
ចិញ្ជៀននៅក្នុងធុងសម្រាម
ដោយJulie Ackerman Link
June 27, 2018
កាលនៅរៀនមហាវិទ្យាល័យ នៅពេលព្រឹកថ្ងៃមួយ ពេលខ្ញុំភ្ញាក់ពីគេង ខ្ញុំក៏បានឃើញខារ៉ូល(Carol) មិត្តរួមបន្ទប់ខ្ញុំ កំពុងតែមានអារម្មណ៍តក់ស្លត់។ ចិញ្ជៀនត្រារបស់នាងបានបាត់ហើយ។ យើងក៏បានរកមើលគ្រប់ទីកន្លែង។ នៅថ្ងៃបន្ទាប់ យើងក៏បានទៅកកាយមើលក្នុងធុងសំរាម។ ខ្ញុំក៏បានហែកថង់សំរាមមួយថង់មើល។ នាងក៏បានលាន់មាត់ថា “ឯងពិតជាមានការប្តូរផ្តាច់ នៅក្នុងការស្វែងរកចិញ្ជៀននោះណាស់! ខ្ញុំមិនមែនបាត់ចិញ្ជៀនតម្លៃពីរយដុល្លាឯណា!” ការតាំងចិត្តរបស់ខារ៉ូល នៅក្នុងការស្វែងរកចិញ្ជៀន បានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងប្រៀបប្រដូច ដែលព្រះយេស៊ូវបានមានបន្ទូល អំពីនគរស្ថានសួគ៌ ដែល “ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ”(ម៉ាថាយ ១៣:៤៤)។ មានរបស់ខ្លះ សក្តិសមនឹងឲ្យយើងស្វែងរក ដោយការប្រឹងប្រែងខ្លាំង។ នៅក្នុងព្រះគម្ពីរទាំងមូល ព្រះទ្រង់បានសន្យាថា អ្នកដែលស្វែងរកទ្រង់ នឹងរកទ្រង់ឃើញ។ ក្នុងបទគម្ពីរ ចោទិយកថា ទ្រង់បានពន្យល់ពួកអ៊ីស្រាអែលថា ពួកគេនឹងរកទ្រង់ឃើញ ពេលដែលពួកគេងាកបែរចេញពីអំពើបាប ហើយស្វែងរកទ្រង់អស់ពីចិត្ត(៤:២៨-២៩)។ ក្នុងបទគម្ពីរ ២របាក្សត្រ ស្តេចអេសាបានទទួលការលើកទឹកចិត្ត ពីព្រះបន្ទូលសន្យាស្រដៀងនេះផងដែរ(១៥:២)។ ហើយនៅក្នុងបទគម្ពីរ យេរេមា ព្រះទ្រង់ក៏បានប្រទានសេចក្តីសន្យាដូចនេះ ដល់ពួកឈ្លើយសឹក ដោយមានបន្ទូលថា ទ្រង់នឹងនាំពួកគេឲ្យវិលត្រឡប់ពីភាពជាឈ្លើយសឹកមកវិញ(២៩:១៣-១៤)។ បើយើងស្វែងរកព្រះ តាមរយៈព្រះបន្ទូល ការថ្វាយបង្គំ និងការរស់នៅប្រចាំថ្ងៃរបស់យើង នោះយើងនឹងរកទ្រង់ឃើញ។ យើងនឹងបានស្គាល់ទ្រង់ កាន់តែស៊ីជម្រៅ។ ការនេះគឺប្រសើរជាងពេលដែលខារ៉ូលរកឃើញចិញ្ជៀនរបស់នាង នៅក្នុងថង់សំរាមទៅទៀត។ —JULIE SCHWAB
បទគម្ពីរប្រចាំថ្ងៃ
ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក។ ម៉ាថាយ ៧:៧