ការរំខានដ៏គ្រោះថ្នាក់

វិចិត្រករ​ឈ្មោះ ហ្គែតស៍(Goetze) បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដល់​ចក្រ​ភព​អង់​គ្លេស នៅ​សម័យ​ក្សត្រី​វិចតូរីយ៉ា ដោយសារ​ផ្ទាំង​គំនូរ​មួយ​ផ្ទាំង ដែល​មាន​ចំណង​ជើង​ថា “ត្រូវ​មនុស្ស​ស្អប់​ខ្ពើម និង​បដិសេធន៍”។ ក្នុង​រូប​គំនូរ​នេះ គាត់​បាន​បង្ហាញ​អំពី​ព្រះ​យេស៊ូវ ដែល​កំពុង​ទុក្ខ​វេទនា និង​ត្រូវ​គេ​កាត់​ទោស នៅ​ជុំវិញ​មនុស្ស ដែល​កំពុង​រស់​នៅ​ក្នុង​ជំនាន់​របស់​លោក​ហ្គែតស៍។  ពួក​គេ​មាន​ការ​ងប់​ងល់ នឹង​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ ដែល​មាន​ដូច​ជា មុខ​ជំនួញ ស្នេហា និងនយោបាយ​ជា​ដើម បាន​ជា​ពួក​គេ​មិន​ខ្វល់​អំពី​ការ​លះ​បង់​របស់​ព្រះ​អង្គ​សង្រ្គោះ​ឡើយ។ ហ្វូង​មនុស្ស​ដែល​នៅ​ជុំវិញ​ព្រះយេស៊ូវ ក្នុង​ផ្ទាំង​គំនូរ​នោះ មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទ្រង់​ទេ គឺ​មិន​ខុស​ពី​ហ្វូង​មនុស្ស​នៅ​សតវត្សរ៍​ទី​មួយ ដែល​មក​ជុំ​គ្នា​នៅជុំវិញ​ឈើ​ឆ្កាង​ព្រះយេស៊ូវ ដោយ​មិន​ដឹង​ថា ខ្លួន​កំពុង​មើល​រំលង​រឿង​ដ៏​សំខាន់ ឬ​មើល​រំលង​ព្រះ​មួយ​អង្គ ដែល​កំពុង​សុគត​ដើម្បី​ពួក​គេ។

នៅ​សម័យ​បច្ចុប្បន្ន ក៏​មាន​រឿង​អញ្ចឹង​ដែរ។ អ្នក​ជឿ​ព្រះ​ ក៏​ដូច​ជា​អ្នក​មិន​ជឿ​ សុទ្ធ​តែ​អាច​មាន​អ្វី​មក​រំខាន មិន​ឲ្យ​គិត​អំពី​ភាព​អស់​កល្ប​ជា​និច្ច។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ អាច​ចេញ​ពី​អព្ធ​នៃ​ការ​រំខាន​នេះ ដោយ​សេចក្តី​ពិត នៃ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ? គឺ​យើង​អាច​ចេញ​ពី​ការ​រំខាន​នោះ ដោយ​ស្រឡាញ់​គ្នា ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​បង​ប្អូន​រួមជំនឿ​របស់​ព្រះ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក”(យ៉ូហាន ១៣:៣៥)។

ប៉ុន្តែ សេចក្តី​ស្រឡាញ់​ដ៏​ពិត មិន​មែន​មាន​តែ​ប៉ុណ្ណេះ​ទេ។ យើង​ត្រូវ​ចែក​រំលែក​ក្តី​ស្រឡាញ់​នោះ ដល់​អ្នក​ដទៃ​ផង​ដែរ ដោយផ្សាយ​ដំណឹង​ល្អ ដើម្បី​នាំ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះអង្គ​សង្រ្គោះ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះគ្រីស្ទ”(២កូរិនថូស ៥:២០)។

កាល​ណា​យើង​ធ្វើ​ដូច​នេះ រូប​កាយ​របស់​ព្រះ​គ្រីស្ទ អាច​ឆ្លុះ​បញ្ចាំង និង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដល់​គ្នា​ទៅ​វិញ​ទៅមក និង​ដល់​លោកិយ ដែល​កំពុង​ស្រេក​ឃ្លាន​សេចក្តី​ស្រឡាញ់​នោះ។ ចូរ​យើង​ពឹង​ផ្អែក​អំណាច​នៃ​ព្រះវិញ្ញាណ ដើម្បី​ខិត​ខំជម្នះ​ការ​រំខាន ដែល​រារាំង​មិន​ឲ្យ​យើង​មើល​ឃើញ​ការ​អស្ចារ្យ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ក្នុង​អង្គ​ព្រះ​យេស៊ូវ។ —BILL CROWDER

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles