ម្តាយរបស់ឡរ៉ា(Laura) កំពុងតែប្រយុទ្ធនឹងជម្ងឺមហារីក។ នៅពេលព្រឹកថ្ងៃមួយ ឡរ៉ា និងមិត្តភក្តិរបស់នាង ក៏បានអធិស្ឋានឲ្យគាត់។ មិត្តភក្តិរបស់គាត់ ដែលក្លាយជាជនពិការអស់ជាច្រើនឆ្នាំ ដោយសារជម្ងឺពិការខួរក្បាល បានអធិស្ឋានថា “ព្រះអម្ចាស់អើយ ព្រះអង្គបានធ្វើអ្វីៗគ្រប់យ៉ាង សម្រាប់ទូលបង្គំ។ សូមព្រះអង្គធ្វើអ្វីៗគ្រប់យ៉ាង សម្រាប់ម្តាយរបស់ឡរ៉ាផងដែរ។”
ឡរ៉ាមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានឃើញមិត្តភក្តិរបស់នាង “ប្រកាស់ អំពីការពឹងផ្អែក” ទៅលើព្រះអម្ចាស់ នៅពេលនោះ។ នាងក៏បានជញ្ជឹងគិត អំពីពេលនោះ ហើយក៏បាននិយាយថា “តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានទទួលស្គាល់ថា ខ្ញុំត្រូវការទ្រង់ ក្នុងគ្រប់ការទាំងអស់? ដូចនេះ ជារៀងរាល់ថ្ងៃ ខ្ញុំត្រូវទទួលស្គាល់ថា ខ្ញុំត្រូវការទ្រង់ ក្នុងគ្រប់ការទាំងអស់”។
ក្នុងអំឡុងពេល ដែលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ចទ្រង់ នៅលើផែនដីនេះ ទ្រង់បានបង្ហាញឲ្យយើងដឹងថា ទ្រង់បានពឹងផ្អែកទៅលើព្រះវរបិតាទ្រង់ ជាប់ជានិច្ច។ គេប្រហែលជាគិតថា ព្រះយេស៊ូវមានភាពគ្រប់គ្រាន់នៅក្នុងគ្រប់ការទាំងអស់ ព្រោះទ្រង់ជាព្រះ ដែលមានរូបកាយជាមនុស្ស។ ប៉ុន្តែ ពួកអ្នកដឹកនាំសាសនានៅសម័យនោះ បានសួរទ្រង់ អំពីមូលហេតុដែលទ្រង់ “ធ្វើការ” នៅថ្ងៃឈប់សម្រាកតាមក្រឹត្យវិន័យ ដោយប្រោសគេឲ្យជាពីជម្ងឺ នៅថ្ងៃឈប់សម្រាក។ ទ្រង់ក៏បានឆ្លើយថា “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ”(យ៉ូហាន ៥:១៩)។ ដូចនេះ ព្រះយេស៊ូវក៏បានប្រកាសថា ទ្រង់ពឹងផ្អែកទៅលើព្រះវរបិតាផងដែរ។
ព្រះយេស៊ូវបានពឹងផ្អែកទៅលើព្រះវរបិតា គឺបានធ្វើជាគំរូ នៃការរស់នៅ ដោយការប្រកបទាក់ទងជាមួយព្រះជាម្ចាស់។ គ្រប់ពេលដែលយើងដកដង្ហើម គឺជាអំណោយមកពីព្រះ ហើយទ្រង់សព្វព្រះទ័យឲ្យយើងរស់នៅ ដោយពឹងផ្អែកលើកម្លាំងទ្រង់។ ពេលដែលយើងរស់នៅ ដើម្បីស្រឡាញ់ និងបម្រើទ្រង់ តាមរយៈការអធិស្ឋាន និងការពឹងផ្អែកទៅលើព្រះបន្ទូលទ្រង់ ពីពេលមួយទៅពេលមួយទៀត នោះមានន័យថា យើងបានប្រកាស់ អំពីការពឹងផ្អែកលើទ្រង់។ —JAMES BANKS