ពេលដែលខ្ញុំមើលទៅអាសនា ពីកន្លែងខ្ញុំឈរអធិស្ឋាន ក្នុងពិធីបុណ្យសព ខ្ញុំក៏បានឃើញស្លាកធ្វើពីស្ពាន់ ដែលគេបានឆ្លាក់បទគម្ពីរ យ៉ូហាន ១២:២១ ពីលើថា “លោកម្ចាស់ យើងខ្ញុំចង់ឃើញព្រះយេស៊ូវ”។ ពេលនោះ ខ្ញុំនឹកគិតក្នុងចិត្តថា បទគម្ពីរនេះ គឺសក្កិសមនឹងឲ្យយើងពិចារណា អំពីការដែលយើងមើលឃើញព្រះយេស៊ូវ នៅក្នុងជីវិតរបស់ស្រ្តីម្នាក់ ដែលយើងកំពុងតែប្រារព្ធពិធីបុណ្យសពជូនគាត់ ដោយទឹកភ្នែក និងស្នាមញញឹម។ នាងជួបប្រទះនឹងបញ្ហា ដែលត្រូវប្រឈមមុខ ព្រមទាំងការខកចិត្តជាច្រើន កាលនាងនៅរស់ តែទោះជាយ៉ាងណាក៏ដោយ នាងនៅតែមិនបោះបង់សេចក្តីជំនឿ ដែលនាងមាន ចំពោះព្រះគ្រីស្ទឡើយ។ ហើយយើងអាចមើលឃើញព្រះយេស៊ូវ នៅក្នុងជីវិតគាត់ គឺដោយព្រោះតែព្រះវិញ្ញាណនៃព្រះ ដែលទ្រង់គង់នៅក្នុងនាង។
ព្រះគម្ពីរដំណឹងល្អ យ៉ូហាន បានរៀបរាប់ អំពីព្រឹត្តិការណ៍ បន្ទាប់ពីព្រះយេស៊ូវយាងចូលទីក្រុងយេរូសាឡិម ដោយគង់លើខ្នងសត្វលា (យ៉ូហាន ១២:១២-១៦)។ ពេលនោះមានសាសន៍ក្រេកខ្លះ បានមកឯភីលីព ដែលជាសាវ័កម្នាក់របស់ព្រះយេស៊ូវ សួរគាត់ថា “លោកម្ចាស់ . . . យើងខ្ញុំចង់ឃើញព្រះយេស៊ូវ” (ខ.២១)។ ពួកគេទំនងជាមានបំណងចង់ដឹង អំពីការប្រោសជំងឺ និងការអស្ចារ្យ ដែលព្រះយេស៊ូវបានធ្វើ ប៉ុន្តែ ពួកគេមិនមែនជាសាសន៍យូដា បានជាពួកគេមិនមានសិទ្ធិចូលទៅ ទីលានខាងក្នុងនៃព្រះវិហារ។ នៅពេលដែលការស្នើរសូមរបស់ពួកគេ បានឮដល់ព្រះយេស៊ូវ ទ្រង់ក៏បានថ្លែងថា ពេលវេលាដែលទ្រង់ត្រូវដំកើងឡើង បានមកដល់ហើយ (ខ.២៣)។ ទ្រង់មានបន្ទូលដូច្នោះ ព្រោះទ្រង់ចង់បើកបង្ហាញថា ទ្រង់នឹងត្រូវសុគត ជំនួសអំពើបាប នៃមនុស្សជាច្រើន។ ទ្រង់នឹងសម្រេចបេសកកម្មរបស់ទ្រង់ ដែលនឹងជួយសង្រ្គោះ មិនមែនតែសាសន៍យូដាប៉ុណ្ណោះ តែគឺដល់សាសន៍ដទៃទាំងប៉ុន្មានផងដែរ (ដូចជា “សាសន៍ក្រេក” ខ.២០) ហើយពួកគេនឹងបានឃើញព្រះយេស៊ូវ។
បន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ ទ្រង់បានចាត់ព្រះវិញ្ញាណបរិសុទ្ធ មកសណ្ឋិតនៅក្នុងពួកអ្នកដើរតាមទ្រង់ទាំងអស់(យ៉ូហាន ១៤:១៦-១៧)។ ដូច្នេះ កាលណាយើងរាល់គ្នាស្រឡាញ់ ហើយបម្រើព្រះយេស៊ូវ យើងនឹងកត់សំគាល់ឃើញ ទ្រង់កំពុងធ្វើការ នៅក្នុងជីវិតរបស់យើងផ្ទាល់។ ហើយ ដែលពិសេសជាងនេះទៀតនោះ អស់អ្នកដែលនៅជុំវិញយើង គេក៏អាចមើលឃើញព្រះយេស៊ូវផងដែរ! —Amy Boucher Pye