រកឃើញផ្លូវត្រឡប់មកផ្ទះវិញ
ជួនកាល ដំណើរជីវិតរស់នៅប្រចាំថ្ងៃ អាចមានការលំបាកខ្លាំង ដែលធ្វើឲ្យយើងមានអារម្មណ៍ថា មិនអាចទ្រាំទ្ររួច ហើយភាពងងឹត ហាក់ដូចជាគ្មានទីបញ្ចប់សោះ។ ក្នុងអំឡុងពេលដែលជីវិតគ្រួសាររបស់ខ្ញុំ កំពុងស្ថិតក្នុងស្ថានភាពបែបនេះ នៅពេលព្រឹកថ្ងៃមួយ ភរិយារបស់ខ្ញុំបានចេញពីការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះជាម្ចាស់ ដោយនាំមកនូវមេរៀនថ្មីមួយដែលគាត់រៀនបាន។ គាត់គិតថា ពេលយើងបានចេញពីភាពងងឹត ចូលក្នុងពន្លឺហើយ ព្រះជាម្ចាស់មិនចង់ឲ្យយើងភ្លេចអ្វី ដែលយើងបានរៀនក្នុងពេលដ៏ងងឹតនោះឡើយ”។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសំបុត្រដែលសាវ័កប៉ុលបានសរសេរ ផ្ញើទៅពួកជំនុំនៅក្រុងកូរិនថូស(២កូរិនថូស ១) បន្ទាប់ពីបានរៀបរាប់ អំពីការលំបាកទាំងប៉ុន្មាន ដែលគាត់ និងក្រុមការងាររបស់គាត់ បានស៊ូទ្រាំនៅតំបន់អាស៊ី។ លោកប៉ុលចង់ឲ្យពួកជំនុំនៅក្រុងកូរិនថូស យល់ពីរបៀបដែលព្រះអាចប្រោសលោះយើង ទោះយើងស្ថិតក្នុងពេលដ៏ងងឹតបំផុតក៏ដោយ។ គាត់មានប្រសាសន៍ថា យើងបានទទួលការកម្សាន្តចិត្ត ដូច្នេះ យើងអាចរៀនកម្សាន្តចិត្តអ្នកដទៃ(ខ.៤)។ កាលនោះ ព្រះទ្រង់កំពុងបង្រៀនលោកប៉ុល និងក្រុមរបស់គាត់ ក្នុងអំឡុងពេលដែលពួកគេកំពុងមានទុក្ខលំបាក ប្រយោជន៍ឲ្យពួកគាត់អាចប្រើបទពិសោធន៍ទាំងនេះ ដើម្បីជួយកម្សាន្តចិត្ត និងទូន្មានដល់ពួកជំនុំក្រុងកូរិនថូស ពេលពួកគេជួបប្រទះការពិបាក។ ព្រះជាម្ចាស់ក៏ធ្វើយ៉ាងដូច្នេះ សម្រាប់យើងផងដែរ ប្រសិនបើយើងបើកចិត្តស្តាប់ទ្រង់។ ទ្រង់នឹងជួយរំដោះយើង ឲ្យរួចពីទុក្ខលំបាក ដោយបង្រៀនយើង ឲ្យចេះប្រើអ្វីដែលយើងបានរៀន ពីការរងទុក្ខនោះ ដើម្បីបម្រើអ្នកដទៃ។ តើពេលនេះ អ្នកកំពុងស្ថិតនៅក្នុងភាពងងឹតមែនទេ? សូមទទួលបានការលើកទឹកចិត្ត តាមរយៈការបង្រៀន និងបទពិសោធន៍របស់សាវ័កប៉ុលចុះ។…
Read article