
ព្រះទ្រង់មិនត្រូវការអ្នកធានា
ដោយKirsten Holmberg
July 16, 2018
ធនាគារច្រើនតែមានការស្ទាក់ស្ទើរ មិនហ៊ានប្រថុយ នៅក្នុងការផ្តល់ប្រាក់កម្ចី ដល់អតិថិជន ដែលចង់ខ្ចីលុយទិញផ្ទះ ឬឡាន បើសិនជាពួកគេមិនមានប្រវត្តិបង់ប្រាក់ទាន់ពេលវេលា អស់ជាច្រើនឆ្នាំ។ បើសិនជាគ្មានប្រវត្តិនៃការខ្ចីលុយ ដែលបានកត់ត្រាទុកទេ នោះការសន្យាថា នឹងបង់លុយទាន់ពេលវេលា គឺមិនទាន់មានភាពគ្រប់គ្រាន់ ចំពោះធនាគារឡើយ។ តាមធម្មតា អ្នកដែលចង់ខ្ចីលុយនោះ ក៏បានដាច់ចិត្តស្វែងរកនរណាម្នាក់ ដែលមានប្រវត្តិល្អ នៅក្នុងការសងបំណុល ហើយក៏សុំគាត់ឲ្យធ្វើជាអ្នកធានា។ ពួកគេក៏បានចុះហត្ថលេខាជាមួយគ្នា ដោយសន្យាចំពោះធនាគារថា ប្រាក់កម្ចីនឹងត្រូវបានសងវិញគ្រប់ចំនួន និងទាន់ពេលវេលា។ ពេលនរណាម្នាក់ធ្វើការសន្យាចំពោះយើង ទោះនៅក្នុងផ្នែកហិរញ្ញវត្ថុ ក្នុងទំនាក់ទំនងប្តីប្រពន្ធ ឬដោយហេតុផលអ្វីក៏ដោយ យើងរំពឹងចង់ឲ្យពួកគេគោរពពាក្យសន្យានោះ។ យ៉ាងណាមិញ យើងក៏ចង់ឲ្យព្រះទ្រង់រក្សាព្រះបន្ទូលសន្យារបស់ទ្រង់ផងដែរ។ ពេលទ្រង់សន្យាលោកអ័ប្រាហាំថា ទ្រង់នឹងប្រទានពរគាត់ ហើយប្រទាននូវ “កូនចៅជាច្រើន” ដល់គាត់(ហេព្រើរ ៦:១៤ មើលលោកុប្បត្តិ ២២:១៧) លោកអ័ប្រាហំាក៏បានជឿព្រះបន្ទូលសន្យារបស់ទ្រង់។ ក្នុងនាមជាព្រះអាទិករនៃរបស់សព្វសារពើ គ្មាននរណាធំប្រសើរជាងទ្រង់ឡើយ មានតែព្រះជាម្ចាស់ទេ ដែលអាចធានា ចំពោះព្រះបន្ទូលសន្យារបស់ទ្រង់។ លោកអ័ប្រាហាំត្រូវរង់ចាំកំណើតរបស់កូនប្រុសគាត់(ហេព្រើរ ៦:១៥)(ហើយក៏មិនដែលបានឃើញកូនចៅទាំងអស់របស់គាត់មានចំនួនច្រើនប៉ុណ្ណាទេ) ប៉ុន្តែ ព្រះទ្រង់បានបង្ហាញឲ្យយើងដឹងថា ទ្រង់ស្មោះត្រង់ចំពោះព្រះបន្ទូលសន្យាទ្រង់។ ពេលដែលទ្រង់សន្យាថា នឹងគង់នៅជាមួយយើងជានិច្ច(១៣:៥) កាន់យើងជាប់(យ៉ូហាន ១០:២៩) ហើយកម្សាន្តចិត្តយើង(១កូរិនថូស ១:៣-៤) យើងក៏អាចទុកចិត្តថា ទ្រង់នឹងធ្វើតាមព្រះបន្ទូលទ្រង់ផងដែរ។—KIRSTEN HOLMBERG
បទគម្ពីរប្រចាំថ្ងៃ
ដ្បិតឯមនុស្ស គេតែងស្បថដោយអ្នកណាដែលធំជាងខ្លួន ហើយពាក្យសម្បថនោះក៏រាំងរាគ្រប់ទាំងផ្លូវទាស់ទែងគ្នា ដើម្បីឲ្យការនោះបានសំរេច។ ហេព្រើរ ៦:១៦