January 22, 2019

You are here:
ធ្វើជាកូនរបស់ព្រះជារៀងរហូត

ក្នុង​អំឡុង​ពេល​នៃ​ការ​ថ្វាយ​បង្គំ ដែល​ខ្ញុំ​បាន​ចូល​រួម ជា​មួយ​ឪពុក​ម្តាយ​ខ្ញុំ យើង​បាន​កាន់​ដៃ​គ្នា តាម​ទម្លាប់​ជា​ធម្មតា ខណៈ​ពេល​ដែល​យើង​សូត្រ​សេចក្តី​អធិស្ឋាន​នៃ​ព្រះ​អម្ចាស់​ទាំង​អស់​គ្នា។ ពេល​ដែល​ខ្ញុំ​កំពុង​តែ​ឈរ​ ដោយ​ដៃ​ម្ខាង​កាន់​ដៃ​ម្តាយ​របស់​ខ្ញុំ​ ហើយ​ម្ខាង​ទៀត​កាន់​ដៃ​ឪពុក​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹក​គិត​ថា ខ្ញុំ​នឹង​ធ្វើ​ជា​កូន​ស្រី​របស់​ពួក​គាត់​ជា​រៀង​រហូត។ ទោះ​បី​ជា​ខ្ញុំ​បាន​ចូល​ដល់​វ័យ​កណ្តាល​ហើយ​ក្តី គេ​នៅ​តែ​អាច​ហៅ​ខ្ញុំ​ថា “កូន​របស់​លោក​លេអូ និង​អ្នក​ស្រី​ហ្វ៊ីលីស”។ ខ្ញុំក៏​បាន​នឹក​ចាំ​ថា ខ្ញុំ​មិន​គ្រាន់​តែ​ជា​កូន​ស្រី​របស់​ពួក​គាត់​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ធ្វើ​ជា​កូន​របស់​ព្រះ​ជា​រៀង​រហូត​ផង​ដែរ។ សាវ័ក​ប៉ុល​ចង់​ឲ្យ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម​ដឹង​ថា ពួក​គេ​មាន​អត្ត​សញ្ញាណ​ជា​កូន ដែល​ព្រះ​ទ្រង់​ទទួល​ចិញ្ចឹម ក្នុង​មហា​គ្រួសារ​របស់​ទ្រង់​(រ៉ូម ៨:១៥)។ ដោយ​សារ​ពួក​គេ​បាន​កើត​ពី​ព្រះ​វិញ្ញាណ​(ខ.១៤) នោះ​ពួក​គេ​មិន​ចាំ​បាច់​ត្រូវ​រស់​នៅជា​ទាសករ​នៃ​ការ​អ្វី​ដែល​គ្មាន​ប្រយោជន៍​ពិត​ប្រាកដ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ តាម​រយៈ​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ ពួក​គេ​បាន​ធ្វើ​ជា “​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះគ្រីស្ទ”(ខ.១៧)។ សម្រាប់​អ្នក​ដែល​ដើរ​តាម​ព្រះ​គ្រីស្ទ តើ​ការ​ស្គាល់​អត្ត​សញ្ញាណ​ដ៏​ពិត​នេះ នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ខ្លះ? គឺ​នឹង​នាំ​ឲ្យ​ផ្លាស់​ប្តូរ​អ្វីៗ​គ្រប់​យ៉ាង។​ អត្ត​សញ្ញាណ​ដែល​យើង​មាន ក្នុង​នាម​ជា​កូន​របស់​ព្រះ ផ្តល់​ឲ្យ​យើង​នូវ​មូល​ដ្ឋាន​គ្រឹះ និងផ្លាស់​ប្តូរ​ទស្សនៈ​ដែល​យើង​មាន​ចំពោះ​ខ្លួន​ឯង និង​ចំពោះ​ព្រះ​ជា​ម្ចាស់​។ ឧទាហរណ៍ ពេល​យើង​ដឹង​ថា យើង​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​របស់​ព្រះ យើង​នឹង​ស្ម័គ្រ​ចិត្ត​បោះ​ជំហាន​ចេញ​ពី​ភាព​ស្រណុក​ស្រួល​របស់​យើង ខណៈ​ពេល​ដែល​យើង​ដើរ​តាម​ទ្រង់។ យើង​ក៏​នឹង​មាន​សេរីភាព រួច​ផុត​ពី​ការ​ស្វែង​រក​ការ​សរសើរ​ពី​អ្នក​ដទៃ។ នៅ​ថ្ងៃ​នេះ សូម​យើង​ជញ្ជឹង​គិត អំពី​អត្ថ​ន័យ​នៃ​ការ​ធ្វើ​ជា​កូន​ព្រះ​ចុះ។—AMY BOUCHER PYE

Read article