កាលខ្ញុំ និងស្វាមីរបស់ខ្ញុំផ្លាស់ប្តូរទីលំនៅ ទៅទីក្រុងស៊ីអេធល(Seattle) ដើម្បីឲ្យបានរស់នៅក្បែរប្អូនស្រីគាត់ យើងមិនដឹងថា យើងនឹងទៅរស់នៅក្នុងផ្ទះមួយណា ឬធ្វើការនៅទីណាទេ។ ព្រះវិហារប្រចាំតំបន់នោះ ក៏បានជួយយើង រកបានផ្ទះជួលមួយកន្លែង មានបន្ទប់គេងជាច្រើនបន្ទប់។ យើងអាចប្រើបន្ទប់គេងមួយ ហើយជួលបន្ទប់ទាំងប៉ុន្មាន ដែលនៅសល់ ឲ្យសិស្សមកពីក្រៅប្រទេស។ ក្នុងអំឡុងពេលបីឆ្នាំក្រោយមកទៀត យើងបានក្លាយជាអ្នកស្រុកក្រៅ ដែលបានទទួលស្វាគមន៍អ្នកស្រុកក្រៅ ដោយចែករំលែកផ្ទះ និងអាហាររបស់យើងជាមួយមនុស្ស ដែលមកពីតំបន់ខុសៗគ្នា ក្នុងពិភពលោក។ យើង និងអ្នកបម្រើក្នុងផ្ទះយើង ក៏បានស្វាគមន៍សិស្សមកពីប្រទេសក្រៅរាប់សិបនាក់ ឲ្យចូលរៀនព្រះគម្ពីរជុំគ្នា នៅក្នុងផ្ទះយើង រៀងរាល់ពេលល្ងាចថ្ងៃសុក្រ។
កាលពីសម័យដើម រាស្រ្តរបស់ព្រះ ក៏បានដឹងផងដែរថា ការរស់នៅជាអ្នកស្រុកក្រៅ មានន័យយ៉ាងដូចម្តេច។ អស់រយៈពេលរាប់រយឆ្នាំ ពួកអ៊ីស្រាអែលបានរស់នៅជាអ្នកស្រុកក្រៅ និងជាទាសករ នៅក្នុងនគរអេស៊ីព្ទ។ ក្នុងបទគម្ពីរ លេវីវិន័យ ជំពូក ១៩ ព្រះទ្រង់បានបង្គាប់ពួកគេឲ្យ “គោរពកោតខ្លាចឪពុកម្តាយ” ហើយ “កុំឲ្យលួចរបស់ទ្រព្យអ្នកដទៃ”(ខ.៣,១១) ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានរំឭករាស្រ្តទ្រង់ ឲ្យយកអសារអ្នកស្រុកក្រៅផងដែរ ព្រោះពួកគេដឹងថា ការរស់នៅជាអ្នកស្រុកក្រៅ និងមានការភ័យខ្លាច មានលក្ខណៈយ៉ាងដូចម្តេច(ខ.៣៣-៣៤)។
យើងរាល់គ្នា ដែលជាអ្នកដើរតាមព្រះ មិនសុទ្ធតែធ្លាប់បានដកពិសោធន៍នឹងជីវិតជាជនដែលត្រូវគេនិរទេសទេ ប៉ុន្តែ យើងរាល់គ្នាសុទ្ធតែអាចដឹងថា ការរស់នៅជា “អ្នកប្រទេសក្រៅ” នៅលើផែនដី មានលក្ខណៈយ៉ាងដូចម្តេច(១ពេត្រុស ២:១១) គឺរស់នៅជាអ្នកដែលមានអារម្មណ៍ថា ខ្លួនជាអ្នកក្រៅ នៅក្នុងលោកិយ ដោយសារយើងមានការស្មោះស្ម័គ្រ ចំពោះនគរស្ថានសួគ៌។ ព្រះទ្រង់បានត្រាសហៅយើង ឲ្យបង្កើតសហគមន៍ ដែលទទួលស្វាគមន៍អ្នកខាងក្រៅ ឲ្យចូលមហារគ្រួសាររបស់ព្រះ។ ការទទួលស្វាគមន៍ដ៏កក់ក្តៅដែលខ្ញុំ និងស្វាមីខ្ញុំបានទទួល នៅទីក្រុងស៊ីអេធល បានបង្រៀនយើងឲ្យបន្តការស្វាគមន៍នោះ ទៅដល់អ្នកដទៃ គឺបានធ្វើឡើង ក្នុងនាមជាគ្រួសារនៃព្រះ(រ៉ូម ១២:១៣)។ AMY PETERSON