
ការលៃយកឱកាស
ដោយBill Crowder
June 20, 2018
នៅក្នុងសៀវភៅដែលលោកអូស ហ្គីនណេស(Os Guniness) បាននិពន្ធ មានចំណងជើងថា មនុស្សដែលមិនអាចធ្វើបាន គាត់បានដកស្រង់សុភាសិតអាហ្រ្វិក ដែលចែងថា “ពួកបច្ចិមប្រទេសមាននាឡិការ។ ជនជាតិអាហ្វ្រិកមានពេលវេលា”។ សុភាសិតនេះបានធ្វើឲ្យខ្ញុំពិចារណា អំពីពេលជាច្រើនដង ដែលខ្ញុំបានឆ្លើយតប ទៅកាន់ការស្នើរសុំរបស់អ្នកដទៃ ដោយពាក្យថា “ខ្ញុំគ្មានពេលទេ”។ ខ្ញុំក៏បានគិតអំពីការបន្ទាន់ជាច្រើន ដែលមិនអាចជៀសរួច និងអំពីកាលវិភាគ និងការកំណត់ពេល ដែលបានគ្រប់គ្រងជីវិតខ្ញុំ។ យ៉ាងណាមិញ លោកម៉ូសេបានអធិស្ឋាន ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក ៩០ ថា “ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ខ.១២)។ ហើយសាវ័កប៉ុលក៏បានបង្រៀនផងដែរថា “ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា …ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់”(អេភេសូរ ៥:១៥-១៦)។ សាវ័កប៉ុល និងលោកម៉ូសេប្រាកដជាជឿថា ការប្រើពេលវេលាឲ្យបានឆ្លាតវ័យ គឺមិនអាស្រ័យទៅលើការមើលនាឡិការតែម្យ៉ាងនោះឡើយ។ ស្ថានភាពរបស់យើង ប្រហែលជាតម្រូវឲ្យយើងធ្វើកាលវិភាគដ៏មមាញឹក ឬជំរុញឲ្យយើងផ្តល់ឲ្យនូវអំណោយនៃពេលវេលារបស់យើងជាបន្ថែម ដល់នរណាម្នាក់។ យើងមានពេលខ្លីណាស់ ដើម្បីនាំឲ្យមានការផ្លាស់ប្តូរថ្វាយព្រះគ្រីស្ទ ក្នុងជីវិតយើង ហើយយើងចាំបាច់ត្រូវឆក់ឱកាសឲ្យបានជាអតិបរមា។ ការនេះអាចមានន័យថា យើងចាំបាច់ត្រូវឈប់ខ្វល់អំពី នាឡិការ និងផែនការយើងមួយរយៈសិន ខណៈពេលដែលយើងត្រូវបង្ហាញសេចក្តីស្រឡាញ់ដ៏អត់ធ្មត់របស់ព្រះគ្រីស្ទ ចំពោះអ្នកដែលទ្រង់បាននាំចូលក្នុងជីវិតយើង។ ខណៈពេលដែលយើងរស់នៅ ក្នុងកម្លាំង និងព្រះគុណ នៃព្រះគ្រីស្ទ ដែលគង់នៅគ្រប់ពេលវេលា យើងកំពុងតែធ្វើឲ្យពេលវេលាយើងមានតម្លៃអស់កល្បជានិច្ច។—BILL CROWDER
បទគម្ពីរប្រចាំថ្ងៃ
ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់។ អេភេសូរ ៥:១៦