ឪពុករបស់ខ្ញុំបានរស់នៅ ក្នុងជីវិតមួយ ដែលមានសេចក្តីប្រាថ្នាជាច្រើន។ គាត់ចង់បានភាពពេញលេញ សូម្បីតែនៅពេលដែលជម្ងឺប៉ាគីនសុនបានធ្វើឲ្យមានភាពពិការបន្តិចម្តងៗ នៅក្នុងគំនិត និងរូបកាយគាត់ក៏ដោយ។ គាត់ប្រាថ្នាចង់បានសន្តិភាព នៅពេលដែលគាត់កំពុងតែជួបការឈឺចាប់ ដោយសារជម្ងឺធ្លាក់ទឹកចិត្ត។ គាត់ចង់ទទួលសេចក្តីស្រឡាញ់ និងការឲ្យតម្លៃពីអ្នកដទៃ ប៉ុន្តែ ជាញឹកញាប់ គាត់បានជួបភាពឯកោជាញឹកញាប់។
គាត់មានអារម្មណ៍ថា គាត់មានភាពឯកោតិចជាងមុន ពេលដែលគាត់អានបទគម្ពីរ ទំនុកដំកើង ជំពូក៤២ ដែលជាបទគម្ពីរទំនុកដំកើងដែលគាត់ចូលចិត្តជាងគេ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងនេះ ក៏មានចិត្តស្រេកឃ្លានចង់បានការប្រោសឲ្យជា ដូចគាត់ផងដែរ(ខ.១-២)។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងក៏ធ្លាប់ជួបទុក្ខព្រួយ ដែលហាក់ដូចជាមិនដែលបាត់ទៅណា(ខ.៣) ធ្វើឲ្យក្តីអំណរមានតែនៅក្នុងការចងចាំដ៏យូរ(ខ.៦)។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏ធ្លាប់មានអារម្មណ៍ថា ព្រះជាម្ចាស់បានបោះបង់ចោលគាត់ និងបានទូលសួរទ្រង់ថា “ហេតុអ្វី?”(ខ.៩) ពេលដែលភាពជ្រួលច្របល់ និងការឈឺចាប់បានកើតមានជាបន្តបន្ទាប់(ខ.៧)។
ហើយព្រះបន្ទូលក្នុងបទគម្ពីរទំនុកដំកើង បានបក់មកលើគាត់ ដោយធានាថា គាត់មិនឯកោទេ ហើយឪពុកខ្ញុំក៏បានមានអារម្មណ៍ថា សន្តិភាពដ៏ស្ងាត់ស្ងៀមបានចាប់ផ្តើមមាន ក្នុងពេលដែលគាត់ឈឺចាប់។ គាត់ក៏បានស្តាប់ឮសម្លេងដ៏ស្រទន់នៅជុំវិញខ្លួនគាត់ គឺសម្លេងដែលធានាគាត់ថា ព្រះជាម្ចាស់នៅតែស្រឡាញ់គាត់យ៉ាងខ្លាំងជានិច្ច(ខ.៨) ទោះបីជាគាត់គ្មានចម្លើយ ទោះរលកនៃបញ្ហានៅតែបក់បោកមកលើគាត់ក្តី។
ពេលនោះ គាត់មានការស្កប់ចិត្ត ពេលដែលបានស្តាប់សំនៀងនៃសេចក្តីស្រឡាញ់ ក្នុងបទគម្ពីរទំនុកដំកើងនោះ នៅពេលយប់។ គឺមានចិត្តស្កប់ស្កល់ល្មមនឹងបន្តតោងជាប់សេចក្តីសង្ឃឹម សេចក្តីស្រឡាញ់ និងក្តីអំណរដែលបានកើនឡើង។ ហើយល្មមនឹងឲ្យគាត់ រង់ចាំដោយចិត្តអត់ធ្មត់ ចំពោះថ្ងៃដែលគាត់នឹងលែងស្រេកឃ្លានតទៅទៀត(ខ.៥,១១)។—MONICA BRANDS