កាលពីខែកុម្ភៈ ឆ្នាំ២០២០ ខណៈពេលដែល វិបត្តិកូវីត១៩ ទើបតែចាប់ផ្តើមរីករាលដាលខ្លាំង អ្នកសារព័ត៌មានម្នាក់បានបង្ហាញនូវការព្រួយបារម្ភ ដែលបានធ្វើឲ្យខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ នាងឆ្ងល់ថា តើយើងនឹងស្ម័គ្រចិត្តនៅដាច់ពីគេ និងផ្លាស់ប្តូរទម្លាប់នៃការធ្វើការងារ ការធ្វើដំណើរ និងទិញឥវ៉ាន់ ដើម្បីការពារខ្លួនយើង និងអ្នកដទៃ មិនឲ្យឆ្លងកូវីតឬទេ? នាងក៏បានសរសេរក្នុងទំព័រកាសែតទៀតថា “នេះមិនគ្រាន់តែជាការអនុវត្តតាមការណែនាំរបស់ពេទ្យប៉ុណ្ណោះទេ តែក៏ជាការស្ម័គ្រចិត្តធ្វើការលះបង់ផ្ទាល់ខ្លួន ដើម្បីអ្នកដទៃ”។ ភ្លាមៗនោះ ការនិយាយអំពីភាពចាំបាច់នៃគុណធម៌មួយនេះ ក៏បានក្លាយជាប្រធានបទ នៅលើទំព័រមុខ នៃសារពត៌មានទំាងឡាយ។
ការពិចារណាអំពីតម្រូវការរបស់អ្នកដទៃ អាចមានការពិបាក ខណៈពេលដែលយើងមានការថប់បារម្ភ អំពីតម្រូវការរបស់យើង។ តែយើងអរព្រះគុណព្រះអង្គ ដែលមិនគ្រាន់តែបានប្រទានយើងនូវចិត្ត សម្រាប់គិតប្រយោជន៍អ្នកដទៃប៉ុណ្ណោះទេ។ យើងអាចទូលសូមព្រះវិញ្ញាណបរិសុទ្ធ ឲ្យប្រទានយើងនូវក្តីស្រឡាញ់ ដើម្បីជំនួសការមិនអើពើ ក្តីអំណរ ជំនួសឲ្យទុក្ខព្រួយ មេត្រីភាព ជំនួសឲ្យជំលោះ ភាពអត់ធ្មត់ ជំនួសឲ្យភាពឆេវឆាវ ចិត្តសប្បុរស ដើម្បីយកចិត្តទុកដាក់ចំពោះអ្នកដទៃ សេចក្តីល្អ ដើម្បីបំពេញតម្រូវការរបស់ពួកគេ ភាពស្មោះត្រង់ ដើម្បីរក្សាពាក្យសន្យា ចិត្តសុភាព ជាជាងភាពច្រងេងច្រងាង និងការដឹងខ្នាត ដើម្បីលើកយើងឡើង ឲ្យរួចផុតពីភាពអាត្មានិយម(កាឡាទី ៥:២២-២៣)។ យើងមិនមានភាពល្អឥតខ្ចោះ នៅក្នុងការប្រើអំណោយទាននៃព្រះវិញ្ញាណ តែព្រះទ្រង់បានត្រាស់ហៅយើង ឲ្យស្វែងរកអំណោយទាននៃព្រះវិញ្ញាណ ជាទៀងទាត់(អេភេសូរ ៥:១៨)។
លោករីឆាត ហ្វូស្ទ័រ(Richard Foster) ធ្លាប់បានពិពណ៌នាថា សេចក្តីបរិសុទ្ធ គឺជាលទ្ធភាពសម្រាប់ធ្វើអ្វី ដែលចាំបាច់ត្រូវធ្វើ នៅពេលដែលចាំបាច់។ ហើយយើងត្រូវការសេចក្តីបរិសុទ្ធនេះជារៀងរាល់ថ្ងៃ គឺមិនគ្រាន់តែនៅក្នុងពេលដែលមានជំងឺរាតត្បាតប៉ុណ្ណោះទេ។ តើយើងមានលទ្ធភាពធ្វើការលះបង់ ដើម្បីអ្នកដទៃឬទេ? ព្រះវិញ្ញាណបរិសុទ្ធបំពេញយើង ដោយអំណាច ដើម្បីធ្វើអ្វីដែលចាំបាច់ត្រូវធ្វើ។—Sheridan Voysey