
បុរសដែលកំពុងតែញញឹម
ដោយadamholz
August 11, 2018
តាមធម្មតា ខ្ញុំមិនសូវចូលចិត្តទៅទិញទំនិញ នៅហាងលក់គ្រឿងទេសទេ។ ទោះជាយ៉ាងណាក៏ដោយ វាជាផ្នែកមួយ នៃជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ដែលខ្ញុំចាំបាច់ត្រូវធ្វើជាប្រចាំ។ ប៉ុន្តែ កិច្ចការនេះ មានផ្នែកមួយ ដែលខ្ញុំចូលចិត្តធ្វើដោយមិនដឹងខ្លួន។ នោះគឺការឈរចាំគិតលុយ នៅឯបញ្ជរគិតលុយរបស់លោកហ្វ្រេត(Fred)។ ជាញឹកញាប់ ហ្វ្រេតបានបង្វែរការគិតលុយ ទៅជាការសម្តែង។ គាត់ពិតជាមានការរហ័សរហួន ដ៏គួរឲ្យភ្ញាក់ផ្អើល ហើយក៏តែងតែមានទឹកមុខញញឹមស្រស់ ហើយថែមទាំងរាំ (ពេលខ្លះ គាត់ច្រៀងទៀត) ខណៈពេលដែលគាត់បោះទំនិញ(ដែលមិនផុយស្រួយ) ចូលទៅក្នុងថង់ផ្លាស្ទីក។ ប្រាកដណាស់ លោកហ្វ្រេតពិតជាពេញចិត្តនឹងការងារមួយនោះ ដែលគេអាចមើលឃើញថា វាការងារដែលគួរឲ្យធុញទ្រាន់បំផុត។ ហើយ មិនយូរប៉ុន្មាន ភាពក្លៀវក្លារបស់គាត់ បានធ្វើឲ្យមានភាពរីករាយ ដល់មនុស្សជាច្រើន នៅកន្លែងគិតលុយ ក្នុងហាងទំនិញនោះ។ របៀបដែលលោកហ្វ្រេតបំពេញការងាររបស់គាត់ ធ្វើឲ្យខ្ញុំគោរព និងឲ្យតម្លៃណាស់។ គាត់មានអាកប្បកិរិយាដ៏រីករាយ និងមានចិត្តចង់បម្រើ ហើយយកដាក់ទុកដាក់ ចំពោះភាពលម្អិត គឺត្រូវនឹងអ្វីដែលសាវ័កប៉ុលបានពិពណ៌នា នៅក្នុងព្រះគម្ពីរកូល៉ុស ៣:២៣ អំពីរបៀបដែលយើងរាល់គ្នាត្រូវបំពេញការងារ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់”។ នៅពេលដែលយើងមានការប្រកបទាក់ទងជាមួយព្រះយេស៊ូវ ការងារអ្វីក៏ដោយដែលយើងធ្វើ គឺសុទ្ធតែផ្ដល់ឱកាសឲ្យយើងសម្តែងចេញឲ្យអ្នកដទៃឃើញព្រះវត្តមានរបស់ទ្រង់ នៅក្នុងជីវិតរបស់យើង។ គ្មានកិច្ចការណា ដែលតូចតាចពេក . . . ឬធំធេងពេកឡើយ! ចូរយើងមានទំនួលខុសត្រូវ ចំពោះកិច្ចការរបស់យើង ដោយអំណរ និងភាពច្នៃប្រឌិត ហើយភាពល្អប្រសើរផង។ ការធ្វើដូចនេះ នឹងផ្តល់ឱកាសឲ្យយើងជះឥទ្ធិពលល្អ ដល់អស់អ្នកដែលនៅជុំវិញយើង ទោះបីជាយើងកំពុងធ្វើការងារអ្វីក៏ដោយ។—Adam Holz
បទគម្ពីរប្រចាំថ្ងៃ
ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ។ កូល៉ុស ៣:២៣