
ស្នាមឆ្លាក់ នៅលើព្រះហស្ដទ្រង់
ដោយAmy Boucher Pye
September 17, 2018
លោកឆាល ស្ពើជីន ( Charles Spurgeon) បានបម្រើព្រះនៅព្រះវិហារ នៅទីក្រុងឡុងដ៍ ជាច្រើនឆ្នាំ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៨០០។ កាលនោះគាត់ចូលចិត្តអធិប្បាយ បទគម្ពីរ អេសាយ ៤៩:១៦ ដែលបានចែងថា ព្រះជាម្ចាស់បានចារឹកយើងទុក នៅផ្ទៃបាតព្រះហស្តរបស់ទ្រង់។ គាត់បានមានប្រសាសន៍ថា “បទគម្ពីរដ៏ល្អដូចនេះ គឺត្រូវឲ្យយើងយកមកអធិប្បាយរាប់រយដង!” សេចក្តីដែលបានចែងក្នុងបទគម្ពីរនេះ ពិតជាមានតម្លៃណាស់ បានជាយើងអាចយកមកពិចារណា នៅក្នុងគំនិតរបស់យើង ម្ដងហើយម្ដងទៀត។ លោកស្ពើជីន បានបកស្រាយយ៉ាងក្បោះក្បាយ អំពីសេចក្ដីសន្យារបស់ព្រះអម្ចាស់ ដល់ពួកអ៊ីស្រាអែល ជារាស្ដ្រទ្រង់ ដែលសេចក្តីសន្យានេះ បានជាប់ទាក់ទងនឹងព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ ដែលទ្រង់បានសុគតនៅលើឈើឆ្កាង ជំនួសយើងរាល់គ្នា។ លោកស្ពើជិនបានសួរថា “តើស្នាមរបួស នៅក្នុងព្រះហស្ដទ្រង់ គឺជាអ្វី? . . . គឺជាស្នាមឆ្លាក់ ដែលអ្នកឆ្លាក់បានយកដែកគោល មកឆ្លាក់ ដោយដំនឹងញញួរ។ ទ្រង់បានជាប់នៅលើឈើឆ្កាង ដើម្បីឲ្យព្រះទ្រង់អាចនឹងឆ្លាក់រាស្ដ្រទ្រង់ ជាប់នៅលើបាតព្រះហស្តរបស់ទ្រង់”។ ព្រះជាម្ចាស់បានសន្យា ថានឹងឆ្លាក់រាស្រ្ដរបស់ទ្រង់ ជាប់នៅលើព្រះហស្ដរបស់ទ្រង់ ដូចនេះ ព្រះយេស៊ូវបានលាតព្រះហស្ដរបស់ទ្រង់ នៅលើឈើឆ្កាង ទទួលការដំដែកគោល ចូលព្រះហស្ដទ្រង់ ដើម្បីឲ្យយើងអាចរួចផុតពីអំពើបាបរបស់យើង។ ប្រសិនបើ នៅពេលណាមួយ សេចក្តីល្បួងបាននាំឲ្យយើងគិតថា ព្រះជាម្ចាស់បានបំភ្លេចយើង នោះចូរយើងគ្រាន់តែក្រឡេកមើលបាតដៃរបស់យើង ហើយនឹកចាំពីការសន្យារបស់ព្រះអង្គចុះ។ ទ្រង់បានដាក់ស្នាមឆ្លាក់ដែលលប់មិនជ្រះ នៅលើព្រះហស្តរបស់ទ្រង់ ដើម្បីយើងរាល់គ្នា។ ទ្រង់ស្រឡាញ់យើងខ្លាំងណាស់។—Amy Boucher Pye
បទគម្ពីរប្រចាំថ្ងៃ
មើល អញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយ។ អេសាយ ៤៩:១៦