ការយំសោកប្រកបដោយសេចក្តីសង្ឃឹម

ឧទ្យាន​បិតិក​ភណ្ឌ​ជាតិ ឃ្លីហ្វថិន ក្នុង​ទីក្រុង​ណាសាវ ប្រទេស​បាហាម៉ាស ក្នុង​តំបន់​ប្រជុំ​កោះ​ខារីប៊ីន គឺ​ជា​ឧទ្យាន​រំឭក​អំពី​សោកនាដ​កម្ម ក្នុង​ប្រវត្តិ​សាស្រ្ត​។ ត្រង់​ចំណុច​កំពង់​ទឹក មាន​ជណ្ដើរ​ថ្ម​ឡើង​ទៅ​លើ​ជ្រលង​ភ្នំ។ នៅ​សតវត្សរ៍​ទី​ដប់​ប្រាំ​បី នាវា​ដឹក​ទាសករ មក​ប្រទេស​បាហាម៉ាស ត្រូវ​ឈប់​សំចត​នៅ​ទីនោះ។ ពួក​ទាសករ​ដែល​មក​ដល់ ត្រូវ​ឡើង​តាម​កាំ​ជណ្ដើរ​ទាំង​នេះ ភាគ​ច្រើន​ត្រូវ​ព្រាត់​ប្រាស ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ ហើយ​ចូល​ទៅ​ក្នុង​ជីវិត ដែល​អមនុស្ស​ធម៌។ នៅ​កំពូល​ភ្នំ​នោះ មាន​ស្តូប​ជាទី​រំឭក​អំពី​ទាសករ​ទាំង​នោះ។ គេ​បាន​យក​ដើម​តាត្រាវ​មក​ឆ្លាក់​ជា​រូប​មនុស្ស​ស្រី ដាក់​ឲ្យ​ឈរ​នៅ​មាត់​សមុទ្រ ហើយ​សម្លឹង​មើល​ទៅ​ស្រុក​កំណើត និង​ក្រុម​គ្រួសារ​ដែល​ពួក​គេ​បាន​បាត់​បង់។ រូប​ចម្លាក់​នីមួយ​ៗ​ សុទ្ធ​តែ​មាន​ស្នាម​សម្លាក ដែល​នាយ​សំពៅ​បាន​វាយ​នឹង​រំពាត់។ ​

រូប​ចម្លាក់​មនុស្ស​ស្រី​ទាំង​នោះ​ ដែល​កំពុង​សោក​សង្រេង ដោយ​សារ​ការ​បាត់​បង់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ការ​ទទួល​ស្គាល់​ថា ពិភព​លោក​នេះ ពិត​ជា​មាន​ប្រព័ន្ធ​អយុត្តិ​ធម៌ និង​បាក់​បែក ហើយ​យើង​សោក​សង្រេង ដោយ​សារ​បញ្ហា​នេះ។ យើង​សោក​សង្រេង តែ​មិន​មាន​ន័យ​ថា យើង​គ្មាន​សង្ឃឹម​នោះ​ទេ ប៉ុន្តែ ការ​យំ​សោក​គឺ​ជា​មធ្យោ​បាយ​មួយ ដើម្បី​បង្ហាញ​ភាព​ស្មោះ​ត្រង់ នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់។ ប្រហែល​៤០​ភាគ​រយ នៃ​បទ​គម្ពីរ​ទំនុក​ដំកើង គឺ​ជា​បទ​ទំនួញ ហើយ​ក្នុង​ព្រះ​គម្ពីរ​បរិទេវ យើង​ឃើញ​ថា ​រាស្រ្ត​របស់​ព្រះ ស្រែក​រក​ទ្រង់ ក្រោយ​ពេល​ដែល​​ពួក​ខ្មាំ​ង​សត្រូវ​ បាន​ឈ្លាន​ពាន ហើយ​បំផ្លិច​បំផ្លាញ​ទីក្រុង​របស់​ពួក​គេ(បរិទេវ ៣:៥៥)។

ការ​យំ​សោក គឺ​ជា​ការ​ឆ្លើយ​តប​ដ៏​សមរម្យ ទៅ​កាន់​ភាព​ពិត​នៃ​ការ​ឈឺ​ចាប់ ហើយ​នោះ​គឺ​ជា​ពេល​វេលា ហើយ​ជា​ឱកាស​យាង​ព្រះ​ជា​ម្ចាស់ ចូល​មក​បរិបទ​នៃ​ការ​ឈឺ​ចាប់ និង​បញ្ហា​របស់​យើង។ និយាយ​រួម ការ​យំ​សោក​ អាច​នាំ​មក​នូវ​សេចក្ដី​សង្ឃឹម។ បាន​សេចក្តី​ថា នៅពេល​ណា​ដែល​យើង​យំសោក ដោយ​សារ​បញ្ហា​អ្វី​មួយ យើង​អាច​យក​ឱកាស​ពេល​នោះ ដើម្បី​នាំ​ខ្លួន​ឯង និង​អ្នក​ដទៃ ឲ្យ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។

ហេតុនេះ​ហើយ បាន​ជា​រូប​ចម្លាក់ នៅទីក្រុង​ណាសាវ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា “ដើម​កំណើត”។ ទីក​ន្លែង​នៃ​ការ​យំ​សោក​នោះ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ទីកន្លែង​នៃ​ការ​ចាប់​ផ្តើម​ជា​ថ្មី។ —Amy Peterson

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles