
ភ្ញៀវមកស្នាក់នៅ ដែលគេមិននឹកស្មានដល់
ដោយSatya
September 20, 2021
លោកសាខេ គឺជាមនុស្សឯកោ។ ពេលដែលគាត់ដើរតាមផ្លូវទីក្រុង គាត់អាចមានអារម្មណ៍ដឹងថា គេកំពុងតែសម្លក់សម្លឹងគាត់ ដោយការស្អប់ខ្ពើម។ ប៉ុន្តែ ក្រោយមក ជីវិតគាត់មានការផ្លាស់ប្តូរ។ លោកខ្លេមិន នៃទីក្រុងអ័ឡេចក្សានឌ្រា(Clement of Alexandria) ស្ថិតក្នុងចំណោមអ្នកដឹកនាំពួកជំនុំដំបូង បានមានប្រសាសន៍ថា លោកសាខេបានក្លាយជាអ្នកដឹកនាំគ្រីស្ទបរិស័ទដែលលេចធ្លោខ្លាំង និងជាគ្រូគង្វាលនៃពួកជំនុំ នៅទីក្រុងសេសារា។ ជាការពិតណាស់ យើងកំពុងតែនិយាយ អំពីលោកសាខេ ដែលជាអ្នកយកពន្ធម្នាក់ ដែលបានឡើងដើមឈើដើម្បីមើលព្រះយេស៊ូវ(លូកា ១៩:១-១០)។ តើមានអ្វីជំរុញចិត្តគាត់ ឲ្យឡើងដើមឈើ នៅថ្ងៃនោះ? គេបានចាត់ទុកពួកអ្នកយកពន្ធជាជនក្បត់ជាតិ ព្រោះពួកគេបានយកពន្ធប្រជាជនខ្លួនឯង ច្រើនហួសហេតុ ដើម្បីបម្រើប្រយោជន៍ចក្រភពរ៉ូម៉ាំង។ តែគេបានឮល្បីថា ព្រះយេស៊ូវបានរាប់រកពួកគេ។ លោកសាខេប្រហែលជាឆ្ងល់ថា ព្រះយេស៊ូវនឹងរាប់រកគាត់ផងដែរឬយ៉ាងណាទេ។ ទោះជាយ៉ាងណាក៏ដោយ គាត់ជាមនុស្សមានកម្ពស់ទាប មិនអាចមើលព្រះយេស៊ូវឃើញ ក្នុងហ្វូងមនុស្សបានទេ(ខ.៣) បានជាគាត់ឡើងដើមឈើ ដើម្បីរកមើលព្រះអង្គ។ ហើយព្រះយេស៊ូវក៏បានស្វែងរកលោកសាខេផងដែរ។ ពេលដែលព្រះគ្រីស្ទបានយាងទៅដល់ដើមឈើ ដែលគាត់បានឡើងនោះ ទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានព្រះបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក(លូកា ១៩:៥)។ ព្រះយេស៊ូវបានចាត់ទុកការស្នាក់នៅ ក្នុងផ្ទះរបស់មនុស្សដែលគេស្អប់ខ្ពើម ជារឿងដ៏ចាំបាច់។ សូមយើងស្រមៃអំពីព្រះអង្គសង្រ្គោះនៃពិភពលោក ដែលសព្វព្រះទ័យនឹងចំណាយពេល ជាមួយមនុស្សដែលសង្គមមិនរាប់រក។ ចិត្ត ទំនាក់ទំនង ឬជីវិតយើងប្រហែលកំពុងតែត្រូវការការជួសជុល ប៉ុន្តែ យើងអាចមានសេចក្តីសង្ឃឹម ដូចលោកសាខេផងដែរ។ ព្រះយេស៊ូវមិនដែលបដិសេធយើង ពេលណាយើងងាកបែរមករកព្រះអង្គ។ ព្រះអង្គអាចស្អាងឡើងវិញ នូវអ្វីដែលបានបាត់បង់ ឬបាក់បែក ហើយផ្តល់ឲ្យជីវិតយើង នូវអត្ថន័យ និងគោលបំណងថ្មី។—Poh Fang Chia
បទគម្ពីរប្រចាំថ្ងៃ
កាលព្រះយេស៊ូវយាងមកដល់ នោះទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានព្រះបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក។ លូកា ១៩:៥