
ព្រះជាម្ចាស់គង់នៅទីនេះ
ដោយLisa Samra
November 26, 2018
នៅផ្ទះខ្ញុំ មានផ្លាកមួយ ដែលយើងបានសរសេរពាក្យស្លោកពីលើថា “ទោះយើងដឹង ឬមិនដឹងក្តី ព្រះទ្រង់តែងតែគង់នៅជាមួយជានិច្ច”។ លោកហូសេ គឺជាហោរានៅគ្រាសញ្ញាចាស់ ដែលបានរស់នៅ ក្នុងចុងសតវត្សរ៍ទី៨ មុនគ្រីស្ទសករាជ(ឆ្នាំ៧៥៥ ដល់ ៧១៥ មុនគ្រីស្ទសករាជ)។ គាត់បានសរសេរពាក្យ ដែលស្រដៀងនឹងពាក្យស្លោកនេះ ទៅកាន់សាសន៍ហេព្រើរ ដោយលើកទឹកចិត្តពួកគេឲ្យ “ខំទទួលស្គាល់ទ្រង់”(ហូសេ ៦:៣) ព្រោះពួកគេបានបំភ្លេចទ្រង់(៤:១)។ ខណៈពេលដែលពួកគេភ្លេចព្រះវត្តមានរបស់ព្រះជាម្ចាស់ ពួកគេក៏បានចាប់ផ្តើមងាកចេញពីទ្រង់(ខ.១២) ហើយមិនយូរប៉ុន្មាន ពួកគេក៏លែងមានព្រះអង្គ នៅក្នុងគំនិតរបស់ខ្លួនទៀត(ទំនុកដំកើង ១០:៤)។ ក្នុងរឿងនេះ លោកហូសេបាននាំមកនូវ ការដាស់តឿនដ៏សាមញ្ញ តែសំខាន់ ឲ្យយើងទទួលស្គាល់ព្រះជាម្ចាស់ ដោយនឹកចាំ ថា ទ្រង់គង់នៅក្បែរយើង ហើយកំពុងធ្វើការក្នុងជីវិតយើង ទាំងក្នុងពេលមានអំណរ ក៏ដូចជាពេលមានទុក្ខ។ ការទទួលស្គាល់ព្រះជាម្ចាស់ អាចមានន័យថា ពេលដែលយើងបានឡើងតំណែង នៅកន្លែងធ្វើការ យើងត្រូវទទួលស្គាល់ថា ព្រះទ្រង់ជាអ្នកប្រទានពរ ឲ្យយើងមានប្រាជ្ញា ឲ្យសម្រេចកិច្ចការ ទាន់ពេលវេលា តាមថវិការដែលបានកំណត់ជាដើម។ ម្យ៉ាងទៀត បើសិនជាយើងធ្វើការស្នើសុំអ្វីមួយ ហើយត្រូវគេបដិសេធន៍ នោះយើងអាចទទួលស្គាល់ថាព្រះអង្គ នៅតែគង់នៅជាមួយយើងជានិច្ច ដើម្បីជួយទ្រទ្រង់យើង ខណៈពេលដែលយើងទុកចិត្តថា ទ្រង់កំពុងតែធ្វើការរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់យើង។ បើសិនជាយើងមិនអាចចូលរៀននៅមហាវិទ្យាល័យបានដូចចិត្ត នោះយើងអាចទទួលស្គាល់ថា ព្រះទ្រង់កំពុងគង់នៅជាមួយយើង ហើយទទួលការកម្សាន្តចិត្ត ពីព្រះវត្តមានរបស់ទ្រង់ សូម្បីតែនៅពេលដែលយើងមានការខកចិត្ត។ ខណៈពេលដែលយើងអរសប្បាយនឹងអាហារពេលល្ងាច យើងអាចទទួលស្គាល់ព្រះជាម្ចាស់ ដោយនឹកចាំ អំពីការផ្គត់ផ្គង់របស់ទ្រង់ ឲ្យយើងមានគ្រឿងផ្សំ និងកន្លែងសម្រាប់ធ្វើម្ហូប។ ពេលណាយើងទទួលស្គាល់ព្រះជាម្ចាស់ គឺមានន័យថា យើងនឹកចាំថា ទ្រង់កំពុងមានព្រះវត្តមាន ក្នុងពេលមានជោគជ័យ ក៏ដូចជាពេលមានទុក្ខ ក្នុងពេលមានរឿងតូច ក៏ដូចជាពេលមានរឿងធំ ក្នុងជីវិតរបស់យើង។ —LISA SAMRA
បទគម្ពីរប្រចាំថ្ងៃ
ចូរឲ្យយើងបានស្គាល់ព្រះយេហូវ៉ាចុះ ហើយមានព្យាយាមនឹងស្គាល់ទ្រង់តទៅ។ ហូសេ ៦:៣