ជម្លោះក្នុងពេលបច្ចុប្បន្ន

ពេល​ដែល​អ្នក​ដាក់​ចំណិត​នំប៉័ង​ចូល​ក្នុង​ឧបករណ៍​ដុត​នំប៉័ង អ្នក​អាច​នឹក​ចាំ​ថា ឧបករណ៍​នេះ​គឺ​ជា​លទ្ធ​ផល នៃ​ជម្លោះ​ដ៏​ជូរចត់​មួយ នៅ​ចុង​សតវត្សរ៍​ទី​១៩។ នៅ​សម័យ​នោះ អ្នក​ច្នៃ​បង្កើត​ពីរ​នាក់ ​គឺ​លោក​ថូម៉ាស អេឌីសិន(Thomas Edison) និង​នីកូឡា ថេស្លា(Nikola Tesla) មាន​ការ​ប្រជែង​គ្នា អំពី​ប្រភេទ​នៃ​ចរន្ត​អគ្គិសនី​សម្រាប់​ការអភិវឌ្ឍន៍ គឺ​ចរន្ត​ជាប់(DC) ដែល​មាន​ដូចជា​ចរន្ត​អគ្គិសនី ចេញ​ពី​ថ្មពិល ចូល​ទៅ​ក្នុង​ពិល​ជាដើម និង​ចរន្ត​ឆ្លាស់(AC) ដែល​ចេញ​ពី​ម៉ាស៊ីន​ភ្លើង។

ទី​បំផុត គំនិត​របស់​លោក​ថែស្លា អំពី​ចរន្ត​ឆ្លាស់ បាន​ទទួល​ជោគ​ជ័យ ហើយ​ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់ ដើម្បី​ផ្គត់​ផ្គង់​អគ្គីសនី ដល់​ផ្ទះ កន្លែង​អាជីវកម្ម និង​សហគមន៍ នៅ​ទូទាំង​ពិភព​លោក។ ចរន្ត​ឆ្លាស់ AC ក៏​មាន​ប្រសិទ្ធ​ភាព​ជាង នៅ​ក្នុង​ការ​បញ្ជូន​ចរន្ត​អគ្គីសនី ទៅ​តំបន់​ឆ្ងាយ​ៗ និង​ជា​ជម្រើស​ដែល​ឆ្លាត​វ័យ​ជាង។

ជួន​កាល យើង​ត្រូវ​ការ​ប្រាជ្ញា ខណៈ​ពេល​ដែល​យើង​ជួប​បញ្ហា​ជម្លោះ​រវាង​អ្នក​ជឿ​(មើល​រ៉ូម ១៤:១-១២)។ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង ឲ្យ​ស្វែង​រក​ជំនួយ​ពី​ព្រះ ដើម្បី​ឲ្យ​យើង​មាន​ការ​យល់​ច្បាស់ ក្នុង​បញ្ហា​ទាំង​នោះ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “បើ​អ្នក​រាល់​គ្នា​មាន​គំនិត​ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ​ទ្រង់​នឹង​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្តី​នេះ​ដែរ”(ភីលីព ៣:១៥)។ ក្នុង​ពីរបី​ខ​បន្ទាប់​មក​ទៀត យើង​ឃើញ​លទ្ធផល​របស់​មនុស្ស​ពីរ​នាក់ ដែល​បែក​បាក់​គ្នា ដោយសារ​ការ​ខ្វែង​គំនិត​គ្នា បាន​ជា​សាវ័ក​ប៉ុល​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ប្រាប់​ពួក​គេ​ថា “ខ្ញុំ​សូម​ទូន្មាន​ដល់​នាង​អ៊ើរ៉ូឌា និង​នាង​ស៊ុនទីច​ដែរ ឲ្យ​មូល​គំនិត​តែ​១​ក្នុង​ព្រះអម្ចាស់”(៤:២)។

ពេល​ណា​ការ​មិន​ចុះ​សម្រុង​គ្នា ចាប់​ផ្តើម​បំបែក​បំបាក់​យើង ចូរ​យើង​ស្វែង​រក​ព្រះ​គុណ និង​ប្រាជ្ញា​មក​ពី​ព្រះ ក្នុង​ព្រះ​គម្ពីរ​ប៊ីប ការ​ប្រឹក្សា​យោបល់​ពី​អ្នក​ជឿ​ដែល​ពេញ​វ័យ​ខាង​វិញ្ញាណ និង​អំណាច​នៃ​ការ​អធិស្ឋាន។ ចូរ​យើង​ព្យាយាម ឲ្យ​មាន​ចិត្ត​គំនិត​តែ​មួយ ក្នុង​ព្រះ​អង្គ​(ខ.២)។—Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles