
ការអធិស្ឋាន និងរណាយន្ត
ដោយLinda Washington
October 17, 2018
ខ្ញុំមានការគោរព ចំពោះភាពក្លាហានរបស់អ៊ំស្រី ក្លេឌី(Glady) ទីបីជាលក្ខណៈសម្បត្តិមួយនេះ បានធ្វើឲ្យខ្ញុំមានការព្រួយបារម្ភចំពោះគាត់ នៅពេលខ្លះក៏ដោយ។ ឧទារហណ៍ មានពេលមួយ ខ្ញុំមានការព្រួយបារម្ភ ពេលដែលគាត់បានចែកចាយប្រាប់ខ្ញុំ នៅក្នុងអ៊ីមែលរបស់គាត់ថា គាត់បានកាប់រំលំដើមវលណាត់ដ៏ធំមួយដើម កាលពីថ្ងៃម្សិលមិញ។ ខ្ញុំមានការព្រួយបារម្ភចំពោះគាត់ ព្រោះគាត់មានអាយុ៧៦ឆ្នាំហើយ។ គាត់ហ៊ានប្រើរណាយន្ត ឬត្រង់ស៊ីន័រ ដើម្បីកាប់រំលំដើមឈើនោះ ដែលបានដុះពីក្រោយបន្ទប់ដាក់ឡានរបស់គាត់។ ពេលដែលឫសរបស់ដើមឈើនោះ បានព្យាយាមផុសចេញមកតាមជញ្ជាំងស៊ីម៉ង់ គាត់ដឹងថា គាត់ត្រូវតែកាប់ដើមឈើនោះចោល។ ប៉ុន្តែ គាត់បានប្រាប់យើងថា គាត់តែងតែអធិស្ឋាន មុនពេលគាត់ចាប់ផ្តើមធ្វើកិច្ចការដ៏គ្រោះថ្នាក់ដូចនេះ។ ខណៈពេលដែលលោកនេហេមា កំពុងបម្រើការជាអ្នកថ្វាយពែងដល់ស្តេចនៃចក្រភពពើរស៊ី ក្នុងអំឡុងពេលដែលប្រជាជនអ៊ីស្រាអែល កំពុងរស់នៅជាឈ្លើយសឹក មានអ្នកខ្លះបានធ្វើដំណើរទៅទីក្រុងយេរូសាឡិមវិញ។ ពេលពួកគេវិលត្រឡប់មកវិញ គាត់ក៏បានទទួលដំណឹងថា “កំផែងនៃក្រុងយេរូសាឡិម ក៏បាក់បែក ហើយទ្វារបានឆេះអស់ផង”(នេហេមា ១:៣)។ ដោយសារកំផែងបាក់បែក នោះពួកខ្មាំងសត្រូវងាយនឹងលើកទ័ពមកវាយយកទីក្រុងយេរូសាឡិម។ លោកនេហេមាមានការអាណិតអាសូរ ចំពោះប្រជាជនរបស់គាត់ ហើយចង់ជួយពួកគេ។ ប៉ុន្តែ គាត់ត្រូវអធិស្ឋានជាមុនសិន ជាពិសេស ដោយសារស្តេចថ្មី បានសរសេរសំបុត្របង្គាប់ឲ្យគេបញ្ឈប់ការសាងសង់ នៅទីក្រុងយេរូសាឡិម(មើលអែសរ៉ា ៤)។ លោកនេហេមាក៏បានអធិស្ឋានឲ្យប្រជាជនគាត់(នេហេមា ១:៥-១០) ហើយបន្ទាប់មក គាត់ក៏បានទូលសូមជំនួយពីព្រះជាម្ចាស់ មុនពេលទូលសូមការអនុញ្ញាតិពីស្តេច ឲ្យចាកចេញទៅទីក្រុងយេរូសាឡិម(ខ.១១)។ តើអ្នកឆ្លើយតបចំពោះបញ្ហា ដោយការអធិស្ឋានដែរឬទេ? ការអធិស្ឋាន គឺជាវិធីដ៏ល្អបំផុត ដើម្បីប្រឈមមុននឹងកិច្ចការ ឬទុកលំបាក ក្នុងជីវិត។—LINDA WASHINGTON
បទគម្ពីរប្រចាំថ្ងៃ
ឱព្រះអម្ចាស់អើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ចំពោះសេចក្តីអធិស្ឋានរបស់ទូលបង្គំ និងសេចក្តីអធិស្ឋានរបស់ពួកអ្នកបំរើទ្រង់។ នេហេមា ១:១១