
របៀបដ៏ត្រឹមត្រូវ ក្នុងការអធិស្ឋាន
ដោយXochitl Dixon
September 15, 2018
ខ្ញុំសូមកោតសរសើរ ដល់អស់អ្នកដែលកត់ត្រាសំណូមពរអធិស្ឋាន នៅក្នុងសៀវភៅកំណត់ត្រា ដែលទួកអស់ ដោយសារ កាន់ប្រើរាល់ថ្ងៃ ព្រមទាំងតាមដានការអធិស្ឋាន និងការសរសើរដំកើង ដែលបានកត់ទុក ហើយក៏បានសរសេរអំពីការឆ្លើយតប ដែលបានទទួលសម្រាប់ការអធិស្ឋាននីមួយៗ។ ខ្ញុំក៏បានទទួលការបណ្តាលចិត្ត ដោយសារអ្នកដែលជួបប្រជុំគ្នា ជាមួយអ្នកដទៃទៀត ដើម្បីអធិស្ឋាន ហើយបានលុតជង្គង់អធិស្ឋាននៅក្បែរគ្រែគេង ស្ទើរសឹករនាបផ្ទះ។ អស់ពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានព្យាយាមយកគំរូតាមពួកគេ និងខិតខំបង្កើតឲ្យមានទម្លាប់ដ៏ល្អឥតខ្ចោះ នៃការអធិស្ឋាន ហើយព្យាយាមធ្វើប្រើពាក្យពេចន៍វោហា តាមអ្នកដែលពូកែប្រើពាក្យជាងខ្ញុំ។ នៅពេលនោះ ខ្ញុំហាក់ដូចជាកំពុងតែព្យាយាមស្វែងរកអាថ៌កំបាំងនៃការអធិស្ឋាន។ នៅទីបំផុត ខ្ញុំក៏បានដឹងថា ព្រះអម្ចាស់នៃយើង គ្រាន់តែសព្វព្រះទ័យឲ្យយើង ចាប់ផ្ដើមអធិស្ឋាន ហើយបញ្ចប់ ដោយការបន្ទាបខ្លួនតែប៉ុណ្ណោះ (ម៉ាថាយ ៦:៥)។ ទ្រង់អញ្ជើញយើងឲ្យចូលទៅក្នុងការសន្ទនា ដែលទ្រង់សន្យាថា ទ្រង់នឹងស្តាប់យើងអធិស្ឋាន(ខ.៦) ។ ព្រះអង្គមិនដែលតម្រូវ ឲ្យយើងលេងពាក្យ ឬអធិស្ឋានរត់មាត់ ដូចគេសូត្រមេលេខនោះឡើយ(ខ.៧)។ ទ្រង់ធានាចំពោះយើងថា ការអធិស្ឋានគឺជាអំណោយមួយ និងជាឱកាស ដើម្បីថ្វាយសិរីល្អដល់ទ្រង់(ខ.៩-១០) ដើម្បីបង្ហាញពីទំនុកចិត្តចំពោះការផ្គត់ផ្គង់របស់ទ្រង់ (ខ.១១) និងដើម្បីបញ្ជាក់ពីសុវត្ថិភាព ដែលយើងមាន នៅក្នុងការអត់ទោស និងការដឹកនាំរបស់ទ្រង់ (ខ.១២-១៣)។ ព្រះជាម្ចាស់ធានាដល់យើងថា ទ្រង់ស្ដាប់ឮ ហើយយកព្រះទ័យទុកដាក់ ចំពោះរាល់ការអធិស្ឋាន ដែលបាននិយាយចេញមក និងការអធិស្ឋានតែក្នុងចិត្ត ក៏ដូចជាការអធិស្ឋានដោយបង្ហូរទឹកភ្នែក។ នៅពេលយើងដាក់ការទុកចិត្តរបស់យើង ទៅលើព្រះ និងទៅលើសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះ ដែលទ្រង់មានចំពោះយើង នោះយើងប្រាកដជាអាចអធិស្ឋាន ដោយចិត្ដបន្ទាប ទាំងចុះចូល ហើយពឹងផ្អែកលើទ្រង់។ នេះហើយជារបៀបដែលត្រឹមត្រូវ នៃការអធិស្ឋាន។—Xochitl Dixon
បទគម្ពីរប្រចាំថ្ងៃ
តែឯអ្នក កាលណាអធិស្ឋាន នោះត្រូវឲ្យចូលទៅក្នុងបន្ទប់ ហើយបិទទ្វារ រួចអធិស្ឋានដល់ព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅទីលាក់កំបាំងចុះ។ ម៉ាថាយ ៦:៦