សេចក្តីមេត្តា និងព្រះគុណ
មានដើមផ្កាឈូករតន៍ដ៏គួរភ្ញាក់ផ្អើលមួយដើម បានឈរដោយខ្លួនឯង នៅចំកណ្តាលផ្លូវជាតិដ៏ឯកោមួយ ដែលមានចម្ងាយប្រហែល១ម៉ែត្រ ពីចំណែកផ្លូវសម្រាប់បើកលឿន។ ពេលខ្ញុំបើកកាត់តាមនោះ អស់ជាច្រើនគីឡូម៉ែត្រ មិនឃើញមានដើមផ្កាឈូករតន៍ដទៃទៀតសោះ ដូចនេះ ខ្ញុំឆ្ងល់ថា តើវាបានលូតលាស់តែឯងយ៉ាងដូចម្តេច? មានតែព្រះទេដែលអាចបង្កើតរុក្ខជាតិ ដ៏រឹងមាំយ៉ាងនេះ ដែលអាចលូតលាស់ ក្នុងថ្មប្រផេះនៅកណ្តាលថ្នល់ ជិតចំណែកផ្លូវដែលមានចរាចរណ៍ទៅមក។ នៅទីនោះវាបានលូតលាស់បានល្អ ដោយយោលខ្លួនតិចៗ តាមចរន្តខ្យល់បក់ ហើយបានស្វាគមន៍អ្នកដំណើរយ៉ាងរីករាយ ខណៈពេលដែលពួកគេបើកកាត់តាមនោះ។ កណ្ឌគម្ពីរសញ្ញាចាស់បានចែងអំពីប្រវត្តិរបស់ស្តេចយូដា ដ៏ស្មោះត្រង់មួយអង្គ ដែលបានធ្វើនូវរឿងដែលគេមិននឹកស្មានដល់។ ព្រះបិតា និងឰយុកោទ្រង់បានបម្រើព្រះដទៃ ដោយចិត្តក្លៀវក្លា តែ បន្ទាប់ពីស្តេចយ៉ូសៀសបានសោយរាជបាន៨ឆ្នាំ “កាលទ្រង់នៅក្មេងនៅឡើយ នោះទ្រង់ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ ជាឰយុកោទ្រង់”(១របាក្សត្រ ៣៤:៣)។ ទ្រង់បានចាត់ពួកជាងឲ្យទៅ “ជួសជុលព្រះវិហារព្រះអម្ចាស់”(ខ.៨) ហើយគេក៏បានរកឃើញគម្ពីរក្រឹត្យវិន័យ(កណ្ឌ៥ដំបូងនៃព្រះគម្ពីរសញ្ញាចាស់ ខ.១៤)។ បន្ទាប់មក ព្រះទ្រង់ក៏បានបណ្តាលចិត្តស្តេចយ៉ូសៀស ឲ្យដឹកនាំនគរយូដាទំាងមូល ឲ្យវិលត្រឡប់មករកជំនឿ នៃបុព្វបុរសរបស់ពួកគេវិញ ហើយពួកគេក៏បានបម្រើព្រះអម្ចាស់ “ដរាបណាស្តេចយ៉ូសៀសនៅមានព្រះជន្ម”(ខ.៣៣)។ ព្រះនៃយើងជាម្ចាស់នៃសេចក្តីមេត្តាករុណា ដែលមនុស្សមិននឹកស្មានដល់។ ព្រះអង្គអាចនាំឲ្យការល្អដ៏អស្ចារ្យ កើតមាន ដែលគេមិននឹកស្មានដល់ ចេញពីថ្មដ៏រឹងនៃកាលៈទេសៈនៃជីវិត ដែលមិនអំណោយផល។ ចូរយើងមើលទៅព្រះអង្គឲ្យបានច្បាស់។ ព្រះអង្គអាចធ្វើឲ្យការនេះកើតឡើងម្តងទៀត នៅថ្ងៃនេះ។—James Banks
Read article