ព្រឹក

ការស្កប់ចិត្តបំផុត
ដោយLinda Washington
September 14, 2018
នៅពេលដែលក្រុមការងារយើងបានចែកអាហារសម្រន់ដល់កុមារ នៅកម្មវិធីរបស់សាលាព្រះគម្ពីរ យើងបានកត់សំគាល់ ឃើញក្មេងប្រុសតូចម្នាក់ កំពុងញ៉ាំអាហារដែលយើងចែកឲ្យអស់គ្មានសល់ ដោយសារស្រេកឃ្លានយ៉ាងខ្លាំង ហើយក៏បានទៅរើ អាហារដែលក្មេងដទៃទៀតញាំសល់ នៅលើតុជាមួយគាត់។ ក្រោយមក ខ្ញុំបានឲ្យពោតលីងមួយកញ្ចប់ ឲ្យគាត់ញាំថែមទៀត តែគាត់នៅតែមិនឆ្អែតដដែល។ ក្នុងនាមជាអ្នកដឹកនាំ យើងមានការព្រួយបារម្ភថា ហេតុអ្វីបានជាក្មេងតូចម្នាក់នេះឃ្លានខ្លាំងយ៉ាងនេះ។ រឿងនេះក៏បានធ្វើឲ្យខ្ញុំនឹកចាំថា យើងក៏អាចមានការស្រេកឃ្លាន ក្នុងផ្លូវអារម្មណ៍ ដែលមិនចេះឆ្អែតឆ្អន់ ដូចក្មេងប្រុសម្នាក់នេះដែរ។ យើងខំប្រឹងស្វែងរកវិធីជាច្រើន ដើម្បីបំពេញការស្រេកឃ្លាន ក្នុងជម្រៅចិត្តយើង ប៉ុន្តែ យើងនៅតែមិនអាចបំពេញចិត្តខ្លួនឯងឲ្យឆ្អែតបាន។ ហោរាអេសាយបានអញ្ជើញអស់អ្នកដែលស្រេកឃ្លាន ឲ្យ“មកទិញ ហើយបរិភោគ” (អេសាយ ៥៥:១) ។ ប៉ុន្តែ បន្ទាប់មកគាត់ក៏បានសួរថា “ហេតុអ្វីបានជាចាយប្រាក់ ឲ្យបានតែរបស់ដែលមិនមែនជាអាហារ ហើយបង់កំឡាំង ឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ?” (ខ.២)។ ត្រង់ចំណុចនេះ លោកអេសាយមិនគ្រាន់តែនិយាយសំដៅ ទៅលើការស្រេកឃ្លាន ខាងរូបកាយប៉ុណ្ណោះទេ។ ព្រះទ្រង់អាចចម្អែតការស្រេកឃ្លាន ទាំងខាងវិញ្ញាណ និងខាងផ្លូវអារម្មណ៍របស់យើង តាមរយៈការសន្យាថា ទ្រង់នឹងមានព្រះវត្តមាន នៅជាប់ជាមួយយើងជានិច្ច។ “ការតាំងសេចក្ដីសញ្ញាដ៏អស់កល្ប” នៅ ខ.៣ គឺជាការរំឭក អំពីការសន្យាមួយ ដែលព្រះទ្រង់ប្រទានស្តេចដាវីឌ នៅក្នុងគម្ពីរ បទគម្ពីរ ២សាំយូអែល ៧:៨-១៦។ ព្រះទ្រង់បានសន្យាថា ព្រះសង្រ្គោះមួយអង្គនឹងយាងមកប្រសូត្រ តាមរយៈពូជពង្សរបស់ស្តេចដាវីឌ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងព្រះឡើងវិញ។ ក្រោយមក នៅក្នុងបទគម្ពីរ យ៉ូហាន ៦:៣៥ និង ៧:៣៧ ព្រះយេស៊ូវបានត្រាស់ហៅអស់អ្នកស្រេកឃ្លាន ដូចដែលហោរាអេសាយ បានធ្វើដែរ គឺបានសេចក្តីថា ទ្រង់បានប្រកាសថា ទ្រង់ជាព្រះអង្គសង្រ្គោះ ដែលលោកអេសាយ និងពួកហោរាដទៃទៀត សុទ្ធតែបានថ្លែងទំនាយអំពីទ្រង់។ តើអ្នកកំពុងតែស្រេកឃ្លានមែនទេ? ព្រះទ្រង់កំពុងតែត្រាស់ហៅមនុស្សគ្រប់គ្នា ឲ្យចូលមករកទ្រង់ ដើម្បីឲ្យបានឆ្អែត នៅក្នុងព្រះវត្តមានរបស់ទ្រង់ ។—Linda Washington
បទគម្ពីរប្រចាំថ្ងៃ
ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ។ អេសាយ ៥៥:១
ល្ងាច

តើល្អសម្រាប់ខ្ញុំទេ?
