បងធំ ឈ្មោះខាស៊ី(Casey) និងក្រុមជើងកាងរបស់ខ្លួន បានគាស់ផ្ទះ ឡាន និងប្លន់ហាងលក់ទំនិញ ហើយក៏បានកាប់ចាក់គ្នាជាមួយក្រុងជើងកាងផ្សេងទៀត។ ទីបំផុត លោកខាស៊ីត្រូវប៉ូលីសចាប់ខ្លួន ហើយត្រូវគេកាត់ទោសឲ្យជាប់ពន្ធនាគារ។ នៅក្នុងគុក គាត់ក៏បានក្លាយជាអ្នកចែកចាយអាវុធ ដែលផលិតដោយខ្លួនឯង ឲ្យអ្នកទោសផ្សេងទៀតប្រើ ក្នុងពេលដែលគុកមានចលាចល។
ក្រោយមក គេក៏បានយកគាត់ទៅឃុំខ្លួនដាច់ដោយឡែក ពីអ្នកផ្សេង។ នៅក្នុងគុក គាត់បានយល់សប្តិពេលថ្ងៃ ឃើញទិដ្ឋភាពដូចខ្សែភាពយន្តមួយប្រភេទ ដែលបង្ហាញព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិតគាត់ និងឃើញគេបណ្តើរព្រះយេស៊ូវ ហើយយកដែកគោលដំព្រះហស្ត និងព្រះបាទទ្រង់ជាប់នឹងឈើឆ្កាង រួចព្រះអង្គមានបន្ទូលប្រាប់គាត់ថា “ខ្ញុំកំពុងតែលះបង់ជីវិតនៅលើឈើឆ្កាងនេះ ដើម្បីអ្នក”។ លោកខាស៊ីក៏បានក្រាបនៅលើកម្រាលឥដ្ឋ ហើយទួញយំ រួចសារភាពអំពើបាបរបស់គាត់។ ក្រោយមក គាត់បានចែកចាយបទពិសោធន៍នេះ ដល់គ្រូបង្រៀនព្រះគម្ពីរម្នាក់ ដែលបានពន្យល់ដល់គាត់ជាបន្ថែមទៀត អំពីព្រះយេស៊ូវ ហើយក៏បានឲ្យព្រះគម្ពីរប៊ីបគាត់មួយក្បាល។ លោកខាស៊ីនិយាយថា ពេលនោះជាពេលដែលគាត់ចាប់ផ្តើមការធ្វើដំណើរនៃសេចក្តីជំនឿ។ ទីបំផុត គេក៏បានផ្លាស់គាត់ទៅកន្លែងជាប់ឃុំជាមួយអ្នកដទៃវិញ ដែលនៅទីនោះ គាត់ត្រូវគេធ្វើបាប ដោយសារជំនឿរបស់គាត់។ តែគាត់មានសន្តិភាពក្នុងចិត្ត ព្រោះគាត់បានរកឃើញការត្រាស់ហៅថ្មីមួយ “គឺទៅនាំអ្នកជាប់ឃុំដទៃទៀត ឲ្យស្គាល់ព្រះយេស៊ូវ”។
ក្នុងសំបុត្រ ដែលសាវ័កប៉ុលបានសរសេរផ្ញើទៅលោកធីម៉ូថេ គាត់បាននិយាយអំពីអំណាចរបស់ព្រះគ្រីស្ទ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ដោយទ្រង់បានត្រាស់ហៅយើង ឲ្យចេញពីការរស់នៅ ក្នុងអំពើបាប ឲ្យដើរតាម និងបម្រើព្រះយេស៊ូវ (២ធីម៉ូថេ ១:៩)។ ពេលណាយើងទទួលជឿព្រះអង្គហើយ យើងមានចិត្តចង់រស់នៅ ជាស្មរបន្ទាល់នៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ ព្រះវិញ្ញាណបរិសុទ្ធជួយឲ្យយើងអាចធ្វើបន្ទាល់ ជាពិសេសនៅពេលដែលយើងរងទុក្ខ ក្នុងការខិតខំផ្សាយដំណឹងល្អ(ខ.៨)។ ចូរយើងរស់នៅ តាមការត្រាស់ហៅថ្មីនេះ។—Alyson Kieda