
មិនបញ្ឈប់ការសាងសង់
ដោយLeslie Koh
November 17, 2018
ពេលដែលលោកសាយម៉ុនមានឱកាសទទួលមុខនាទីថ្មី នៅកន្លែងធ្វើការ គាត់ជឿថា វាជាឱកាស ដែលព្រះទ្រង់ប្រទាន។ បន្ទាប់ពីគាត់បានអធិស្ឋាន សូមព្រះទ្រង់ជួយគាត់ ក្នុងការសម្រេចចិត្ត និងការដឹកនាំ គាត់ក៏បានដឹងថា ព្រះអង្គកំពុងតែប្រទានឲ្យគាត់មានឱកាស ដើម្បីមានការទទួលខុសត្រូវកាន់តែធំជាងមុន។ អ្វីៗក៏មានភាពរលូន ហើយចៅហ្វាយរបស់គាត់ ក៏បានគាំទ្រការសម្រេចចិត្តរបស់គាត់។ ប៉ុន្តែ បន្ទាប់មក អ្វីៗក៏បានចាប់ផ្តើមមានបញ្ហា។ មិត្តរួមការងាររបស់គាត់ខ្លះ មិនពេញចិត្តនឹងការឡើងតំណែងរបស់គាត់ ហើយក៏បានបដិសេធន៍មិនព្រមសហការណ៍ជាមួយគាត់។ គាត់ក៏ចាប់ផ្តើមឆ្ងល់ថា តើគាត់គួរតែបោះបង់ចោលឬអត់? ពេលដែលពួកអ៊ីស្រាអែលវិលត្រឡប់មកទីក្រុងយេរូសាឡិម ដើម្បីកសាងដំណាក់របស់ព្រះឡើងវិញ ពួកខ្មាំងសត្រូវក៏បានព្យាយាមធ្វើឲ្យពួកគេមានការភ័យខ្លាច និងការបាក់ទឹកចិត្ត(អែសរ៉ា ៤:៤)។ ពួកអ៊ីស្រាអែលក៏បានផ្អាកការសាងសង់ ប៉ុន្តែ ពួកគេក៏បានធ្វើបន្តទៀត ពេលដែលព្រះទ្រង់លើកទឹកចិត្តពួកគេ តាមរយៈហោរាហាកាយ និងហោរាសាការី(៤:២៤-៥:២)។ ពួកខ្មាំងសត្រូវក៏បានមករករឿងពួកគេជាថ្មីម្តងទៀត។ ប៉ុន្តែ លើកនេះ ពួកគេបានអត់ទ្រាំ ដោយដឹងថា “ព្រះនេត្រនៃព្រះរបស់ពួកគេ បានទតមើលពួកគេ”(៥:៥)។ ពួកគេក៏បានប្រកាន់ខ្ជាប់ តាមការណែនាំរបស់ព្រះជាម្ចាស់ ហើយក៏បានទុកចិត្តថា ទ្រង់នឹងចម្លងពួកគេ ឲ្យឆ្លងកាត់ការប្រឆាំង ដែលពួកគេកំពុងជួបប្រទះ។ ជាការពិតណាស់ ព្រះទ្រង់ក៏បានប៉ះពាល់ព្រះទ័យរបស់ស្តេចពើរស៊ី ឲ្យគាំទ្រការសាងសង់ព្រះវិហារ ដល់ចប់សព្វគ្រប់(ខ.១៣-១៤)។ យ៉ាងណាមិញ លោកសាយមុនក៏បានស្វែងរកប្រាជ្ញាពីព្រះជាម្ចាស់ ក្នុងសម្រេចចិត្តថា តើគាត់គួរតែបន្តការងាររបស់គាត់ ឬត្រូវស្វែងរកមុននាទីថ្មី។ ពេលគាត់ដឹងថា ព្រះទ្រង់កំពុងត្រាសហៅគាត់ ឲ្យបន្តនៅធ្វើការ គាត់ក៏បានពឹងផ្អែកលើកម្លាំងរបស់ទ្រង់ ដើម្បីអត់ទ្រាំនឹងទុក្ខលំបាក។ ក្រោយមក មិត្តរួមការងាររបស់គាត់ ក៏បានទទួលស្គាល់គាត់ បន្តិចម្តងៗ។ ខណៈពេលដែលយើងព្យាយាមដើរតាមព្រះជាម្ចាស់ ទោះទ្រង់ដាក់យើងនៅកន្លែងណាក៏ដោយ យើងអាចជួបការប្រឆាំង ក្នុងដំណើររបស់យើង។ ហេតុនេះហើយ យើងចាំបាច់ត្រូវបន្តដើរតាមទ្រង់។ ទ្រង់នឹងដឹកនាំយើង ហើយចម្លងយើងដល់ត្រើយ។—LESLIE KOH
បទគម្ពីរប្រចាំថ្ងៃ
ព្រះនេត្រនៃព្រះបានទតមកលើពួកចាស់ទុំសាសន៍យូដា ហើយលោកចៅហ្វាយមិនបានបញ្ឈប់ការដែលកំពុងតែធ្វើនោះទេ។ អែសរ៉ា ៥:៥