គោះកណ្ដឹងដើម្បីអបអរ

ចូរ​ស្រែក​ហ៊ោ​ថ្វាយ​ព្រះ ដោយ​សំឡេង​ជា​ជ័យជំនះ។ ទំនុកដំកើង ៤៧:១

បន្ទាប់​ពី​ដាឡា(Darla) បាន​ទទួល​ការ​ព្យាបាល​ដោយ​វិទ្យុសកម្ម បាន​៣០​លើក ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ពេទ្យ​ក៏​បាន​ប្រកាស​ថា នាង​មិន​មាន​ជំងឺ​មហារីក​ទៀត​ទេ។ តាម​ប្រពៃណី​របស់​មន្ទីរ​ពេទ្យ​នេះ នាង​មាន​ចិត្ត​អន្ទះសា​​ចង់​ទាញ​ខ្សែ​គោះ​កណ្ដឹង ដើម្បី​បន្លឺ​សម្លេង ជា​សញ្ញា​បង្ហាញ​ថា បាន​រួច​ផុត​ពី​ជំងឺ​មហារីក ហើយ​អបអរ​សាទរ​សុខភាព​ដែល​បាន​ជា​ជ្រះ​ស្អាត។ ដាឡា​មាន​ចិត្ត​ក្លៀវក្លា​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​អបអរ ដោយ​ទាញ​ខ្សែ​គោះ​កណ្ដឹង​មួយ​ទំហឹង​ដៃ បណ្តាល​ឲ្យ​ខ្សែ​ដាច់​ចេញ​ពី​កណ្ដឹង! ធ្វើ​ឲ្យ​គេ​ផ្ទុះ​សំណើច​គ្រប់​គ្នា នៅ​មន្ទីរ​ពេទ្យ។​

រឿង​របស់​ដាឡា​បាន​នាំ​មក​នូវ​ភាព​ញញឹម នៅ​លើ​ផ្ទៃ​មុខ​ខ្ញុំ ហើយ​ក៏​បាន​ជួយ​ឲ្យ​ខ្ញុំ​យល់​កាន់​តែ​ច្បាស់ អំពី​ទិដ្ឋភាព​ដែល​អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ពិពណ៌នា ពេល​ដែល​គាត់​អញ្ជើញ​ពួក​អ៊ីស្រាអែល ឲ្យ​អប​អរ​កិច្ចការ​ដែល​ព្រះ​អម្ចាស់ បាន​ធ្វើ​ក្នុង​ជីវិត​ពួក​គេ។ អ្នក​និពន្ធ​រូប​នោះ បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ “ទះដៃ” “ស្រែក​ហ៊ោ​ថ្វាយ​ព្រះ” ហើយ “ច្រៀង​សរសើរ​ព្រះ​អង្គ” ដ្បិត​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ខ្ចាត់​ខ្ចាយ ហើយ​ក៏​បាន​ជ្រើស​តាំង​ពួក​អ៊ីស្រាអែល ធ្វើ​ជា​រាស្រ្ត​ជា​ទីស្រឡាញ់​របស់​ព្រះ​អង្គ​(ទំនុក​ដំកើង ៤៧:១,៦)។​

ព្រះ​ទ្រង់​មិន​តែង​តែ​ប្រទាន​យើង នូវ​ជ័យ​ជម្នះ​មក​លើ​ទុក្ខ​លំបាក​ក្នុង​ជីវិត​នេះ​ឡើយ ទោះ​វា​ជា​បញ្ហា​សុខភាព ឬ​បញ្ហា​ហិរញ្ញ​វត្ថុ ឬ​ក៏​បញ្ហា​ទំនាក់​ទំនង​ក្តី។​ ព្រះ​អង្គ​សក្តិសម​នឹង​ទទួល​ការ​ថ្វាយ​បង្គំ និង​សរសើរ ក្នុង​កាលៈទេសៈ​ទាំង​នោះ ព្រោះ​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​នៅ​តែ​គង់​​លើ​បល្ល័ង្ក​ដ៏​បរិសុទ្ធ​របស់​ព្រះ​អង្គ​(ខ.៨)។ យើង​មាន​ហេតុ​ផល​ដែល​ត្រូវ​អបអរ ពេល​ណា​ព្រះ​អង្គ​ពិត​ជា​នាំ​យើង ទៅ​កន្លែង​ប្រោស​ឲ្យ​ជា យ៉ាង​ហោច​ណាស់ តាម​របៀប​ដែល​យើង​អាច​យល់ ក្នុង​ជីវិត​នៅ​ផែន​ដី​នេះ។​ យើង​ប្រហែល​មិន​មាន​កណ្ដឹង​សម្រាប់​គោះ​ទេ តែ​យើង​អាច​អបអរ​ដោយ​អំណរ ចំពោះ​សេចក្តី​ល្អ ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង។—Kirsten Holmberg

តើ​អ្នក​បង្ហាញ​ការ​ដឹង​គុណ​ដល់​ព្រះ ដោយ​របៀប​ណា? តើ​មាន​ការ​ល្អ​អ្វី ដែល​ព្រះ​អង្គ​បាន​ធ្វើ ក្នុង​ជីវិត​អ្នក​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដែល​សក្តិ​សម​នឹង​ឲ្យ​អ្នក​អប​អរ?

ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​អំណោយ​ជា​ច្រើន ដែល​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ។ ទូល​បង្គំ​សូម​បន្លឺ​សម្លេង​សរសើរ​ដំកើង ដល់​ព្រះ​អង្គ ហើយ​ទះ​ដៃ ដើម្បី​អប​អរ​កិច្ចការ​ដែល​ព្រះ​អង្គ​ធ្វើ​ក្នុង​ជីវិត​ទូល​បង្គំ។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ២៤-២៦ និង ទីតុស ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles