ការរីករាលដាលនៃជំងឺកូវីត បានបណ្តាលឲ្យសាលានៅទូទាំងពិភពលោក ផ្អាកការបង្រៀនផ្ទាល់ក្នុងថ្នាក់រៀន។ នៅប្រទេសចិន គ្រូបង្រៀនបានឆ្លើយតបចំពោះបញ្ហានេះ ដោយប្រើកម្មវិធី DingTalk ជា app ជួយឲ្យសិស្សរៀនតាមអនឡាញ។ បន្ទាប់មក សិស្សទាំងឡាយរកឃើញថា បើ app DingTalk បានផ្កាយតិច នោះគេអាចលប់វាចេញពី App Store។ ដូចនេះ ក្នុងរយៈពេលដ៏ខ្លី app មួយនេះក៏បានទទួលផ្កាយ១ ដែលជាផ្កាយទៀបបំផុត ពីអ្នកប្រើប្រាស់រាប់ពាន់នាក់ ធ្វើឲ្យពិន្ទុវាធ្លាក់ចុះយ៉ាងខ្លាំង។
ព្រះយេស៊ូវមិនមានការភ្ញាក់ផ្អើល ចំពោះសិស្សដែលគ្មានការទទួលខុសត្រូវនោះទេ តែព្រះអង្គអាចកត់សម្គាល់ភាពឆ្លាតវ័យរបស់ពួកគេ។ ព្រះអង្គបានមានបន្ទូល អំពីរឿងប្រៀបប្រដូចមួយ ដែលនិយាយអំពីអ្នកត្រួតត្រាដែលចៅហ្វាយបានបណ្តេញចេញ។ នៅថ្ងៃចុងក្រោយ អ្នកនោះក៏បានកែបញ្ជីជំពាក់ប្រាក់នៃកូនបំណុល របស់ចៅហ្វាយគាត់។ ព្រះយេស៊ូវមិនបានកោតសរសើរភាពឆ្លាតវ័យរបស់អ្នកត្រួតត្រានោះទេ។ ផ្ទុយទៅវិញ ព្រះអង្គបានលើកទឹកចិត្តអ្នកដើរតាមព្រះអង្គ ឲ្យមានភាពឆ្លាតវ័យ ដែលនាំឲ្យមានទីលំនៅដ៏អស់កល្បវិញ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ខ្ញុំក៏ប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្រសំឡាញ់ដល់ខ្លួន ដើម្បីកាលណាអ្នករាល់គ្នាខាននៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ”(លូកា ១៦:៩)។
នៅក្នុងរឿងលុយ មនុស្សភាគច្រើន គិតអំពីទំហំនៃ ការខាតបង់ ដែលអាចកើតមាន។ មនុស្សមានប្រាជ្ញា ស្វែងរកអ្វីដែលពួកគេអាចប្រើប្រាស់ ។ ព្រះយេស៊ូវមានបន្ទូលថា ការចែករំលែកដល់អ្នកដទៃ “នាំឲ្យអ្នករកបានមិត្តសំឡាញ់” ដែលផ្តល់ឲ្យនូវសុវត្ថិភាព និងឥទ្ធិពល។ តើនរណាជាអ្នកដឹកនាំ នៅក្នុងក្រុមនីមួយៗ? គឺអ្នកដែលលះបង់។ ការលះបង់ខាងវិញ្ញាណ ដែលនាំឲ្យមាន “ទីលំនៅដ៏អស់កល្ប” គឺបង្ហាញថា យើងទុកចិត្តព្រះយេស៊ូវ ដោយហ៊ានលះបង់អ្វីៗគ្រប់យ៉ាងនៅផែនដី។
ទោះយើងមានប្រាក់កាសឬអត់ យើងនៅមានពេលវេលា ជំនាញ ឬត្រចៀកសម្រាប់ស្តាប់។ ចូរយើងទូលសូម ដល់ព្រះ ឲ្យបង្ហាញយើង នូវរបៀបបម្រើអ្នកដទៃ ថ្វាយព្រះយេស៊ូវ ដោយភាពប៉ិនប្រសប់។—Mike Wittmer