តើមានអ្វីកំណត់ទិសដៅនៃជីវិតរបស់យើង? ខ្ញុំធ្លាប់ឮគេឆ្លើយសំណួរនេះ នៅកន្លែងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺនៅកន្លែងបង្រៀនបើកបរម៉ូតូ។ ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំខ្លះ ចង់ជិះម៉ូតូ ដូចនេះ យើងក៏បានទៅរៀនបើកបរម៉ូតូ។ ការហ្វឹកហាត់របស់យើងមានផ្នែកមួយ ដែលបង្រៀនយើងឲ្យផ្តោតទៅលើគោលដៅ។
គ្រូបង្វឹករបស់យើងមានប្រសាសន៍ថា “នៅពេលណាមួយ អ្នកនឹងប្រឈមមុខនឹងឧបស័គ្គ ដែលមិនបានរំពឹងទុក។ បើអ្នកសម្លឹងមើលវាមិនដាក់ភ្នែក ហើយផ្តោតទៅលើវា នោះអ្នកនឹងកាច់ចង្កូតម៉ូតូ ទៅបុកវាមិនខាន។ ប៉ុន្តែ បើអ្នកងាកចេញពីវា ហើយបើកបង្ហួសវា ទៅរកគោលដៅ ដែលអ្នកត្រូវទៅឲ្យដល់ នោះតាមធម្មតា អ្នកអាចជៀសវារួច”។ បន្ទាប់មក គាត់ក៏បាននិយាយបន្ថែមថា “ទីកន្លែងដែលអ្នកសម្លឹងឆ្ពោះទៅរក គឺជាទិសដៅ ដែលអ្នកកំពុងតែទៅ”។
នេះជាគោលការណ៍ដ៏សាមញ្ញ តែសំខាន់ ដែលយើងត្រូវប្រើ ក្នុងជីវិតខាងវិញ្ញាណផងដែរ។ ពេលណាយើង “ផ្តោតទៅលើឧបសគ្គ” ដែលជាបញ្ហា ឬជាទុក្ខលំបាករបស់យើង នោះការរស់នៅរបស់យើង ក៏នៅតែក្រវែលជុំវិញឧបស័គ្គនោះ។
ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យមើលរំលងបញ្ហារបស់យើង ហើយផ្តោតទៅរកព្រះជាម្ចាស់ ដែលទ្រង់អាចជួយដោះស្រាយបញ្ហាទាំងនោះ។ បទគម្ពីរទំនុកដំកើង ១២១:១ បានចែងថា “ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តែសេចក្តីជំនួយជួយដល់ខ្ញុំមកពីណា?” អ្នកនិពន្ធទំនុកដំកើងនេះ ក៏បានឆ្លើយថា “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី … ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ាទ្រង់នឹងរក្សា ចាប់តាំងពីឥឡូវនេះរៀងតទៅ”(ខ.២,៨)។
ជួនកាល ឧបសគ្គរបស់យើងហាក់ដូចជាធំណាស់។ ប៉ុន្តែ ព្រះទ្រង់បានប្រាប់យើង ឲ្យងាកទៅរកទ្រង់ ដើម្បីឲ្យយើងអាចមើលបង្ហួសបញ្ហារបស់យើង ជាជាងបណ្តោយឲ្យវាគ្រប់គ្រងរបៀបនៃការគិតរបស់យើង។—ADAM HOLZ