ព្រះបន្ទូលដែលស្ថិតស្ថេរនៅ

នៅ​ដើម​សតវត្សរ៍​ទី​១៩ លោក​ថូម៉ាស ខារ៉ាយ(Thomas Carlyle) បាន​ប្រគល់​សៀវភៅ​ដែល​គាត់​បាន​និពន្ធ ទៅ​លោក​ចន ស្តួត មីល​(John Stuart Mill) ជា​ទស្សន​វិទូ ដើម្បី​​ធ្វើ​ការ​ពិនិត្យ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សៀវភៅ​នោះ​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង តែ​គេ​មិន​ដឹង​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង ដោយ​ចេតនា​ឬ​យ៉ាង​ណា​ទេ។ តែ​វា​ជា​សៀវភៅ​ដែល​លោក​ខារ៉ាយ​បាន​សរសេរ​ផ្ទាល់​ដៃ ដែល​មាន​តែ​មួយ​ក្បាល​ប៉ុណ្ណោះ។ គាត់​ក៏​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ការ​សរសេរ​ឡើង​វិញ នូវ​ជំពូក​ដែល​ត្រូវ​ភ្លើង​ឆេះ ដោយ​គ្មាន​ការ​រា​ថយ។ អណ្តាត​ភ្លើង​មិន​អាច​បញ្ឈប់​រឿង​ដែល​គាត់​បាន​សរសេរ​នោះ​ឡើយ ព្រោះ​វា​នៅ​ជាប់​ក្នុង​គំនិត​គាត់​ជានិច្ច។ ចេញ​ពី​ការ​បាត់​បង់​ដ៏​ធំ​នេះ លោក​ខារ៉ាយ ក៏​សម្រេច​បាន​នូវ​ស្នាដៃ​និពន្ធ​ដ៏​អស្ចារ្យ ដែល​មាន​ចំណង​ជើង​ថា បដិវត្តន៍​នៃ​ប្រជាជន​បារាំង។​

ក្នុង​គ្រា​ដ៏​អន់​ថយ​នៃ​នគរ​យូដា ដែល​កំពុង​តែ​ដុន​ដាប ព្រះ​ទ្រង់​បាន​ប្រាប់​​ហោរា​យេរេមា​ថា “ចូរ​យក​ក្រាំង​១​មក​កត់​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រាប់​ដល់​ឯង”(យេរេមា ៣៦:២)។ ព្រះ​រាជសារ​ទ្រង់​បាន​បើក​បង្ហាញ ព្រះ​ទ័យ​ដ៏​ទន់​សន្តោស​របស់​ទ្រង់ ដោយ​ត្រាស់​ហៅ​រាស្រ្ត​ទ្រង់ ឲ្យ​ប្រែ​ចិត្ត ដើម្បី​ជៀស​វាង​ការ​ឈ្លាន​ពាន​របស់​ខ្មាំង​សត្រូវ​(ខ.៣)។

លោក​យេរេមា​ក៏​បាន​ធ្វើ​តាម​ការ​បង្គាប់​របស់​ទ្រង់។ ក្រាំង​នោះ​ក៏​បាន​ទៅ​ដល់​ដៃ​ស្តេច​យេហូយ៉ាគីម ហើយ​ក៏​ត្រូវ​ទ្រង់​ហែក​ចោល រួច​បោះ​ចូល​ទៅ​ក្នុង​ភ្លើង​(ខ.២៣-២៥)។ ការ​ដែល​ស្តេច​អង្គ​នេះ​ដុត​ក្រាំង​របស់​ព្រះ​អម្ចាស់ បាន​នាំ​ឲ្យ​បញ្ហា​កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរ។ ព្រះ​ទ្រង់​បាន​ប្រាប់​លោក​យេរេមា ឲ្យ​សរសេរ​ក្រាំង​មួយ​ទៀត ដោយ​កត់​ចុះ​នូវ​ព្រះ​រាជសារ​ដដែល។ ទ្រង់​មាន​បន្ទូល​ថា “វា​នឹង​គ្មាន​អ្នក​ណា​សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ដាវីឌ​ឡើយ ហើយ​សព​វា​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ ឲ្យ​ហាល​ក្តៅ​នៅ​ពេល​ថ្ងៃ និង​សន្សើម​កក​នៅ​ពេល​យប់”(ខ.៣០)។

ការ​ដុត​បំផ្លាញ​សៀវភៅ​ដែល​កត់​ទុក​នូវ​ព្រះ​បន្ទូល​ព្រះ គឺ​ជា​រឿង​ដែល​គេ​អាច​ធ្វើ​ទៅ​រួច តែ​មិន​អាច​ទទួល​លទ្ធ​ផល​ល្អ​ឡើយ។ ព្រះ​បន្ទូល​ព្រះ​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជានិច្ច។​—Tim Gustafson

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles