
ពេលនីមួយៗ សុទ្ធតែសំខាន់
ដោយRandy Kilgore
June 19, 2018
មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកស្រីអាដា(Ada) បានស្លាប់មុនគាត់ អស់ហើយ ហើយគាត់ក៏បានរស់ក្នុងផ្ទះថែរទាំជនចាស់ជរា ជាកន្លែងដែលខ្ញុំបានជួបគាត់។ គាត់ប្រាប់ខ្ញុំថា “ការមានជីវិតជាមនុស្សចាស់ គឺពិបាកបំផុត នៅពេលដែលខ្ញុំត្រូវមើលឃើញគេរាល់គ្នាលាចាកលោក ទៅចោលខ្ញុំអស់ ម្តងមួយៗ”។ ថ្ងៃមួយ ខ្ញុំក៏បានសួរគាត់ថា តើមានអ្វីខ្លះ ដែលគាត់ចាប់អារម្មណ៍ ហើយតើគាត់ចូលចិត្តចំណាយពេលធ្វើអ្វី? គាត់ក៏បានឆ្លើយប្រាប់ខ្ញុំ ដោយប្រើបទគម្ពីរ ដែលសាវ័កប៉ុលបាននិពន្ធ (ភីលីព ១:២១) ដែលបានចែងថា “ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ”។ បន្ទាប់មក គាត់ក៏មានប្រសាសន៍ថា “ពេលខ្ញុំនៅមានជីវិតនៅឡើយ ខ្ញុំមានកិច្ចការដែលត្រូវធ្វើ។ នៅថ្ងៃដែលល្អ ខ្ញុំជជែកជាមួយអ្នករស់នៅទីនេះ អំពីព្រះយេស៊ូវ ហើយនៅថ្ងៃដែលពិបាក ខ្ញុំនៅតែអាចអធិស្ឋាន”។ គួរឲ្យកត់សំគាល់ថា សាវ័កប៉ុលបាននិពន្ធកណ្ឌគម្ពីរភីលីព នៅក្នុងគុក។ ហើយគាត់ក៏បានទទួលស្គាល់ការពិតមួយ ដែលគ្រីស្ទបរិស័ទជាច្រើនយល់ ខណៈពេលដែលពួកគេប្រឈមមុខនឹងជីវិតដែលមានកំណត់។ គឺការពិត ដែលថា ទោះបីជាយើងកាន់តែជិតដល់ពេលទៅនៅនគរស្ថានសួគ៌ក៏ដោយ ក៏ពេលវេលា ដែលយើងនៅសល់នៅលើផែនដី គឺនៅតែសំខាន់ចំពោះព្រះអម្ចាស់។ អ្នកស្រីអាដាបានទទួលស្គាល់ថា គ្រប់ដង្ហើមដែលគាត់ដក គឺជាឱកាស សម្រាប់បម្រើ និងថ្វាយសិរីល្អដល់ព្រះ គឺមិនខុសពីសាវ័កប៉ុលឡើយ។ ហេតុនេះហើយ បានជាអ្នកស្រីអាដាបានចំណាយពេលជារៀងរាល់ថ្ងៃ ដើម្បីស្រឡាញ់អ្នកដទៃ ហើយនាំគេឲ្យស្គាល់ព្រះសង្រ្គោះ។ សូម្បីតែនៅក្នុងពេលដែលខ្មៅងងឹតបំផុត ក្នុងជីវិតយើង ក្នុងនាមជាគ្រីស្ទបរិស័ទ យើងនៅតែអាចជឿជាក់លើសេចក្តីសន្យាថា យើងនឹងបានទទួលក្តីអំណរដ៏ស្ថិតស្ថេរ ក្នុងព្រះវត្តមានព្រះជាម្ចាស់។ ហើយខណៈពេលដែលយើងកំពុងរស់នៅ យើងអាចអរសប្បាយនឹងទំនាក់ទំនងជាមួយទ្រង់។ ពេលវេលាទាំងអស់ ក្នុងជីវិតយើង គឺសុទ្ធតែសំខាន់ចំពោះទ្រង់។ —RANDY KILGORE
បទគម្ពីរប្រចាំថ្ងៃ
ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ។ ភីលីព ១:២១