ដោយDave Branon
September 14, 2018
ដោយសារខ្ញុំចូលចិត្តស្ករសូកូឡាខ្មៅ មានពេលមួយ ខ្ញុំបានស្រាវជ្រាវក្នុងអ៊ីនធឺណិត ដើម្បីឲ្យដឹងថា តើសូកូឡាខ្មៅ ល្អសម្រាប់ខ្ញុំទេ? ខ្ញុំទទួលបានចម្លើយខុសៗគ្នាមួយចំនួន ខ្លះថាល្អ ខ្លះថាមិនល្អ។ អ្នកក៏អាចសួរសំណួរដូចនេះដែរ ចំពោះផលិតផលម្ហូបអាហារស្ទើរតែទាំងអស់។ ឧទាហរណ៍ អ្នកអាចសួរថា តើទឹកដោះគោល្អសម្រាប់ខ្ញុំទេ? តើកាហ្វេល្អសម្រាប់ខ្ញុំទេ? តើបាយល្អសម្រាប់ខ្ញុំទេ? អ៊ីនធឺណិតនឹងផ្តល់ឲ្យយើងនូវចម្លើយខុសៗគ្នាជាច្រើន ចំពោះសំណួរទាំងនេះ។ ដូច្នេះ យើងត្រូវដឹងថា ការស្វែងរកចម្លើយ តាមអ៊ីនធើណិតដោយខ្លួនឯង ប្រហែលជាមិនល្អសម្រាប់យើងប៉ុន្មានទេ។ វាអាចធ្វើឲ្យយើងឈឺក្បាលបាន! ប៉ុន្តែ ប្រសិនបើអ្នកតែងតែស្វែងរកអ្វីមួយ ដែលល្អមួយរយភាគរយ សម្រាប់ខ្លួនឯង គ្រប់ពេលនោះ នោះខ្ញុំសូមលើទឹកចិត្តអ្នក ឲ្យស្វែងរកក្នុងព្រះបន្ទូលព្រះវិញ។ សម្រាប់អ្នកដើរតាមព្រះយេស៊ូវ ដែលស្វែងរកការប្រកបទាក់ទង ជាមួយព្រះជាម្ចាស់ អ្វីដែលព្រះបន្ទូលអាចធ្វើសម្រាប់ពួកគេ គឺមានដូចតទៅ ព្រះបន្ទូលអាចរក្សាយើង ឲ្យបរិសុទ្ធ(ទំនុកដំកើង ១១៩:៩,១១) ។ ព្រះបន្ទូលនាំឲ្យយើងទទួលព្រះពរ (លូកា ១១:២៨) ។ ព្រះបន្ទូលធ្វើឲ្យយើងមានប្រាជ្ញា (ម៉ាថាយ ៧:២៤) ។ ព្រះបន្ទូលផ្តល់ពន្លឺ និងការយល់ដឹង (ទំនុកដំកើង ១១៩:១៣០) ។ ព្រះបន្ទូលជួយយើង ឲ្យលូតលាស់ខាងព្រលឹងវិញ្ញាណ (១ពេត្រុស ២:២) ។ ព្រះនៃយើងទ្រង់ល្អ។ បទគម្ពីរទំនុកដំកើង ១៤៥:៩ បានចែងថា “ព្រះយេហូវ៉ាទ្រង់ល្អ ដល់មនុស្សទាំងអស់” ។ ហើយនៅក្នុងសេចក្តីល្អរបស់ទ្រង់ ទ្រង់បានប្រទាន ដល់អស់អ្នកដែលស្រឡាញ់ទ្រង់ នូវការណែនាំ ដែលជួយឲ្យយើង ដឹងពីររបៀបពង្រឹងទំនាក់ទំនងរបស់យើង ជាមួយព្រះអង្គ។ ខណៈពេលដែលយើងព្យាយាមជ្រើសរើសរបៀបរស់នៅ ក្នុងពិភពលោកដែលពេញទៅដោយជម្រើស ចូរយើងសរសើរដំកើងព្រះជាម្ចាស់ ដ្បិតទ្រង់បានប្រាប់យើង ឲ្យដឹងថា មានអ្វីខ្លះដែលល្អសម្រាប់យើងនៅក្នុងព្រះគម្ពីរ។ ចូរយើងពោលឡើង តាមអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា “ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត” (ទំនុកដំកើង ១១៩:១០៣) ។—Dave Branon
បទគម្ពីរប្រចាំថ្ងៃ
ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរសូមបង្រៀនបញ្ញត្តទ្រង់ ដល់ទូលបង្គំ។ ទំនុកដំកើង ១១៩:៦៨