក គាត់ក៏បានមកដល់ ហើយក៏បានជូនខ្ញុំទៅផ្ទះ។ កាលនោះខ្ញុំដឹងច្បាស់ថា ប៉ាខ្ញុំនឹងមកជួយខ្ញុំ នៅពេលយប់នោះ ហើយការនេះក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការធានា ដែលមានចែង នៅក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៩១។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ តែងតែគង់នៅជាមួយយើងជានិច្ច ដោយការពារ និងថែរក្សាយើង ពេលដែលយើងមានការច្របូកច្របល់ ឬមានការភ័យខ្លាច ឬក៏មានការខ្វះខាត។ ទ្រង់បានប្រកាសថា ពេលដែលពួកគេអំពាវរកទ្រង់ ទ្រង់នឹងឆ្លើយតប(ទំនុកដំកើង ៩១:១៥)។ ទ្រង់មិនគ្រាន់តែជាកន្លែង ដែលយើងអាចរត់ទៅរក ដើម្បីទទួលបាននូវភាពសុខសាន្តប៉ុណ្ណោះទេ។ ទ្រង់ ជា ជម្រករបស់យើង(ខ.១)។ ទ្រង់ជាថ្មដាដែលយើងអាចយកជាទីពំនាក់(ខ.២)។ ពេលដែលយើងមានការភ័យខ្លាច គ្រោះថ្នាក់ ឬភាពមិនច្បាស់លាស់ យើងអាចទុកចិត្តលើព្រះបន្ទូលទ្រង់ ដែលបានសន្យាថា ពេលយើងស្រែករកទ្រង់ ទ្រង់នឹងឮយើង ហើយនឹងគង់នៅជាមួយយើង ពេលយើងមានបញ្ហា(ខ.១៤-១៥)។ ព្រះទ្រង់ជាកន្លែងជ្រកកោនដ៏សុខសាន្តរបស់យើង។—CINDY HESS KASPER
បទគម្ពីរប្រចាំថ្ងៃ
ឯទូលបង្គំ នឹងពោលពីព្រះយេហូវ៉ាថា ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។ ទំនុកដំកើង ៩១:២