ពេលដែលយើងហត់នឿយខ្លាំង

ជួន​កាល ការ​ព្យាយាម​ធ្វើ​រឿង​ដែល​ត្រឹម​ត្រូវ អាច​មាន​ការ​នឿយ​ហត់​ខ្លាំង។ យើង​ប្រហែល​ជា​ឆ្ងល់​ថា តើ​ពាក្យ​សម្តី និងសកម្ម​ភាព ដែល​ខ្ញុំ​បាន​ធ្វើ​ដោយ​បំណង​ល្អ មាន​ប្រយោជន៍​ដែរ​ឬ​ទេ? ខ្ញុំ​មាន​ចម្ងល់​នេះ ក្នុង​ពេល​ថ្មី​ៗ​នេះ គឺ​នៅ​ពេល​ដែល​ខ្ញុំ​បានផ្ញើ​អ៊ីមែល ដោយ​ការ​គិត​ពិចារណា និងការ​អធិ​ស្ឋាន ដើម្បី​លើក​ទឹក​ចិត្ត​មិត្ត​ភក្តិ​ម្នាក់ ប៉ុន្តែ បែរ​ជា​ទទួល​បាន​ការ​ឆ្លើយ​តប ដោយកំហឹង​ទៅ​វិញ។ ខ្ញុំ​ក៏​មាន​ប្រតិកម្ម​ភ្លាម​ៗ ដោយ​ការ​ឈឺ​ចាប់ និង​កំហឹង។ តើ​ហេតុ​អ្វី​បាន​ជា​គេ​យល់​ច្រឡំ ចំពោះ​ខ្ញុំ​យ៉ាង​នេះ?

មុន​ពេល​ដែល​ខ្ញុំ​ឆ្លើយ​តប​ដោយ​កំហឹង ខ្ញុំ​ចង​ចាំ​ថា​ យើង​មិន​តែង​តែ​ដឹង​ជា​មុន អំពី​លទ្ធ​ផល (ឬ​លទ្ធ​ផល​ដែល​យើង​ចង់​បាន)  នៅ​ពេល​ដែល​យើង​ប្រាប់​នរណា​ម្នាក់ អំពី​សេចក្តី​ស្រឡាញ់ ដែល​ព្រះយេស៊ូវ​មាន​ចំពោះ​ពួក​គេ​ឡើយ​។ យើង​ធ្វើ​ការ​ល្អ សម្រាប់​អ្នក​ដទៃ ដោយ​សង្ឃឹម​ថា យើង​នឹង​អាច​នាំ​ពួក​គេ​ឲ្យ​មក​រក​ទ្រង់ តែ​ពួក​គេ​អាច​បដិសេធ​យើង។ ពេល​ដែល​យើង​ព្យាយាម​លើក​ទឹក​ចិត្ត​នរណា​ម្នាក់ ដោយ​សុភាព ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ពួក​គេ​អាច​មិន​អើពើ​ចំពោះ​យើង។

បទ​គម្ពីរ​កាឡាទី ជំពូក៦ គឺ​ជា​បទ​គម្ពីរ​ដ៏​ល្អ ដែល​យើង​អាច​ប្រើ នៅ​ពេល​ដែល​យើង​ធ្លាក់​ទឹក​ចិត្ដ ដោយ​សារ​ការ​ឆ្លើយ​តបរបស់​នរណា​ម្នាក់ ចំពោះ​ការ​ប្រឹង​ប្រែង​ដ៏​ស្មោះ​ត្រង់​របស់​យើង។ ក្នុង​បទ​គម្ពីរ​នេះ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ពិចារ​ណា ​ពី​បំណង​ចិត្ត ដែល​យើង​មាន ក្នុង​ការ​និយាយ និង​ធ្វើ​អ្វី​មួយ(ខ.១-៤)។ នៅ​ពេល​ដែល​យើង​បាន​ធ្វើ​ដូច្នេះ​ហើយ គាត់​បាន​លើកទឹក​ចិត្ត​យើង ឲ្យ​អត់​ទ្រាំ។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា  “កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ  ដូច្នេះ កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់” (ខ.៩-១០)។

ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ ឲ្យ​យើង​បន្ត​រស់​នៅ​សម្រាប់​ទ្រង់ ដោយ “ធ្វើ​ការ​ល្អ” ដែល​រាប់​បញ្ចូល​ការ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ និង​ប្រាប់​ពួក​គេ​អំពី​ទ្រង់។ ហើយ​យើង​ត្រូវ​ថ្វាយ​លទ្ធ​ផល ឲ្យ​ទ្រង់​ជា​អ្នក​សម្រេច។-ALYSON KIEDA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles