ការសិក្សាព្រះគម្ពីរប៊ីបរបស់មនុស្សសាមញ្ញ

ក្នុង​សៀវភៅ​ដែល​លោក​ចេ អាយ ភែកឃ័រ(J. I. Packer ឆ្នាំ១៩២៦-២០២០) បាន​និពន្ធ មាន​ចំណង​ជើង​ថា ការ​ស្គាល់​ព្រះ គាត់​បាន​ពិពណ៌នា​អំពី​អ្នក​ជឿ​ព្រះ​គ្រីស្ទ​ដ៏​ល្បី​ល្បាញ​៤​នាក់។ គាត់​បាន​ហៅ​ពួក​គេ​ថា “សត្វ​ប៊ីវើ សម្រាប់​ព្រះ​គម្ពីរ​ប៊ីប”។ ពួក​គេ​សុទ្ធ​តែ​មិន​បាន​ទទួល​ការ​បណ្តុះបណ្តាល​ឲ្យ​ក្លាយ​ជា​អ្នក​ប្រាជ្ញ​ព្រះ​គម្ពីរ តែ​ពួក​គេ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ នៅ​ក្នុង​ការ​ស្គាល់​ព្រះ ដោយ​កកេរ​ព្រះ​គម្ពីរ​ប៊ីប ដូច​សត្វ​ប៊ីវើ ដែល​កកេរ​ដើម​ឈើ​។ លោក​ភែកឃ័រ ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ការ​ស្គាល់​ព្រះ តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ​ប៊ីប គឺ​មិន​គ្រាន់​តែ​សម្រាប់​អ្នក​ប្រាជ្ញ​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ទេ។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “អ្នក​អាន​ព្រះ​គម្ពីរ និង​អ្នក​ស្តាប់​ការ​អធិប្បាយ​ព្រះ​បន្ទូល ដ៏​សាមញ្ញ​ម្នាក់ ដែល​ពេញ​ដោយ​ព្រះ​វិញ្ញាណ នឹង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​កាន់​តែ​ខ្លាំង​ជា​មួយ​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្លួន បាន​ច្រើន​ជាង​អ្នក​ប្រាជ្ញ​ដែល​រៀន​ព្រះ​គម្ពីរ​ជ្រៅ​ជ្រះ​ជាង ដែល​គិត​ថា​ខ្លួន​មាន​ភាព​គ្រប់​គ្រាន់ នៅ​ក្នុង​ការ​មាន​ចំណេះ​ដឹង​ត្រឹម​ត្រូវ ក្នុង​ផ្នែក​ទេវសាស្រ្ត”។​

គួរ​ឲ្យ​ស្តាយ​ណាស់ មិន​មែន​អ្នក​សិក្សា​ព្រះ​គម្ពីរ​ទាំង​អស់ សុទ្ធ​តែ​បាន​ធ្វើ​ដូច​នេះ ដោយ​ការ​បន្ទាប​ខ្លួន ដោយ​មាន​គោល​ដៅ ចង់​ស្គាល់​ព្រះអង្គ​សង្រ្គោះ​កាន់​តែ​ច្បាស់ និង​ផ្លាស់​ប្រែ​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ​​នោះ​ទេ។ នៅ​សម័យ​ព្រះ​យេស៊ូវ មាន​អ្នក​ដែល​បាន​អាន​ព្រះគម្ពីរ​សញ្ញា​ចាស់ តែ​មិន​បាន​ដឹង​ថា បទ​គម្ពីរ​ដែល​ពួក​គេ​លើក​យក​មក​និយាយ​នោះ និយាយ​អំពី​អ្វី​ពិត​ប្រាកដ​ទេ។ ហេតុនេះ​ហើយ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល ទៅ​កាន់​ពួក​គេ​ថា “អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​មក​ឯ​ខ្ញុំ ឲ្យ​បាន​ជីវិត​ទេ”(យ៉ូហាន ៥:៣៩-៤០)។

ពេលខ្លះ តើ​អ្នក​មាន​ការ​យល់​ច្រឡំ​ឬ​ទេ ពេល​ដែល​អ្នក​អាន​ព្រះ​គម្ពីរ​ប៊ីប? ពុំ​នោះ​ទេ តើ​អ្នក​បាន​លះ​បង់​ការ​សិក្សា​ព្រះ​គម្ពីរ​ប៊ីប​ឬ? សត្វ​ប៊ីវើ​នៃ​ព្រះ​គម្ពីរ ដែល​លោក​ភែកឃ័រ​បាន​លើក​មក​និយាយ គឺ​លើស​ពី​អ្នក​អាន​ព្រះ​គម្ពីរ។ ពួក​គេ​បាន​កកេរ​ព្រះ​គម្ពីរ ដោយ​ការ​អធិស្ឋាន និង​ប្រុង​ប្រយ័ត្ន តាម​របៀប​ដែល​បើក​ភ្នែក និង​ចិត្ត​ពួក​គេ ឲ្យ​មើល​ឃើញ និង​ស្រឡាញ់​ព្រះ​យេស៊ូវ ដែល​បាន​បើក​សម្តែង​ឲ្យ​ពួក​គេ​យល់​បទ​គម្ពីរ។​—Arthur Jackson

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles